លោកស៊ី ជីនពីងប្រាប់កុំឲ្យគេយករឿងអ៊ុយក្រែន មកសំអុយឈ្មោះចិន
បន្ទាប់ពីទទួលយ៉ាងអធិកអធម ប្រធានាធិបតីចិន លោកស៊ី ជីនពីង នៅវិមានអេលីហ្សេ ប្រធានាធិបតីបារាំងលោកម៉ាក្រុងនៅថ្ងៃអង្គារនេះ អញ្ជើញលោកស៊ីជីនពីង ទៅធ្វើដំណើរកំសាន្តនៅលើកំពូលភ្នំ ពីរ៉េណេ ភាគខាងត្បូងប្រទេសបារាំងវិញម្តង។ បើតាមវិមានប្រធានាធិបតីបារាំង ដោយអញ្ជើញប្រមុខរដ្ឋចិនទៅដើរលេងនៅលើភ្នំបារាំង ដែលធ្លាប់ជាកន្លែងអនុស្សាវរីយ៍របស់លោកតាំងពីតូច មេដឹកនាំបារាំង លោកម៉ាក្រុងចង់បង្ហាញពីភាពស្និទ្ធស្នាល លុបចោលរបាំងពិធីការដែលអមជាប់ជានិច្ចមេដឹកនាំចិន។ ជាមួយបរិយាសភ្នំទឹកកក ព្រៃព្រឹក្សាពណ៌បៃតង ប្រមុខរដ្ឋបារាំងសង្ឃឹមអាចនិយាយត្រង់ ទៅត្រង់មកជាមួយប្រធានាធិបតីចិន គ្រប់សំណុំរឿង តាំងពីការដោះដូរពាណិជ្ជកម្ម រហូតដល់សង្រ្គាមនៅអ៊ុយក្រែន។ បារាំងនៅតែចង់ឲ្យចិនដាក់សម្ពាធ និយាយបញ្ចុះបញ្ចូលរុស្ស៊ីដែលកំពុងធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែ នៅក្នុងសន្និសីទកាសែតរួមកាលពី ចន្ទទី ៦ឧសភា លោកស៊ី ជីនពីងបាននិយាយប្រាប់ឲ្យគេឈប់យករឿងអ៊ុយក្រែន មកសំអុយឈ្មោះចិន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៥២
នៅចំពោះមុខការរិះគន់ និងក្តីបារម្ភរបស់លោកខាងលិចជាពិសេសអាមេរិក ដែលថា ចិនបានលួចបញ្ជូនអាវុធទៅឲ្យរុស្ស៊ីធ្វើសង្រ្គាមនៅអ៊ុយក្រែន ប្រធានាធិបតីចិន លោកស៊ី ជីនពីងបាននិយាយជាលើកទី១ ប្រាប់កុំឲ្យគេយករឿងអ៊ុយក្រែនទៅបង្ខូចឈ្មោះចិន។
នៅក្នុងសន្និសីទកាសែត ដែលមិនយកសំណួររបស់អ្នកកាសែត នៅវិមានប្រធានាធិបតីបារាំង កាលពីល្ងាចថ្ងៃចន្ទទី ៦ឧសភា លោកប្រធានាធិបតីចិន លោកស៊ី ជីនពីងបានបញ្ជាក់ថា ចិនប្រឆាំងដាច់ខាតនឹងការប្រើប្រាស់វិបត្តិអ៊ុយក្រែន ដើម្បីនិយាយទម្លាក់កំហុស បង្ខូចកេរ្តិ៍ឈ្មោះប្រទេសទី៣ និងបង្កឲ្យចេញជាសង្រ្គាមត្រជាក់សាជាថ្មី។
បើតាមលោកស៊ី ជីនពីង ចិនមិនមែនជាប្រភពនៃវិបត្តិសង្រ្គាមអ៊ុយក្រែន ហើយក៏មិនកាន់ជើងខាងភាគីណាទាំងអស់។ តាំងពីដើមរៀងមក ចិនដើរតួនាទីវិជ្ជមានដើម្បីស្វែងរកសន្តិភាព។ នៅត្រង់ចំណុចនេះ ប្រមុខរដ្ឋចិនបានអះអាងពីយុទ្ធនាការទូតដើម្បីស្វែងរកកុងសង់ស៊ុស ចំណុចរួមដោះស្រាយវិបត្តិ តាមរយៈការបញ្ជូនប្រេសិតរបស់ចិន ទៅប្រទេសរុស្ស៊ី អ៊ុយក្រែន និងមកទឹកដីអឺរ៉ុប។
ចាប់តាំងពីផ្ទុះសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន ចិនបានចាប់ពង្រឹងចំណងការទូត ពាណិជ្ជកម្ម និងសន្តិសុខជាមួយរុស្ស៊ី និងបានទាមទារឲ្យប្រទេសលោកខាងលិច ចាត់ទុករុស្ស៊ីជាភាគីសំខាន់មួយក្នុងចរចាដើម្បីសន្តិភាព នៅអ៊ុយក្រែន។
“ដូចប្រវត្តិសាស្រ្តបានបង្ហាញជារឿយៗ គ្រប់ជម្លោះទាំងអស់ អាចបិទបញ្ចប់បានដោយការចរចា” នេះជាប្រសាសន៍របស់ប្រធានាធិបតីចិន មុននឹងអំពាវនាវសាជាថ្មីឲ្យរុស្ស៊ី និងអ៊ុយក្រែន ចាប់និយាយ បើកការចរចាជាមួយគ្នាឡើងវិញ។ ការចរចារវាង អ៊ុយក្រែន និងរុស្ស៊ី បានស្លាប់ជាង១ឆ្នាំមកហើយ ដោយសារភាគីនិយាយមិនចុះសម្រុងគ្នាទាក់ទងនឹងទឹកដីដែលរុស្ស៊ីវាយដណ្តើមកាន់កាប់ រហូតប្រធានាធិបតីអ៊ុយក្រែន កាលពីឆ្នាំមុនបានចេញក្រឹត្យបិទផ្លូវ មិនចរចាជាមួយរុស្ស៊ី។
ចំពោះប្រទេសលោកខាងលិច ចិនមានឥទ្ធិពល ទឹកមាត់ប្រៃដើម្បីនិយាយបញ្ចុះបញ្ចូលឲ្យរុស្ស៊ីឈប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ បារាំងផ្ទាល់ធ្លាប់បានទាមទារសុំឲ្យមហាអំណាចចិន ដែលជាអតិថិជនទិញប្រេងពីរុស្ស៊ី ដាក់សម្ពាធលើម៉ូស្គូ ប៉ុន្តែ ចិនបានបញ្ជាក់ជាញយដងថា ខ្លួនដើរតួអព្យាក្រឹត និងអំពាវនាវឲ្យគេស្វែងរកដំណោះស្រាយនយោបាយដើម្បីបិទបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ អស់ពីអំពាវនាវដែលប៉េកាំងលែងស្តាប់ចូលត្រចៀក អាមេរិកឯណោះវិញដែលបានចោទចិនថា បានលួចផ្តល់អាវុធទៅឲ្យរុស្ស៊ីធ្វើសង្រ្គាមនៅអ៊ុយក្រែន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតលើក្រុមហ៊ុនចិនមួយចំនួន ដែលពាក់ព័ន្ធនឹងការលក់សព្វាវុធទៅឲ្យរុស្ស៊ី។ ទោះចិនបដិសេធការចោទប្រកាន់របស់ក្រសួងសេដ្ឋកិច្ចអាមេរិក ប៉ុន្តែ ភាគីអាមេរិកនៅតែបញ្ជាក់ថា ក្រុមហ៊ុនចិនជាប់ទណ្ឌកម្មរបស់អាមេរិក ព្រោះពួកគេបានបញ្ជូនគ្រឿងបង្គុំ ដែលអនុញ្ញាតឲ្យរុស្ស៊ីអាចផលិតអាវុធ មីស៊ីល ធ្វើសង្រ្គាមវាយប្រហារអ៊ុយក្រែន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ