អានតួអត្ថបទ
ជំងឺអុតស្វា

លោក បៃដិន ព្រមាន​ពី​ការ​រីករាលដាលខ្លាំង​នៃ​ជំងឺអុតស្វា

ឆ្លៀតពេលកំពុង​បំពេញ​ទស្សនកិច្ច​នៅ​អាស៊ី លោកប្រធានាធិបតី​អាមេរិ​ក ចូ បៃដិន ​ព្រមាន​នៅ​ថ្ងៃអាទិត្យ​ទី ២២​ឧសភា​នេះ​ អំពីឥទ្ធិពល​​ធ្ងន់ធ្ងរ​នៃការ​រីករាលដាល​​ជំងឺ​អុត​ស្វា។ ជំងឺ​អុតស្វា មាន​លេច​ឡើង​នៅក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​ដូច​ជា អូស្ត្រាលី កាណាដា​​​​ ​សហរដ្ឋ​អាមេរិក និង​នៅអឺរ៉ុប។

លោក​បៃដិន ព្រមាន​អំពី​ការរីករាលដាលខ្លាំងនៃជំងឺអុតស្វា
លោក​បៃដិន ព្រមាន​អំពី​ការរីករាលដាលខ្លាំងនៃជំងឺអុតស្វា AP
ផ្សាយពាណិជ្ជកម្ម

ដោយ​បញ្ជាក់​ថា​បាន​ទទួល​ព័ត៌មានជាប់​រហូត​​ពី​ភ្នាក់ងារ​សុខាភិបាល​អាមេរិក ស្តី​ពី​ការ​វិវត្ត​នៃមេរោគ​អុតស្វា​នៅសហរដ្ឋ​អាមេរិក លោកចូបៃដិនដាស់​តឿន ពី​លើ​យន្តហោះ ក្នុង​ដំណើរ​ទៅ​កាន់​ក្រុង​តូក្យូ​​ថា ពិភពលោក​ត្រូវ​ប្រុងប្រយ័ត្ន​នឹង​ជំងឺ​មួយនេះ។ ប្រសិនបើ​មានការ​រាតត្បា​ត​ នោះ​ពិត​ជា​ធ្ងន់ធ្ងរ​ហើយ។

បើ​តាម​អង្គការ​សុខភាពពិភពលោក មាន​អ្នក​កើត​​អុតស្វា​បាន​ឡើង​ដល់​៩២ករណី និង​២៨​ករណី​ជាប់​សង្ស័យ គិត​ត្រឹម​ថ្ងៃសៅរ៍ទី​២១​ឧសភា ក្នុង​ជាង​១០ប្រទេស។ ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​សង្ស័យ​ថា​នឹង​មានករណី​អុតស្វា​នៅក្នុង​ប្រទេស​ផ្សេង​ទៀត​នៅលើ​ពិភពលោក ហើយ​អាច​មាន​ការ​ចម្លង​លឿន​​នៅ​​អឺរ៉ុប។

ក្នុង​ចំណោម​៨​ប្រទេស​នៅ​អឺរ៉ុប​ដែល​មាន​ករណី​អុតស្វា ​​អង់គ្លេសកំពុង​មាន​សន្ធឹក​ចម្លង​ច្រើនជាងគេ។ ​ករណី​អុតស្វា​ថ្មី​កើត​ឡើង​ និង​ច្រើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ នេះ​បើ​តាម​ភ្នាក់ងារ​សុខាភិបាល ដែល​អះអាង​ថា​កំពុង​តាមដាន​​ស្ថានភាព​ចម្លង​​យ៉ាង​ហ្មត់ចត់​បំផុត។

ខ្សោយ​ជាង​ជំងឺ​អុតស្វាយ​ធម្មតា និង​ ត្រូវ​បានលុប​បំបាត់​អស់ម្តង​​ តាំងពី​កាលពី​ជាង​៤០​ឆ្នាំមុន អុតស្វាជា​ជំងឺឆ្លងប្រភេទ​ថ្មី ​លេច​ឡើង​ដោយមាន​​អាការៈ​ក្តៅ​ខ្លួន​ មាន​រោល​កន្ទួល​លើ​ស្បែក​ជាពិសេស​នៅលើ​មុខ គ្មាន​ថ្នាំព្យាបាល​ទេ តែ​អាច​ជា​​វិញ​ដោយ​ឯងៗ។ គេសង្កេតឃើញ​ មេរោគ​ធ្វើ​ការ​ចម្លង​ខ្លាំងពី​មនុស្ស​ម្នាក់​ទៅម្នាក់ ក្នុង​សហគម តែ​លឿន​និង​ខ្លាំង ចំពោះ​មនុស្សស្រលាញ់​ភេទ​ដូចគ្នា មនុស្ស​ប្រុស​ស្រលាញ់​ប្រុស​ដូច​គ្នា ឬ​ស្រលាញ់​គ្នា​ទាំងពីរភេទ។

ថ្វី​បើ​ពុំ​មាន​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺអុតស្វា​នេះ​មែន ប៉ុន្តែវ៉ាក់សាំងការពារ​ជំងឺ​អុតស្វាយ​អាច​ជួយ​ការពារ​អ្នក​ជា​ករណី​ពាក់ព័ន្ធ​។ នេះ​បើ​តាមវេជ្ជបណ្ឌិត​ Hopkins នាយក​ទីភ្នាក់ងារ​សុខាភិបាល​សាធារណៈ​អង់គ្លេស ដោយ​ប្រកាសថា​រដ្ឋាភិបាល​អង់គ្លេស​បាន​បញ្ជា​ទិញ​ថ្នាំ​បង្ការ​អុតស្វាយ​ទុក​បម្រុង​រួច​ហើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ