អានតួអត្ថបទ
អ៊ុយក្រែន-ស្បៀងអាហារ-អាហ្វ្រិក

នាវា​ដឹកស្រូវ​សាឡី​ជាង​២ម៉ឺនតោន របស់​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ត្រៀម​ចេញ​ពី​កំពង់ផែ​អ៊ុយក្រែន

នាវាមួយគ្រឿងរបស​់អង្គការកម្មវិធី​ស្បៀងអាហារពិភពលោក ដែលដឹកស្រូវសាឡីចំនួន​ជាង​២ម៉ឺនតោន បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាកចេញពីកំពង់ផែ Pivdenny របស់អ៊ុយក្រែន។ យោងតាម​រដ្ឋមន្ត្រី​ក្រសួងសាធារណការនិងដឹកជញ្ជូនអ៊ុយក្រែន នាវាមនុស្សធម៌ទីមួយនេះ នឹងដឹកស្រូវសាឡីអ៊ុយក្រែន ចេញទៅ​កាន់​ទេសអេត្យូពី។ ប្រទេសតំបន់ស្នែងអាហ្វ្រិក ដែលមាន​ដូចជា​អេត្យូពី សូម៉ាលី និងកេនយ៉ា កំពុងតែជួប​គ្រោះរាំងស្ងួត ហើយ​ប្រជាជនច្រើនលាននាក់​ ប្រឈមនឹងគ្រោះទុរ្ភឹក្ខ។​

ក្រុមការងារកំពុងចាក់ផ្ទុកស្រូវសាឡីចំនួន ២៣០០០តោន ទៅក្នុងនាវា MV Brave Commander របស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីដឹកទៅកាន់ប្រទេសអេត្យូពី។​ កំពុងផែ Pivdenny ភាគខាងត្បូងអ៊ុយក្រែន ថ្ងៃទី ១៤សីហា ២០២២
ក្រុមការងារកំពុងចាក់ផ្ទុកស្រូវសាឡីចំនួន ២៣០០០តោន ទៅក្នុងនាវា MV Brave Commander របស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក ដើម្បីដឹកទៅកាន់ប្រទេសអេត្យូពី។​ កំពុងផែ Pivdenny ភាគខាងត្បូងអ៊ុយក្រែន ថ្ងៃទី ១៤សីហា ២០២២ AFP - OLEKSANDR GIMANOV
ផ្សាយពាណិជ្ជកម្ម

លោក Oleksandre Koubrakov រដ្ឋមន្ត្រី​ក្រសួងសាធារណការនិងដឹកជញ្ជូនអ៊ុយក្រែន បានចុះមកត្រួតពិនិត្យ​ដោយ​ខ្លួនឯង ដល់កំពង់ផែ Pivdenny ក្នុងទីក្រុង Youjné នៅថ្ងៃអាទិត្យ​ទី​១៤សីហា។ នាវា MV Brave Commander របស់​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (PAM) នឹងដឹកស្រូវសាឡីអ៊ុយក្រែន ចំនួន២៣០០០តោន ឆ្ពោះទៅកាន់​កំពង់ផែជីប៊ូទី ដើម្បីទំលាក់​ស្រូវ​សាឡី​ ឲ្យ​គេដឹកបន្តទៅប្រទេសអេត្យូពី។

គួររំលឹកថា​ កាលពីខែកក្កដា អ៊ុយក្រែននិងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងជាមួយគ្នា​ ដោយ​មានការជ្រោមជ្រែងពីតួកគី និង​អង្គការ​​សហប្រជាជាតិ ដើម្បី​​​​បើក​ផ្លូវ​​ឲ្យ​​មានចរាចរណ៍​នាវា​​ដឹក​ទំនិញ​​គ្រាប់​ធញ្ញជាតិ​ ចេញ​ពីកំពង់​ផែ​អ៊ុយក្រែន​ឡើងវិញ។​ ចាប់តាំងពីថ្ងៃទី​១សីហាមក មាន​នាវា​ពាណិជ្ជកម្ម​ឯកជន​ចំនួន​​១៦ហើយ​ ដែល​​បាន​​ចាកចេញ​ពី​កំពង់ផែ​អ៊ុយក្រែន។​ តែលើកនេះ គឺជា​នាវា​​របស់អង្គការ​មនុស្សធម៌​ទី១ហើយ ដែល​ដឹក​គ្រាប់​ធញ្ញជាតិ​ចេញ​ពី​​កំពង់ផែ​អ៊ុយក្រែន បន្ទាប់ពី​ផ្ទុះ​សង្គ្រាម​ជាង​​៥ខែមកនេះ។​

លោកស្រី​ Marianne Ward អគ្គនាយករងទទួលបន្ទុកចាត់ចែងប្រតិបត្តិការ នៃ​កម្មវិធីស្បៀង​អាហារ​ពិភពលោក បាន​​អះអាងថា នឹង​មាន​នាវា​ច្រើន​ថែមទៀត ដែល​គេគ្រោង​​ដឹកគ្រាប់​ធញ្ញជាតិចេញ​ពីអ៊ុយក្រែន ដើម្បី​យកទៅ​ជួយប្រទេស​ក្រីក្រ​នៅអាហ្វ្រិក។​

គួរបញ្ជាក់ដែរ​ថា អ៊ុយក្រែននិងរុស្ស៊ី គឺជា​ប្រទេស​២ដ៏ធំ ដែល​នាំចេញ​ទិន្នផល​កសិកម្ម​​ ដូចជាស្រូវសាឡី និងគ្រាប់ពោត​ច្រើនជាងគេបំផុត។ សង្គ្រាម​នៅ​អ៊ុយក្រែន​ជាង​៥​ខែមកនេះ បានធ្វើ​ឲ្យ​​តម្លៃស្បៀង​អាហារ​ឡើងថ្លៃ​ជាខ្លាំង ខណៈប្រទេស​ក្រីក្រ​នៅអាហ្វ្រិក​​កំពុង​ជួបគ្រោះ​រាំងស្ងួត។ យ៉ាងណាមិញ នៅថ្ងៃអាទិត្យ​ទី​១៤សីហា សម្តេច​ប៉ាប​ប្រមុខ​សង្ឃកាតូលិក បាន​អំពាវនាវ ឲ្យ​សហគមន៍​​អន្តរជាតិ រួមគ្នា​​ជួយប្រទេស​​តំបន់​ស្នែង​អាហ្វ្រិក​ជាបន្ទាន់ ដែលមាន​ដូចជា សូម៉ាលី អេត្យូពី និងកេនយ៉ា។ ​គ្រោះរាំងស្ងួត​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់​មាន​​ប្រមាណ​​៤០ឆ្នាំ​ចុងក្រោយនេះ កំពុង​​តែធ្វើបាន​ប្រជាជន​​នៅ​តំបន់នេះ។

យោងតាម​អង្គការ​​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក យ៉ាងហោច​ណាស់ មានមនុស្ស​​៣៤៥​លាននាក់ នៅតាម​ប្រទេស​ចំនួន​​៨២ប្រទេស ដែលកំពុងតែ​ប្រឈម​នឹង​បញ្ហា​ខ្វះស្បៀងអាហារ ខណៈ​​​មនុស្ស​​ប្រមាណ​​៥០លាន​នាក់​ទៀត នៅ​តាម​ប្រទេស​​៤៥ អាចនឹង​ធ្លាក់ខ្លួន​ទៅ​ក្នុង​គ្រោះទុរ្ភឹក្ខ​ប្រសិន​បើ​គ្មាន​​ជំនួយ​​មនុស្សធម៌​ ជាបន្ទាន់ទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ