អានតួអត្ថបទ
អង់គ្លេស-ឈូង​សមុទ្ទពែក្ស

អង់គ្លេស​បើកចរចា​រក​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្មសេរី ជាមួយ​ក្រុម៦ប្រទេស​នៅ​​​ឈូង​សមុទ្ទពែក្ស

តាំង​ពី​ផ្តាច់​ខ្លួន​ចេញ​ពី​សហភាពអឺរ៉ុប អង់គ្លេស​បាន​និង​កំពុង​ប្រឹង​ពង្រឹងពង្រីក​ទំនាក់ទំនង​ជាមួយ​ពាណិជ្ជកម្ម​​ជា​មួយ​បណ្តា​ប្រទេស​ផ្សេង​នៅ​ក្រៅ​អឺរ៉ុប។ នៅ​ថ្ងៃសៅរ៍​ទី ៩​ តុលា​២០២១នេះ ឡុងដ៍​បាន​ចាប់​ផ្តើម​បើក​កិច្ចចរចា​ ជា​ផ្លូវការ​ ជាមួយ​ក្រុមប្រទេស​នៅ​តំបន់​ឈូង​សមុទ្ទពែក្ស​ចំនួន​៦​ប្រទេស។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ប្រទស​បារ៉ែន ដែល​កំពុង​ធ្វើ​ជា​​ប្រធានក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្ទ​ពែក្ស (CCG)។

លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មអន្តរជាតិ Anne-Marie Trevelyan
លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មអន្តរជាតិ Anne-Marie Trevelyan AP - Jon Super
ផ្សាយពាណិជ្ជកម្ម

អង់គ្លេស​មាន​ចំណង​ទំនាក់ទំនង​សេដ្ឋកិច្ចនិង​នយោបាយ​ ស្អិត​ល្មួត​ហើយ​ជាមួយ​បណ្តារដ្ឋ​​ជាសមាជិក​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្ទ​ពែក្ស ៖ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា បារ៉ែន កូវ៉ែត និង​អូម៉ង់។ ដូច្នេះ​ច្បាស់​ណាស់​​ដែល​ថា​ក្រុមប្រទេស​ទាំង​៦​ នឹង​បើក​ទំព័រ​ថ្មី​រួម​គ្នា​ ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការ ​ដែល​មាន​តាំងពី​យូរអង្វែង​មក​ហើយ ឱ្យ​កាន់​តែ​រឹង​មាំ​ ក្នុង​វិស័យ​ពាណិជ្ជកម្មនិង​វិនិយោគ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ប្រកប​ដោយ​អំណរ​និង​ភាព​រីក​រាយ របស់​លោក​​រដ្ឋមន្ត្រី​ក្រសួ​ងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​បារ៉ែន ប្រកាស​បើក​កិច្ចចរចា​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី រវាង​ក្រុមប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្ទ និង​អង់គ្លេស។

ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​អង់គ្លេស​និង​ក្រុមប្រទេស​CCG មាន​ទំហំ​ដល់​ទៅ ៣៥​ពាន់​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០២០។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​រដ្ឋាភិបាល​ក្រុង​ឡុងដ៍ ដែល​រំពឹង​ថា កិច្ចព្រមព្រៀង​ផ្តោះប្តូរពាណិជ្ជកម្ម​​សេរី នឹង​រុញច្រាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឱ្យ​មានសន្ទុះកាន់​លឿន​និង​ខ្លាំង​ជាងមុន​ច្រើន។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​អង់គ្លេស លោកស្រី Anne-Marie Trevelyan​បាន​អបអរ​សាទរ​ការចាប់​ផ្តើម​ចរចានេះ ដោយ​ចាត់​ទុក​ថា នេះ​ជា​ឱកាស​បើក​ទូលាយ​ទីផ្សារ​ឆ្ពោះ​ទៅ​រកកំណើន​សេដ្ឋកិច្ចផង និង​បានរឹត​ចំណង​ជាមួយ​តំបន់​ឈូង​សមុទ្ទដែលតំបន់​យុទ្ធសាស្ត្រ ​​មិន​អាច​ខ្វះ​បាន​សម្រាប់​ផលប្រយោជន៍​អង់គ្លេស។

កិច្ចព្រមព្រៀង​ផ្តោះប្តូរសេរី ជា​កិច្ចព្រមព្រៀង​ទំនើប និង​ពេញ​លេញ លុប​បំបាត់​អស់​ទាំង​ស្រុងនូវ​​រនាំង​​ពាណិជ្ជកម្មក្នុង​​ទីផ្សារ​ភេសជ្ជៈ ចំណីអាហារ និង​ក្នុង​វិស័យ​ផ្សេងទៀត ដូចជា​ ពាណិជ្ជកម្មឌីជីថល ឬ​ ថាមពល​មិន​ចេះ​រីងស្ងួត។ នេះ​បើ​តាមការ​លម្អិត​ក្នុង​សេចក្តី​ថ្លែងការណ៍អង់គ្លេស​ដដែល។

តាំង​ពី​បំបែកខ្លួន​ចេញ​ពីសហភាព​​អឺរ៉ុប អង់គ្លេស​បាន​ងាក​ទៅ​ពង្រឹង​ទំនាក់ទំនងពាណិជ្ជកម្មជាមួយ​ដៃគូចាស់ ដូច​ជា​សហរដ្ឋ​អាមេរិក អូស្ត្រាលី ឬ​ក្រុមប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែក្ស។ ក្រុមប្រទេស​នៃតំបន់​ឈូង​សមុទ្ទពែក្ស​មាន​​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេក្នុង​ចំណោមប្រទេស​អារ៉ាប ដោយ​អារ៉ាប៊ីសាអូឌីត ជាប្រទេស​នាំចេញ​ប្រេង​លំដាប់​លេខមួយ​ពិភពលោក អេមីរ៉ាតអារ៉ាប់រួម ឬ​កាតា មាន​ប្រជាជន​សុទ្ធតែ​អ្នកមាន​ មាន​ជីវភាព​និង​សមត្ថភាព​ចាយវាយ​ខ្ពស់ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ