អានតួអត្ថបទ
អៀរឡង់ខាងជើង-កុបកម្ម

ថ្នាក់​ដឹក​នាំ​អៀរ​ឡង់​ខាង​ជើង​ថ្កោល​ទោស​ចំពោះ​អំពើ​ហិង្សា​កើត​ឡើង​នៅ​ក្រុង Belfast

មេ​ដឹក​នាំ​អៀរឡង់​ខាងជើង​បាន​រួមគ្នា​ថ្កោល​ទោស​ចំពោះ​កុបកម្ម​ដ៏​ហិង្សា​ដែលបាន​កើត​ឡើង​ក្នុង​ទីក្រុង​ប៊ែលហ្វាស​ (Belfast) កាលពី​យប់ថ្ងៃពុធ​ ទី៧​ មេសា​។ ក្នុង​អំឡុង​ពេល​កើត​មាន​អំពើហិង្សា​ជាច្រើនម៉ោង​ គេ​ឃើញ​មន្រ្តីប៉ូលិស​រងការ​វាយប្រហារ​ ហើយ​ហ្វូង​មនុស្ស​ជាច្រើន​បាន​នាំគ្នា​គប់គ្រាប់បែកសាំង​នៅតាមដងផ្លូវ​ ហើយ​មាន​ឡាន​ក្រុង​មួយគ្រឿង​បាន​ត្រូវ​ភ្លើង​ឆាបឆេះ​។ តែ​ជា​សំណាងល្អ​ មិនមាន​នរណាម្នាក់​រងគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ ឬ​បាត់​បង់​ជីវិត​ដោយសារ​ហេតុការណ៍​នេះឡើយ​។

រថយន្ដក្រុងមួយគ្រឿងត្រូវបានលួចយកទៅទុកចោលនៅតាមដងផ្លូវក្នុងក្រុងប៊ែលហ្វាស (Belfast) មុននឹងត្រូវភ្លើងឆាបឆេះកាលពីថ្ងៃទី៧ មេសា ឆ្នាំ២០២១។
រថយន្ដក្រុងមួយគ្រឿងត្រូវបានលួចយកទៅទុកចោលនៅតាមដងផ្លូវក្នុងក្រុងប៊ែលហ្វាស (Belfast) មុននឹងត្រូវភ្លើងឆាបឆេះកាលពីថ្ងៃទី៧ មេសា ឆ្នាំ២០២១។ REUTERS - JASON CAIRNDUFF
ផ្សាយពាណិជ្ជកម្ម

អំពើហិង្សា​បាន​ចាប់ផ្ទុះឡើងនៅ​អៀរឡង់ខាងជើង​ជារៀង​រាល់យប់​អស់​រយៈពេល​ជាង​មួយ​សប្តាហ៍​​មកហើយ​។ ប៉ុន្តែ​កុបកម្ម​ដែល​កើតឡើង​នៅក្នុង​ទីក្រុង Belfast កាលពី​យប់ថ្ងៃពុធ​មានលក្ខណៈធ្ងន់ធ្ងរខ្លាំង​ និង​មិន​ដែល​ត្រូវ​បានគេ​ឃើញ​រាប់​ឆ្នាំមក​ហើយនៅ​ខេត្ត​របស់​អង់គ្លេស​មួយនេះ​។

នៅភាគ​ខាងលិចក្រុង​ Belfast​ កាលពីយប់ថ្ងៃពុធ​ មាន​មន្ត្រីប៉ូលិសចំនួន​ ៨នាក់​បាន​រង​របួស​នៅអំឡុង​ពេល​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ក្រុម​អ្នក​ជាតិនិយម​ជាមួយ​នឹង​ក្រុម​ម្ខាង​ទៀត​ដែលជាអ្នកស្មោះស្ម័គ្រនឹង​អង់គ្លេស​។

ថ្នាក់ដឹកនាំអៀរឡង់ខាងជើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា​ដ៏អាក្រក់​នៅ​តាមដងផ្លូវ​នេះ​។ ក្រោយការ​ជួបប្រជុំគ្នា​ជាបន្ទាន់មួយ​នៅថ្ងៃ​ព្រហស្បតិ៍​ ថ្នាក់​ដឹកនាំ​អៀរ​ឡង់​ខាងជើង​បាន​ថ្កោលទោស​ចំពោះ​កុបកម្មដ៏ហិង្សា​ និងថា​ការ​វាយប្រហារ​ទៅលើ​មន្ត្រី​ប៉ូលិស​ សេវាកម្មសាធារណៈ​ និង​សហគមន៍​របស់​ប្រជាជន​ គឺមិន​អាច​ទទួលយកបាន​ជា​ដាច់ខាត​ ហើយ​ពួកកុបករ​ត្រូវតែបញ្ឈប់​សកម្មភាពទាំងនោះ​ភ្លាម​។

ដូចគ្នានេះដែរ​ លោក​នាយករដ្ឋ​មន្ត្រី​អង់គ្លេស​ បូរីស​ចនសុន​ បាន​សម្តែង​នូវក្តី​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​អំពើហិង្សា​នៅអៀរឡង់ខាងជើង​។ លោកចនសុន​បានមានប្រសាសន៍​ថា​វិធី​ដោះស្រាយ​បញ្ហា​ការខ្វែងគំនិតគ្នា​គឺការសន្ទនា​មិនមែន​ជា​អំពើហិង្សា​នោះទេ​។

គួរជ្រាបថា​ មន្រ្តី​ប៉ូលិស​សរុប​ជាង​ ៥០ នាក់​បានរងរបួស​ដោយ​សារអំពើហិង្សា​ដែល​កើត​ឡើង​ក្នុងតំបន់ជាច្រើន​នៃអៀរឡង់ខាងជើង​ចាប់តាំងពី​ចុងខែមីនាមក​។ ក្នុង​ប៉ុន្មាន​ថ្ងៃថ្មី​ៗ​នេះ​មានមនុស្ស​ ១០នាក់ ដែលខ្លះ​មាន​អាយុ​ ១៣ ឆ្នាំផង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ពួកគេ​បាន​ចូលរួម​ក្នុងកុបកម្ម​ហិង្សា​រៀបចំ​ឡើងដោយ​ពួក​ក្រុមក្មេងទំនើង​។

ក្រុមអ្នកឃ្លាំមើលសង្គម​បាន​លើកឡើងថា​ អំពើហិង្សា​ដែល​បាន​កើតឡើងនៅ​អៀរឡង់​ខាង​ជើងនេះ គឺជាភស្តុតាង​មួយ​បញ្ជាក់ពី​ភាពច្របូកច្របល់​កើតចេញ​ពីការ​ចាកចេញ​របស់​អង់គ្លេសពី​សហភាពអឺរ៉ុប​។

យ៉ាងណាក៏ដោយ​ Brexit​ មិនមែនជាកត្តាតែមួយ​មុខ​ដែល​ជំរុញឲ្យ​អំពើហិង្សា​កើតមាន​ឡើង​​នៅអៀរឡង់ខាងជើងនោះទេ​។ អ្នកជំនាញ​បានលើកឡើងថា​ បញ្ហាផ្ទៃក្នុង​ជាច្រើន​រវាង​ក្រុមអ្នក​ជាតិនិយមអៀរឡង់​ និង​អ្នកស្មោះស្ម័គ្រនឹង​រាជានិយមអង់គ្លេស​ក៏ជា​កត្តា​ដ៏សំខាន់​នៅពីក្រោយ​កុបកម្ម​ដ៏ហិង្សាថ្មីៗនេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ