អានតួអត្ថបទ

វិបត្តិស្បៀងជាប្រធានបទស្នូលនៃទស្សនកិច្ចរបស់ប្រធានសហភាពអាហ្រ្វិកនៅក្នុងប្រទេសរុស្ស៊ី

លោក​ម៉ាកគី ស្ហាល ប្រធានាធិបតី​នៃ​ប្រទេស​សេណេហ្កាល់ និង​ជា​ប្រធាន​ប្តូរ​វេន​សហភាពអាហ្រ្វិក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នា​ថ្ងៃ​សុក្រ ទី៣ មិថុនា។ លោក​ម៉ាកគី ស្ហាល​ត្រូវ​បាន​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​ទទួល​នៅ​ទីក្រុង​សុតឈី​ដែល​ជា​ទីក្រុង​មាត់​សមុទ្រ​ស្ថិត​ប៉ែកខាង​ត្បូង​ប្រទេស​រុស្ស៊ី។ ក្រៅ​ពី​ទំនាក់ទំនង​ទ្វេភាគី​រុស្ស៊ី សហភាព​អាហ្រ្វិក វិបត្តិ​ស្បៀង​ជា​ប្រធានបទ​អាទិភាព​នៃ​វត្តមាន​របស់​លោក​ម៉ាកគី ស្ហាល​នៅ​រុស្ស៊ី​ពេល​នេះ។

លោកម៉ាកគី ស្ហាល ប្រធានាធិបតីនៃប្រទេសសេណេហ្កាល់ និងជាប្រធានប្តូរវេនសហភាពអាហ្រ្វិក (រូបឆ្វេង) និង​ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន។
លោកម៉ាកគី ស្ហាល ប្រធានាធិបតីនៃប្រទេសសេណេហ្កាល់ និងជាប្រធានប្តូរវេនសហភាពអាហ្រ្វិក (រូបឆ្វេង) និង​ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន។ AFP - MIKHAIL KLIMENTYEV
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាស​ព័ត៌មាន​របស់​វិមាន​ប្រធានាធិបតី​រុស្ស៊ី​ក្រឹមឡាំង​បាន​បញ្ជាក់​ថា កិច្ចសន្ទនា​រវាង​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន និង​ប្រធាន​សហភាពអាហ្រ្វិក​ផ្តោត​លើ​ការ​សន្យា​របស់​រុស្ស៊ី​ចំពោះ​សហភាព​អាហ្រ្វិក ពិសេស​ពង្រីក​កិច្ចសន្ទនានយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង​មនុស្សធម៌ រួម​ទាំង​ការ​ដោះដូរ​ទស្សនៈ​គ្នា​ទៅ​វិញ ទៅ​មក​ជុំវិញ​រឿងរ៉ាវ​នៅ​ក្នុង​ពិភពលោក​បច្ចុបប្បន្ន។ ទោះ​បី​ជា​វិមាន​ក្រឹមឡាំង​មិន​បាន​លើក​ឡើង​ចំៗ​ក៏​គេ​ដឹង​ថា រឿងរ៉ាវ​ពិភពលោក​បច្ចុប្បន្ន​ក៏​មាន​រឿង​សង្រ្គាម​អ៊ុយក្រែន​មួយ​ដែរ។ ត្រង់​ចំណុច​នេះ ក្រុម​ការងារ​របស់​ប្រធាន​សហភាពអាហ្រ្វិក​បាន​បញ្ជាក់​ដោយ​មិន​លាក់លៀម​ថា ទស្សនកិច្ច​របស់​លោក​ម៉ាកគី ស្ហាល​នៅ​រុស្ស៊ី​មាន​គោលដៅ​ជួយ​កាត់​បន្ថយ​ភ្លើងសង្រ្គាម​នៅ​អ៊ុយក្រែន និង​ជួយ​សម្រួល​ឲ្យ​មាន​ការ​នាំ​ចេញ​ស្រូវសាលី​អ៊ុយក្រែន​ដែល​កំពុង​ជាប់គាំង​នៅ​កំពង់ផែ​អ៊ុយក្រែន។

គួរ​រម្លឹក​ថា រុស្ស៊ី និង​អ៊ុយក្រែន​ជា​អ្នក​ផ្គត់ផ្គង់​ស្រូវសាលី​ឲ្យ​ពិភពលោក​ដល់​ទៅ ៣០%។ តែ​សង្រ្គាម​ពេល​នេះ​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ប្រឈម​នឹង​វិបត្តិ​ខ្វះ​ស្បៀង ហើយ​តម្លៃ​ស្រូវសាលី​ក៏​កំពុង​ឡើង​ថ្លៃ​ខ្លាំង។ ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​ផលវិបាក​ខ្លាំង​ជាង​គេ គឺ​ក្រុម​ប្រទេស​អាហ្រ្វិក​ដែល​ការ​នាំ​ចូល​ស្រូវសាលី​មាន​ជាង​ពាក់កណ្តាល​ទិញ​ពី​អ៊ុយក្រែន ឬ​រុស្ស៊ី។ សម្រាប់​លោក​ម៉ាកគី ស្ហាល​ដែល​ជា​ប្រធានាធិបតី​សេណេហ្កាល់ និង​ជា​ប្រធាន​ប្តូរ​វេន​សហភាពអាហ្រ្វិក ការ​រំដោះ​ស្រូវសាលី​ពី​កំពង់ផែ​អ៊ុយក្រែន​ជា​រឿង​ចាំ​បាច់​ខ្លាំង​ណាស់។ នៅ​ក្នុង​សារ​ផ្ញើ​ទៅ​កាន់​ថ្នាក់ដឹកនាំ​អឺរ៉ុប​កាល​ពី​ថ្ងៃ​អង្គារ ទី៣១ ឧសភា លោក​ម៉ាកគី ស្ហាល​ក៏​បាន​អំពាវនាវ​យ៉ាង​ទទូច​ដូច​គ្នា​នេះ។

នៅ​ម្ខាង អ៊ុយក្រែន​មិន​អាច​នាំ​ស្រូវសាលី​ចេញ​បាន ហើយ​នៅ​ម្ខាង​ទៀត ការ​នាំ​ចេញ​ស្រូវ​សាលី​រុស្ស៊ី​មួយ​ភាគ​ធំ​ត្រូវ​បាន​បិទខ្ទប់​ដោយ​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោក​ខាងលិច។ អង្គការ​ស្បៀង និង​កសិកម្ម​ពិភពលោក​កំពុង​បារម្ភ​ថា បើ​សង្រ្គាម​អូសបន្លាយ មាន​មនុស្ស​ពី ៨លាន​ទៅ ១៣លាននាក់​បន្ថែម​ទៀត​ត្រូវ​ប្រឈម​នឹង​ការ​ខ្វះ​ស្បៀង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ