អានតួអត្ថបទ
អាល្លឺម៉ង់-ចារកម្ម

អាល្លឺម៉ង់​ចាប់​ខ្លួនចារបុរស​ចិន ប៉ុន្តែ ប៉េកាំងប្រកែកនិង​ប្រាប់​ឲ្យ​គេបញ្ឈប់​នយោបាយ​ស្អប់​ចិន

ចិន​បានប្រកែកយ៉ាងញាប់មាត់ និងបរិហារ​ការនិយាយមួលបង្កាច់ បន្ទាប់​ពី​អាល្លឺម៉ង់​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ចារបុរស​ចិន​នៅក្នុងទឹកដីអាល្លឺម៉ង់។ នៅ​ថ្ងៃអង្គារ​ទី ២៣​មេសា តុលាការ​អាល្លឺម៉ង់​បាន​ប្រកាស​ដំណឹងចាប់ខ្លួន​ភ្នាក់ងារ​ចារកម្ម​ ដើមកំណើត​ចិនម្នាក់​ ដែល​ធ្វើការជាជំនួយការ​របស់​អ្នកតំណាងរាស្រ្តអាល្លឺម៉ង់​ម្នាក់នៅ​សភាអឺរ៉ុប។ យោងតាម​សេចក្តីថ្លែងការណ៍​របស់​អយ្យការអាល្លឺម៉ង់ ជនសង្ស័យរងការចោទប្រកាន់​ថា បាន​លួចយកការណ៍សម្ងាត់ទាក់ទង​សភាអឺរ៉ុបទៅផ្តល់​ឲ្យ​ទីភ្នាក់ងារចារកម្ម​ចិន​។

អាល្លឺម៉ង់​ចាប់​ខ្លួនចារបុរស​ចិន ប៉ុន្តែ ប៉េកាំង​ប្រាប់​ឲ្យ​គេ​បញ្ឈប់​ការពង្វក់​នយោបាយ​ស្អប់​ចិន។ រូបទង់ជាតិ​ចិន​នៅ​មុខស្ថានទូតចិន​នៅទីក្រុង​ប៊ែរឡាំង
អាល្លឺម៉ង់​ចាប់​ខ្លួនចារបុរស​ចិន ប៉ុន្តែ ប៉េកាំង​ប្រាប់​ឲ្យ​គេ​បញ្ឈប់​ការពង្វក់​នយោបាយ​ស្អប់​ចិន។ រូបទង់ជាតិ​ចិន​នៅ​មុខស្ថានទូតចិន​នៅទីក្រុង​ប៊ែរឡាំង AP - Markus Schreiber
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​សំណុំរឿងចារបុរស​រុស្ស៊ី ត្រូវចាប់ខ្លួន​​ក្នុង​បទ​រៀបចំគម្រោង​បំផ្ទុះបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​ក្នុងទឹកដីអាល្លឺម៉ង់ តុលាការ​អាល្លឺម៉ង់កាលពី​ថ្ងៃអង្គារ​ទី ២៣​មេសា​បាន​ប្រកាស​ថា គេ​បាន​ចាប់ខ្លួន​លើកនេះ ចារបុរស​ចិន​វិញ​ម្តង​ដែល​សំងំលួចស្តាប់យកការណ៍សម្ងាត់​នៅ​សភាអឺរ៉ុប​ទៅប្រគល់​ឲ្យ​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់​ចិន។

យោងតាម​​សេចក្តីប្រកាស​ព័ត៌មាន​របស់​អយ្យការ​អាល្លឺម៉ង់ ជនសង្ស័យ ដែលមានឈ្មោះថា Jian Guo ​សញ្ជាតិ​អាល្លឺម៉ង់ ​ដើមកំណើតចិន បាន​រងការចោទប្រកាន់​ថា បាន​លួចតាមដាន​សកម្មភាព​របស់​អ្នកប្រឆាំងជនជាតិចិន រស់នៅ​ប្រទេស​អាល្លឺម៉ង់។ បើតាម​តុលាការ​អាល្លឺម៉ង់ នៅ​ខែ​មករា​ឆ្នាំ​២០២៤ ជនសង្ស័យដែល​មាន​មុខងារ​ជាអ្នកជំនួយការ​របស់​អ្នកតំណាងរាស្រ្ត​អាល្លឺម៉ង់​នៅ​សភាអឺរ៉ុប បាន​លួចបញ្ជូនជាច្រើនលើកច្រើនសា ព័ត៌មានទាក់ទង​នឹង​ការចរចា​ និងការសម្រេច​របស់​សភាអឺរ៉ុប​ទៅ​ឲ្យ​​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិន។

នៅ​លើ​វិបសៃតិ៍​របស់​សភាអឺរ៉ុប ជនសង្ស័យ ស្ថិតក្នុងបញ្ជីឈ្មោះ​អ្នកជំនួយការ​ជាច្រើនរូប​របស់​អ្នកតំណាងរាស្រ្ត​អាល្លឺម៉ង់ ដែលបានទទួលសិទ្ធិ​ចេញចូល​សភាអឺរ៉ុបក្នុងទីក្រុង​ព្រុចស៊ែល ប្រទេស​បែលហ្សិក តាំងពី​ឆ្នាំ​២០១៩។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុក​អាល្លឺម៉ង់ ជនសង្ស័យ​មិនមែន​ជាមនុស្សថ្មីថ្មោង នៅក្នុងក្រសែភ្នែក​របស់​ក្រុមស៊ើប​ការណ៍សម្ងាត់អាល្លឺម៉ង់នោះទេ។ កាលពី​១០ឆ្នាំមុន ជនសង្ស័យរូបនេះ​ធ្លាប់​ស្ម័គ្រខ្លួន ចង់ចូលធ្វើជាអ្នកផ្តល់ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់ ប៉ុន្តែ មិនបាន​សម្រេច។

​ការចាប់ខ្លួន​ជំនួយការ​របស់អ្នកតំណាងរាស្រ្ត​អាល្លឺម៉ង់មកពីគណបក្ស​ស្តាំនិយមជ្រុល កាលពីថ្ងៃ​ចន្ទ ​បានធ្វើ​ឲ្យ​គណបក្សមួយនេះ​ទើសទាល់ និងបារម្ភ​ខ្លាច​ពីការបាត់សំឡេងគាំទ្រ នៅតែ​ពីរខែ​មុនការបោះឆ្នោតសភាអឺរ៉ុប។ អ្នកនាំពាក្យ​របស់សភាអឺរ៉ុប​បាន​ប្រកាស​កាលពីថ្ងៃ​អង្គារថា ដោយ​យោងទៅលើ​ស្ថានភាពធ្ងន់ធ្ងរនៅក្រោយ​ការបែកធ្លាយលើកនេះ សភា​សម្រេចផ្អាកជា​បន្ទាន់​​ការងារ​របស់​ជនសង្ស័យ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​លោកស្រី​Nancy Faeser ចាត់ទុកសំណុំរឿងលើកនេះ​ថាធ្ងន់ធ្ងរខ្លាំងមែនទែន ព្រោះវាជា​ការវាយប្រហារ​លទ្ធិប្រជាធិបតេយ្យ​អឺរ៉ុប។ សមាជិកសភាអឺរ៉ុប​​មួយចំនួនវិញ​​ចោទប្រកាន់ថា ប្រទេស​ផ្តាច់ការ​ដូចជា​ចិន និង​រុស្ស៊ី​ព្យាយាម​យ៉ាងសកម្ម​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅអឺរ៉ុប។

នៅក្នុង​រយៈពេល​តែ ២ថ្ងៃ អាល្លឺម៉ង់​ចាប់​បាន​មនុស្ស​ ៤នាក់​ដែលលួចយកការណ៍សម្ងាត់​ទៅ​ឲ្យ​ភ្នាក់ងារចារកម្ម​ចិន។ កាលពីប៉ុន្មានថ្ងៃ​មុននេះ អាល្លឺម៉ង់​ទើប​តែបាន​ចាប់ខ្លួន​ចារកិច្ច​រុស្ស៊ី២នាក់ ក្នុង​បទចោទប្រកាន់​រៀបចំ​គម្រោងការកម្ទេច​បំផ្លាញ​ ហេដ្ឋារចនាសម្ព័ន្ធយោធា​នៅក្នុងទឹកដីអាល្លឺម៉ង់ ដូចជា​មូលដ្ឋានទ័ពអាមេរិក​ជាទីដែល​ ​ទាហាន​អ៊ុយក្រែនទទួលការបណ្តុះបណ្តាល​ឲ្យចេះប្រើ​រថក្រោះAbraham ដ៏ទំនើប​របស់អាមេរិក។

នៅ​ថ្ងៃ​ចន្ទទី ២២​មេសា តុលាការ​អង់គ្លេស​ទើបចោទប្រកាន់មនុស្ស​២នាក់ នៅក្នុងបទល្មើសដូចគ្នានេះ ពោលគឺ​ធ្វើចារកម្ម នៅទីក្រុង​ឡុងដ៍​ ដើម្បី​បម្រើផលប្រយោជន៍ចិន។

ប្រតិកម្ម​នឹង​ការចាប់ខ្លួន​ចារបុរស​ចិននៅ​ទឹកដីអាល្លឺម៉ង់ និង​នៅអង់គ្លេស អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិនទាត់ចោល​ការចោទប្រកាន់​ដែលថា ទីភ្នាក់ងារស៊ើបការណ៍ចិន​នៅពីក្រោយ​សកម្មភាព​លួចបច្ចេកវិទ្យាអឺរ៉ុប។ នៅក្នុង​សន្និសីទកាសែត​ក្នុងទីក្រុង​ប៉េកាំង អ្នកនាំពាក្យ លោក Wang Wenbin បានបរិហា​ការនិយាយ​មួលបង្កាច់ប្រទេស​ចិន និងថា គេត្រូវ​ឈប់​​ជាបន្ទាន់​នយោបាយពង្វក់​ឲ្យ​ស្អប់ចិន៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ