អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

រុស្ស៊ីបើកការវាយប្រហារ​ទ្រង់ទ្រាយធំ​លើ​ទីតាំងចុងក្រោយ​របស់​កងទ័ពអ៊ុយក្រែន នៅម៉ារីយូប៉ូល

កងទ័ពរុស្ស៊ី និង​ក្រុមឧទ្ទាម​ផ្តាច់ទឹកដី​និយម​រុស្ស៊ី​បាន​ចាប់បើកប្រតិបត្តិការ​វាយប្រហារ​ទ្រង់ទ្រាយធំ ​ទៅលើ​រោងចក្រស្លដែក Azovstal ទីតាំង​ចុងក្រោយ របស់​កងទ័ព​អ៊ុយក្រែន ក្នុង​ទីក្រុងកំពង់ផែ ម៉ារីយូប៉ូល។ មេបញ្ជាការ​កងវរសេនាធំ​អ៊ុយក្រែន នៅម៉ារីយូប៉ូលបាន​និយាយ​កាលពីថ្ងៃ​អង្គារម្សិលមិញថា នៅមុន​បើកការវាយប្រហារ​នៅថ្ងៃ​អង្គារ យន្តហោះចម្បាំង​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់​លើ​ទីតាំងរោងចក្រ ដោយសម្លាប់​ប្រជាជនស៊ីវិល​២នាក់ និង​របួស​យ៉ាងតិច​១០នាក់។ ការវាយប្រហារ​របស់​កងទ័ពរុស្ស៊ីធ្វើឡើង​នៅ​បន្ទាប់ពី អង្គការ​សហប្រជាជាតិ​បាន​ជួយសម្របសម្រួល​ប្រជាជន​ស៊ីវិល​ជាង​១០០នាក់​ចេញពី​រោងចក្រ​ស្លដែក ជាទី ដែល​ពួកគេ​ជាប់គាំង​អស់ជាច្រើន​សប្តាហ៍ ដោយសារ​ការឡោមព័ទ្ធ​របស់​កងទ័ព​រុស្ស៊ី នៅម៉ារីយូប៉ូល។

រោងចក្រស្លដែក Azovstalដែលជាទីតាំង​កាន់កាប់ចុងក្រោយ​របស់​កងទ័ពពិសេស​អ៊ុយក្រែនជាផ្ទាំងស៊ីបវាយប្រហារ​ទ្រង់ទ្រាយធំ​របស់​កងទ័ពរុស្ស៊ី នៅក្រោយ​ការជម្លៀសប្រជាជន​ស៊ីវិល កាលពីថ្ងៃអង្គារ​ទី ៣​ឧសភា ២០២២
រោងចក្រស្លដែក Azovstalដែលជាទីតាំង​កាន់កាប់ចុងក្រោយ​របស់​កងទ័ពពិសេស​អ៊ុយក្រែនជាផ្ទាំងស៊ីបវាយប្រហារ​ទ្រង់ទ្រាយធំ​របស់​កងទ័ពរុស្ស៊ី នៅក្រោយ​ការជម្លៀសប្រជាជន​ស៊ីវិល កាលពីថ្ងៃអង្គារ​ទី ៣​ឧសភា ២០២២ REUTERS - ALEXANDER ERMOCHENKO
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសារវីដេអូ​ដែលបង្ហោះផ្សាយ​នៅលើបណ្តាញ​តេឡេក្រាម មេបញ្ជាការរងនៃ​វរសេនាធំ​អ៊ុយក្រែន ដែលប្រចាំការឈរជើង នៅក្នុង​រោងចក្រ​ស្លដែក Azovstal ដែលជាទីតាំងចុងក្រោយ​របស់​កងទ័ពអ៊ុយក្រែន​នៅម៉ារីយូប៉ូល បាននិយាយ​ថា កងទ័ពរុស្ស៊ី បាន​បើកការវាយប្រហារ​ទ្រង់ទ្រាយធំ ទៅលើ​ទីតាំងរោងចក្រ​Azovstal នៅថ្ងៃ​អង្គារ ដោយ​ប្រើ​រថក្រោះ និង​យន្តហោះចម្បាំង។ តាមមេទាហាន​អ៊ុយក្រែន រុស្ស៊ី​បាន​បញ្ជូនទ័ពបន្ថែម​តាមផ្លូវគោក និង​ផ្លូវទឹក សំដៅ វាយដណ្តើម​យករោងចក្រស្លដែក Azovstal។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពីថ្ងៃអង្គារ ដែល​ដកស្រង់ផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ី ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាងថា កងទ័ពរុស្ស៊ី និង​កងកម្លាំងប្រដាប់អាវុធ​គាំទ្ររុស្ស៊ី​បាន​ប្រើ​យន្តហោះចម្បាំង និង​កាំភ្លើងធំ បាញ់កម្ទេច​រោងចក្រ​ស្លដែក កាលពីថ្ងៃអង្គារ។ អ្នកនាំពាក្យរបស់​ក្រសួងការពារជាតិ​រុស្ស៊ី លោក​Vadim Astafiev បាន​និយាយ​តាំង​ពីព្រឹកថ្ងៃអង្គារ​ម្ល៉េះថា កងទ័ព​រុស្ស៊ី​បាន​ចាប់បាញ់​បំផ្លាញ​ទីតាំងប្រយុទ្ធ​របស់​ក្រុមប្រដាប់អាវុធ​អ៊ុយក្រែន។ អ្នកនាំពាក្យ​រុស្ស៊ី​បាន​ចោទប្រកាន់​ផងដែរ ក្រុមទាហាន​អ៊ុយក្រែន​ថា បាន​ឆ្លៀតឱកាស បទឈប់បាញ់កាលពីថ្ងៃ​អាទិត្យកន្លងទៅ ដើម្បីទៅពង្រាយ​កម្លាំង នៅទីតាំង​យុទ្ធសាស្រ្ត ក្នុង​រោងចក្រស្លដែកដើម្បីរង់ចាំ​ប្រយុទ្ធទប់ទល់​នឹងកងទ័ពរុស្ស៊ី។​

នៅក្នុង​សារវីដេអូ កាលពីថ្ងៃ​អង្គារ មេបញ្ជាការរង​កងទ័ព​អ៊ុយក្រែន​នៅ​រោងចក្រAzovstal​បាន​និយាយ​ថា កងទ័ព​អ៊ុយក្រែន​នឹងប្រឹងអស់សមត្ថភាព​ដើម្បី​វាយរុញច្រាន​កងទ័ព​រុស្ស៊ី ប៉ុន្តែ លោក​អំពាវនាវ​ឲ្យ​គេ​ចាត់វិធានការ​ជួយជម្លៀស​ជាបន្ទាន់ ប្រជាជន​ស៊ីវិល ផ្សេងទៀត ដែលកំពុងនៅ​ជាប់គាំង ជាមួយ​កងទ័ព នៅក្នុងរូងក្រោមដី ពីក្រោម​រោងចក្រ​ស្លដែក។

ខណៈពេល​កងទ័ពរុស្ស៊ី​ចាប់បើក​ការវាយប្រហារ​ទៅលើ​ទីតាំង​ចុងក្រោយ​របស់​កងទ័ព​អ៊ុយក្រែន ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​បាន​ប្រាប់​សមភាគី​បារាំង លោក​ម៉ាក្រុង នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃម្សិលមិញ​ថា រុស្ស៊ី នៅតែ​បើកចំហរ សម្រាប់​ការចរចា ប៉ុន្តែ គឺ​ភាគីអ៊ុយក្រែនទេ​ដែលគ្មានចេតនា​ចង់​ចរចា​ដើម្បី​បញ្ចប់ជម្លោះ។ ដោយទាត់ចោល​រាល់ការចោទប្រកាន់​ដែលថា កងទ័ព​រុស្ស៊ី​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម​នៅក្នុង​សង្រ្គាម​អ៊ុយក្រែន លោក​ប្រធានាធិបតី​ពូទីន​បានបក​ចោទប្រកាន់​កម្លាំងប្រដាប់អាវុធ​អ៊ុយក្រែន​ថា ជា​អ្នកកាប់សម្លាប់ប្រជាជនស៊ីវិល​អ៊ុយក្រែន។ បើតាម​ប្រមុខដឹកនាំ​រុស្ស៊ី ក្រុមប្រទេស​លោកខាងលិចអាច​ជួយ​បញ្ឈប់​ការកាប់សម្លាប់មនុស្ស​នៅ​អ៊ុយក្រែន តាមរយៈ​ការឈប់​ផ្តល់គ្រឿងសព្វាវុធ​ទៅ​ឲ្យអ៊ុយក្រែន។

គួរបញ្ជាក់ដែរថា នៅ​ចុងសប្តាហ៍មុន ប្រធានាធិបតី​បារាំង លោកម៉ាក្រុង ទើប​បាន​និយាយទូរស័ព្ទ​ទៅ​ប្រធានាធិបតីអ៊ុយក្រែន ដែលនៅក្នុង​នោះ​លោកបាន​សន្យា​ថា បារាំងនឹង​ផ្តល់សព្វាវុធ​ធុនធ្ងន់ ចំនួន ៦១៥តោន​ទៅ​ឲ្យកងទ័ពអ៊ុយក្រែន។

នៅថ្ងៃអង្គារ នាយករដ្ឋមន្រ្តីអង់គ្លេស​បាន​សន្យា​ទៅ​សមាជិកសភាអ៊ុយក្រែន​ថា អង់គ្លេស​នឹងផ្តល់​ជំនួយយោធា ចំនួន ៣០០​លាន​ផោន​បន្ថែមទៀតសម្រាប់ជួយ​កងទ័ពអ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ