អានតួអត្ថបទ
ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក

សមាជិកកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក​យល់ព្រម​បើក​កិច្ចចរចា ជាមួយ​អង់គ្លេស

អង់គ្លេស​បាន​និ​ងកំពុង​ប្រឹង​​ស្វែង​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី ក្រោយ​ពី​បាន​ផ្តាច់​ខ្លួន​ចេញ​​ជា​ស្ថាពរ​ពី​សហភាព​អឺរ៉ុប។ ​​ដាក់​ពាក្យ​សុំ​ ជា​ផ្លូវ​កា​រនៅ​ថ្ងៃទី ១កុម្ភៈ ២០២១ សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក ​ទើប​បាន​ផ្តល់​​ការ​យល់​ព្រម និង​ប្រកាស​​ នៅ​ថ្ងៃពុធ​ទី ២​មិថុនា​ ថា​ដំណើរ​ការ​ចរចាសុំ​ចូល​ជា​សមាជិក​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក របស់​អង់​គ្លេស នឹង​អាច​ចាប់​ផ្តើម​ នៅ​ក្នុង​ឆ្នាំ​២០២១​នេះតែ​ម្តង។

11ប្រទេស​ជា​សមាជិក​សន្ធិសញ្ញា​អន្តរប៉ាស៊ីហ្វិក (រូបថត​ឆ្នាំ​២០១៨)
11ប្រទេស​ជា​សមាជិក​សន្ធិសញ្ញា​អន្តរប៉ាស៊ីហ្វិក (រូបថត​ឆ្នាំ​២០១៨) REUTERS/Rodrigo Garrido
ផ្សាយពាណិជ្ជកម្ម

ជួប​ប្រជុំ​គ្នា​​តាម​អនឡាញ និង​ រៀប​ចំ​ឡើង​ដោយ​ជប៉ុន ក្រុមប្រទេស​ជា​សមាជិក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ព្រម​បើក​កិច្ចចរចា​ជាមួយ​អង់គ្លេស ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក​ម្នាក់​ដែរ។ ​

កើត​ចេញ​ជារូប​រាង​នៅ​ឆ្នាំ​២០១៩ សន្ធិសញ្ញា​​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក ហៅ​កាត់​ថា CPTPP (Comprehensive and Progressive Agreement for Trans-Pacific Partnership) ​ជា​ទម្រង់​ថ្មី​នៃ​កិច្ចព្រមព្រៀងផ្តោះប្តូរ​សេរី​​​អន្តរប៉ាស៊ីហ្វិក ដែលរលាយ​ទៅ​ក្រោយ​ពីសហរដ្ឋ​អាមេរិក​​របស់​លោកដូណាល់ ត្រាំ បាន​ដក​ខ្លួន​ចេញ។​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក CPTPP មានសមាជិក​សរុប​ចំនួន​១១​ប្រទេស (អូស្ត្រាលី ព្រុយណេ កាណាដា ជប៉ុន ស៊ីលី ម៉ិចស៊ិក ម៉ាឡេស៊ី នូវែលហ្សេឡង់ ប៉េរ៉ូសិង្ហបុរី និង វៀតណាម) និង​ជា​ទីផ្សារ​បំរើ​ឱ្យ​ពល​រដ្ឋ​ដល់​ជិត​​៥០០​លាន​នាក់ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ឥលូវ​សន្ធិសញ្ញាកំពុង​ឈាន​ទៅ​​ពង្រីក​ខ្លួន​មាន​សមាជិក​ថ្មី​បន្ថែម។ តែ​ជា​សេចក្តី​សម្រេច​ចិត្ត​ ​​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​ បើ​ឈរ​លើ​ទស្សនៈ​នៃ​ការ​​រៀប​ចំ​សណ្តាប់​ធ្នាប់​សេដ្ឋកិច្ច សេរី និង​មាន​សមភាព​។ នេះ​បើ​តាម​សេចក្តី ប្រកាស​របស់រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន ទៅ​កាន់​អ្នក​សារព័ត៌មាន។

សម្រាប់​លោក​រដ្ឋមន្ត្រីជប៉ុន​​ ការ​សុំ​ភ្ជាប់​ខ្លួន​នឹង​​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក របស់​អង់គ្លេស​ នឹង​មក​ពង្រឹង​បន្ថែម​ទំនាក់ទំនង​ទ្វេភាគី ជប៉ុន-អង់គ្លេស ដែល​ទើប​បាន​ចុះ​ហត្ថលេខា​ លើក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ រវាង​គ្នា​ កាលពី​ខែ​តុលា​២០២០។ ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​ដ៏​ធំ​ដំបូង​បំផុត​ ស្រដៀង​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មអឺរ៉ុប​-ជប៉ុន។

ក្រោយ​ពី​បាន​ចាក​ចេញ​ជា​ផ្លូវការ​ និង​ជា​ស្ថាពរ​​ពី​សហភាពអឺរ៉ុប​ ពី​ទីផ្សារ​រួម​អឺរ៉ុប នៅ​ថ្ងៃទី ៣១​ធ្នូ ២០២០ អង់គ្លេស​បាន​ខ្នះ​ខ្នែង​រក​ដៃ​គូពាណិជ្ជកម្ម​ថ្មី។ ក្រោយ​ពី​បាន​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ជប៉ុន​ និង​សិង្ហបុរី អង់គ្លេស​​កំពុង​ចរចា​ជាមួយ អូស្ត្រាលី នូវែលហ្សេឡង់ ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ