អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

ក្រុមប្រទេស​លោកខាងលិច បារម្ភ​ខ្លាចក្រែង​មានការ​ផ្ទុះ​សង្គ្រាម​រវាងរុស្ស៊ី និង​អ៊ុយក្រែន នៅ​រដូវ​រងារនេះ

ខណៈដែលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅព្រំដែនរវាង​ ប៉ូឡូញ និង បេឡារុស ដោយសារតែបញ្ហា​ជនភៀសខ្លួន គេកំពុងតែបារម្ភពី​ភាពតានតឹងខ្លាំង​មួយទៀត នៅព្រំដែនរវាងអ៊ុយក្រែន និងរុស្ស៊ី។ ក្រុម​ប្រទេសបច្ចឹមលោក មានអាមេរិក និងអង់គ្លេស​ កំពុងតែខ្សឹមខ្សៀវគ្នា​យ៉ាងស្ងាត់ៗ ថារុស្ស៊ីអាចប្រហែលជាកំពុង រៀបគម្រោងឈ្លានពានចូលទឹកដីអ៊ុយក្រែន។

រថពាដែលរុស្ស៊ី បើកសំដៅទៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន ដើម្បីធ្វើសមយុទ្ធយោធា ថ្ងៃទី ២២ មេសា ២០២១
រថពាដែលរុស្ស៊ី បើកសំដៅទៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន ដើម្បីធ្វើសមយុទ្ធយោធា ថ្ងៃទី ២២ មេសា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

លោក អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក បាន​លើកឡើងកាលពីថ្ងៃទី​១៤ វិច្ឆិកាថា ៖ សកម្មភាព​ដែល​របបដឹកនាំបេឡារុស ដឹកនាំដោយ​លោក លូកាឆិនកូ កំពុងតែធ្វើ​ ដោយ​ប្រើ​ប្រាស់ជនភៀសខ្លួនជាអាវុធ គឺជា​សកម្មភាព​បំបែកបំបាក់សាមគ្គីភាព រវាងសមាជិកសហភាពអឺរ៉ុប និងមានកម្មវត្ថុ​បំភ័ន្តភ្នែក បង្វែរការចាប់អារម្មណ៍ កុំក្រុមប្រទេសអឺរ៉ុបមើលឃើញ សកម្មភាព​ត្រៀម​កម្លាំងរបស់​រុស្ស៊ី នៅតាមព្រំដែនអ៊ុយក្រែន។

នៅក្នុងកិច្ចសម្ភាសន៍មួយ ផ្តល់ឲ្យ​ដល់កាសែត Financial Times លោកស្រី Hanna Maliar អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថា នៅរដូវរងារនេះ គឺរុស្ស៊ីពិត​ជា​អាចធ្វើសកម្មភាព​ បង្កអស្ថិរភាពមក​លើអ៊ុយក្រែន។

សូមបញ្ជាក់ថា យោងតាម​រដ្ឋាភិបាលអ៊ុយក្រែន និងក្រុមប្រទេសបច្ចឹម​លោក រុស្ស៊ីបានចល័តទ័ព នៅតាម​បណ្តោយ​ព្រំដែនអ៊ុយក្រែន ចំនួន​យ៉ាងហោច ១១៤០០០នាក់។ ជាសកម្មភាព​ចល័តទ័ព ដែលមានចំនួន​លើស កាលពីខែមេសា ហើយ​មិនមែនជារយៈពេល​នៃការធ្វើសមយុទ្ធយោធាទេ។

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បណ្តាញ​ព័ត៌មានអង់គ្លេស បានចុះផ្សាយថា រដ្ឋាភិបាល​អង់គ្លេសបានត្រៀម បញ្ជូនកម្លាំងចំនួន​៦០០ ដែលជាកងកម្លាំងពិសេស ដើម្បីទៅជួយ​អ៊ុយក្រែន ក្នុងករណី​មានការឈ្លានពាន ពីសំណាក់រុស្ស៊ី។

យ៉ាងណាក៏ដោយ លោក​ Stephane Siohan អ្នករាយការណ៍ព័ត៌មាន​ វិទ្យុបារាំងអន្តរជាតិ RFI ប្រចាំនៅទីក្រុងកៀវ គឺក្រុមចារកិច្ចសម្ងាត់របស់​អាមេរិក និងអង់គ្លេស ហាក់កំពុងតែ​បំប៉ោងព័ត៌មាន ដើម្បីបំភ័យ​មតិសាធារណៈ តាមរយៈការប្រើប្រាស់បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​។ ក៏ប៉ុន្តែលោកទទួលស្គាល់ថា ស្ថានការណ៍នេះ ត្រូវតែទទួលបាន​ការតាមដានឲ្យ​ជាប់ ល្អិតល្អន់។ យោងតាមអ្នក​រាយ​ការណ៍​រូបនេះ កងទ័ពអ៊ុយក្រែនបច្ចុប្បន្នមាន​សមត្ថភាពល្អប្រសើរច្រើនណាស់ បន្ទាប់ពី​បាន​ទទួលជំនួយ ទាំងការហ្វឹកហាត់ និងសម្ភារៈ ​ពីកងទ័ពអាមេរិក អង់គ្លេស និងតួកគី។ ក៏ប៉ុន្តែ រុស្ស៊ីក៏នៅតែចិញ្ចឹមចិត្ត ចង់ច្បាមយកដីអ៊ុយក្រែនដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ