អានតួអត្ថបទ
កូដកម្ម-អង់គ្លេស

អង់គ្លេស​បញ្ចេញ​ទាហាន​១២០០នាក់ ដើម្បីធ្វើការជំនួសអ្នកធ្វើ​កូដកម្ម

នៅមួយសប្តាហ៍មុន ចលនា​កូដកម្ម ដែលអាច​ធ្វើ​ឲ្យអង់គ្លេស​ជាប់គាំង នៅ​ដំណាច់ឆ្នាំ រដ្ឋាភិបាល​អង់គ្លេស បាន​ប្រកាស កាលពីថ្ងៃអាទិត្យ ថា​នឹង​បញ្ចេញ​កម្លាំងទ័ព ១២០០​នាក់ សម្រាប់​ជំនួស​កូដករ ដែលអាច​ជា​ប៉ូលិស​ព្រំដែន និងអ្នកបើករថយន្តជួយសង្រ្គោះ។ កូដកម្ម​ដើម្បី​ប្រឆាំង​នឹង​ទំនិញឡើង​ថ្លៃ កំណើន​អតិផរណា ប៉ះពាល់​ដល់​វិស័យជាច្រើន ជាពិសេស នៅក្នុង​វិស័យដឹកជញ្ជូន និង​សុខាភិបាល។

ទាហានអង់គ្លេស​នៅក្នុងអំឡុង​ពិធីបុណ្យសព​របស់​មហាក្សត្រីអេលីហ្សាបែត ទី ២
ទាហានអង់គ្លេស​នៅក្នុងអំឡុង​ពិធីបុណ្យសព​របស់​មហាក្សត្រីអេលីហ្សាបែត ទី ២ AP - Hannah Mckay
ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​អង់គ្លេស ជាទី​ដែល​កម្រិត​អតិផរណា​កើនឡើងខ្ពស់ មិនធ្លាប់មាន ១០% ចលនា​កូដកម្ម និង​បាតុកម្ម ដើម្បីទាមទារ​ការដំឡើងប្រាក់ខែ កាន់តែ​រីកធំ កើនចំនួន ជារៀងរាល់ថ្ងៃ។

បន្ទាប់ពីធ្វើកូដកម្ម មិនធ្វើការ​កាលពីថ្ងៃ​ព្រហស្បតិ៍ គិលានុបដ្ឋាយិកា​នៅមន្ទីរពេទ្យរដ្ឋ​គ្រោង​នឹង​ធ្វើ​កូដកម្ម​ម្តងទៀត នៅ​ថ្ងៃ​អង្គារ​ទី ២០ ធ្នូ ដើម្បី​ទាមទារការដំឡើងប្រាក់ខែ និងលក្ខខណ្ឌ​ការងារ​ល្អប្រសើរជាងមុន។

ទៅតាមការអំពាវនាវ​របស់​សហជីព បុគ្គលិក​បើករថយន្ត​សង្រ្គោះបន្ទាន់​គ្រោងធ្វើកូដកម្ម នៅថ្ងៃទី ២១ និងថ្ងៃទី ២៨ធ្នូ ចំណែក ប៉ូលិស​អន្តោប្រវេសន៍ នៅព្រំដែន ដែលប្រចាំការ នៅ​ព្រលាន​យន្តហោះ​ប្រកាស មិនចូលធ្វើការ ពីពេលនេះ រហូត​ដល់​ថ្ងៃ​បុណ្យឆ្លងឆ្នាំ។

នៅក្នុងបទសម្ភាសន៍ជាមួយ​កាសែត​អង់គ្លេស The Sun ចុះផ្សាយ​កាលពីថ្ងៃ​អាទិត្យ នាយករដ្ឋមន្ត្រីអង់គ្លេស លោករីស៊ី ស៊ូណាក់ បាន​ចោទ​សហជីព​ថា កំពុង​បង្កការលំបាក ទុក្ខវេទនា​ដល់ប្រជាជនអង់គ្លេស​រាប់លាននាក់ តាមរយៈ​ការអំពាវនាវធ្វើកូដកម្ម នៅក្នុង​វិស័យ​ដឹកជញ្ជូន នៅក្នុងអំឡុងបុណ្យចូលឆ្នាំ។

ដើម្បីប្រឈម​នឹងចលនា​កូដកម្ម​ដែល​រាលដាល​ដល់​វិស័យសុខាភិបាល និង​ដឹកជញ្ជូន រដ្ឋាភិបាល​អង់គ្លេស កាលពី​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​បញ្ចេញ​ទាហាន​១២០០​នាក់ និង​មន្រ្តីរាជការ ១០០០នាក់ សម្រាប់​ទៅជំនួស​អ្នកបើករថយន្តសង្រ្គោះបន្ទាន់ និង​ប៉ូលិសព្រំដែន។

ប្រតិកម្ម​តប​នឹង​ការប្រកាស​របស់​រដ្ឋាភិបាល ដែល​គ្រោង​បញ្ចេញ​ទាហាន​ដើម្បី​ជំនួស​អ្នកបើក​រថយន្តសង្រ្គោះបន្ទាន់ និង​ប៉ូលិស​ព្រំដែន​ដែលធ្វើកូដកម្ម ប្រធានសេនាធិការ​ការពារ​ជាតិអង់គ្លេស Tony Radakin ដែល​ដកស្រង់សំដី ដោយកាសែត​Sunday Telegraph​បាន​ព្រមាន មិន​ឲ្យគេ​យកទាហាន​ជា​ជម្រើស​សម្រាប់ ជំនួស​បុគ្គលិកដែលធ្វើកូដកម្ម។ សម្រាប់​អ្នកទទួលខុសត្រូវខាងលើ កងទ័ព​អង់គ្លេស​បាន​បម្រើ​ជាតិ​ច្រើនណាស់​មកហើយ។ លោកបាន​បន្ថែមថា កងទ័ព​គ្មាន​កូតា​បម្រុង​សម្រាប់ធ្វើការ​ជំនួស​អ្នកធ្វើកូដកម្ម និង​ថា កងទ័ពអង់គ្លេស​ត្រូវផ្តោតសំខាន់​លើ​តួនាទីចំបង របស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ