អានតួអត្ថបទ
សង្គ្រាម​អ៊ុយក្រែន-ស្បៀងអាហារ

នាវាដំបូងគេ​​ដឹក​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន ចេញ​ដំណើរ​ពី​កំពង់ផែ​អូដេសា

យោងតាមការបញ្ជាក់ពី​ភាគីតួកគី នាវាទីមួយដែលដឹកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បានចាកចេញពីកំពង់ផែក្រុងអូដេសាហើយ។ បន្ទាប់ពីឆ្លងកាត់​ការ​​ត្រួតពិនិត្យរួចរាល់ នៅកំពង់ផែក្រុងអ៊ីស្តង់ប៊ូល​ នាវា​នេះធ្វើដំណើរនាំយក​គ្រាប់​ធញ្ញជាតិ​ទៅកាន់​កំពង់ប្រទេសលីបង់។ នេះគឺជាដំណឹងល្អមួយ ខណៈតម្លៃទំនិញ​វត្ថុធាតុដើមគ្រាប់​ធុញ្ញជាតិ​ កាន់តែឡើងថ្លៃខ្លាំង នៅពាសពេញពិភពលោក​។ ការអាច​​នាំចេញ​គ្រាប់ធុញ្ញជាតិរបស់អ៊ុយក្រែននេះ គឺជាលទ្ធផល​នៃកិច្ចព្រមព្រៀង រវាងអ៊ុយក្រែននិង​រុស្ស៊ី ដោយ​មានតួកគី និងអង្គការ​សហប្រជាជាតិ​ជាអ្នក​សម្រប​សម្រួល។

នាវា​ Razoni កំពុងចាកចេញពីកំពង់ផែអូដេសា ថ្ងៃចន្ទ ទី១ សីហា ២០២២
នាវា​ Razoni កំពុងចាកចេញពីកំពង់ផែអូដេសា ថ្ងៃចន្ទ ទី១ សីហា ២០២២ AP - Michael Shtekel
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តួកគី បានបញ្ជាក់ថា នាវាឈ្មោះ Razoni បានចាកចេញពីកំពង់ផែអូដេសា ប្រទេសអ៊ុយក្រែន​ហើយ នៅវេលាម៉ោង៦​និង១៧នាទីព្រឹក ថ្ងៃចន្ទទី​​១សីហា។ នាវា​នេះត្រូវ​ឆ្លងកាត់ច្រកសមុទ្របូស្វ័រ ហើយ​មកដល់​កំពង់ផែអ៊ីស្តង់ប៊ូលនៅថ្ងៃទី​២សីហា ជាទីដែលគេនឹងត្រួតពិនិត្យ​វា មុននឹងអនុញ្ញាតឲ្យ​ធ្វើដំណើរ ឆ្ពោះទៅកាន់គោលដៅចុងក្រោយ គឺ​កំពង់ផែក្រុងទ្រីប៉ូលី ប្រទេសលីបង់។

បើតាម​លោក រដ្ឋមន្ត្រី​ក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន នាវាទី១​នេះ មានផ្ទុកគ្រាប់ពោតជំនួន ២៦០០០តោន។ ប្រភពពីរដ្ឋាភិបាលអ៊ុយក្រែនដែរ អះអាងថាមាននាវាទាំងអស់​១៦គ្រឿង​ ដែលជាប់គាំងនៅកំពុងផែ ក្រោយ​ការផ្ទុះសង្គ្រាម ហើយដែលកំពុងរងចាំធ្វើដំណើរនាំគ្រាប់ធញ្ញជាតិចេញទៅបរទេស​។ នាវាទាំង១៦នេះ មានផ្ទុកគ្រាប់​ធញ្ញជាតិ​សរុបប្រមាណ ៥៨ម៉ឺនតោន។​

គួររំលឹកថា កាលពីថ្ងៃ​២២កក្កដា ដោយមានការជ្រោមជ្រែងសម្របសម្រួលពីតួកគី និងអង្គការសហប្រជាជាតិ តំណាងរដ្ឋាភិបាល​រុស្ស៊ី និង​អ៊ុយក្រែន បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បី​ឲ្យ​អ៊ុយក្រែន​អាចចាប់​ផ្តើមដំណើរការនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ។ ចំណែក​កិច្ចព្រមព្រៀងមួយទៀត ចុះស្របពេលជាមួយគ្នានោះ គឺ​អនុញ្ញាតឲ្យរុស្ស៊ីអាចនាំចេញទិន្នផលកសិកម្ម​​ខ្លួន ព្រមទាំង​ជីកសិកម្មផង ដោយ​មិនត្រូវជាបទណ្ឌកម្មសេដ្ឋកិច្ច​អន្តរជាតិ។

យោងតាមអ្វីដែលមានចែងក្នុងកិច្ចព្រមព្រៀង គឺនាវាត្រូវតែឆ្លងកាត់​ការត្រួតពិនិត្យ​តាមដាន យ៉ាងល្អិតល្អន់ នៅកំពង់​ផែក្រុងអ៊ីស្តង់ប៊ូល។ មជ្ឈមណ្ឌល​សហប្រតិបត្តិការ​រួមមួយ ត្រូវបាន​គេ​បង្កើតឡើង ដោយ​មានការចូលរួមពីតំណាង​រុស្ស៊ី អ៊ុយក្រែន តួកគី និង​អង្គការសហប្រជាជាតិ​ ដើម្បីធ្វើ​កិច្ចការនេះ ទាំងការ​ត្រួតពិនិត្យ​ទំនិញស្តុកក្នុងនាវា ទាំងការ​តាមឃ្លាំមើល​ការធ្វើដំណើរតាមផ្លូវសមុទ្រ។

គួរកត់សំគាល់ថា ការចាប់ផ្តើមនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ របស់​អ៊ុយក្រែននិងរុស្ស៊ីនេះ គឺជាដំណឹងដ៏ល្អមួយ ដោយគេរំពឹងថា ​វានឹងអាចជួយ​ធ្វើ​ឲ្យ​តម្លៃតម្លៃទំនិញ ក៏ដូចជាវត្ថុធាតុដើមនានាចុះថោក។ ក្រោយ​ការផ្ទុះសង្គ្រាម​នៅអ៊ុយក្រែន ដែលបានធ្វើ​ឲ្យ​រាំងស្ទះទាំងស្រុង ដល់កំពង់ផែ ក៏ដូចជា​​ចរាចរណ៍នាវាក្នុងសមុទ្រខ្មៅ តម្លៃគ្រាប់ធញ្ញជាតិដែលមាន​ស្រូវសាឡី ពោត ព្រមទាំង​ជីកសិកម្មជាដើម បានឡើងខ្ពស់ស្រឺតៗ។ កង្វះវត្ថុធាតុដើម​នេះ​ បានទាញ​ធ្វើឲ្យ​តម្លែទំនិញនានាឡើងថ្លៃ បង្កការលំបាកជាខ្លាំងដល់ជីវភាព ជាពិសេសនៅតាមប្រទេសក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ