អានតួអត្ថបទ
អតិផរណា

អង់គ្លេសយកពន្ធលើក្រុមហ៊ុនប្រេងដើម្បីយកលុយទៅជួយប្រជាជនប្រឈមអតិផរណា

រដ្ឋាភិបាល​អង់គ្លេស​បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃ​ព្រហស្បតិ៍ អំពី​គម្រោង​យក​ពន្ធ​លើ​ក្រុមហ៊ុនប្រេង ដែល​កំពុង​ទាញយក​ផលចំណេញ​ពី​ការ​ឡើងថ្លៃ​ប្រេង ហើយ​យក​លុយ​ពី​ការ​យកពន្ធ​នេះ ទៅ​ចំណាយ​ក្នុង​កញ្ចប់​ថវិកា ដើម្បីជួយ​ដល់​ប្រជាជន​ក្រីក្រ ដែល​កំពុង​រង​នូវ​ផលប៉ះពាល់​ដោយសារ​បញ្ហា​អតិផរណា។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​បរិបទ​នៃ​កំណើន​​អត្រា​អតិផរណា​ដ៏ខ្ពស់​​មិនធ្លាប់មាន​នៅ​អង់គ្លេស ក្នុងរយៈពេល ៤០ឆ្នាំ​កន្លងទៅនេះ ចំណែក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ក៏​កំពុង​បន្ត​ប្រឈម​នឹង​រឿង​អាស្រូវ ទាក់ទងនឹង​ការ​ល្មើស​នឹង​វិធានបិទខ្ទប់​កូវីដ កាល​ពី​ពេល​កន្លងទៅ។

រដ្ឋាភិបាល​របស់​លោក​បូរីស ចនសុន ដែលកំពុងប្រឈម​នឹង​រឿងអាស្រូវ បាន​សម្រេច​យកពន្ធលើ​ក្រុមហ៊ុនប្រេង ដើម្បីយក​លុយ​ទៅ​ជួយប្រជាជន ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​អតិផរណា
រដ្ឋាភិបាល​របស់​លោក​បូរីស ចនសុន ដែលកំពុងប្រឈម​នឹង​រឿងអាស្រូវ បាន​សម្រេច​យកពន្ធលើ​ក្រុមហ៊ុនប្រេង ដើម្បីយក​លុយ​ទៅ​ជួយប្រជាជន ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​អតិផរណា AP - Victoria Jones
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅ​ក្នុង​កិច្ចប្រជុំ​សភា នៅថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​អង់គ្លេស​បាន​ឲ្យដឹង​ថា ពន្ធពិសេស​ ក្នុងអត្រា ២៥% នឹង​ត្រូវ​យក​ទៅលើ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន ដែល​ ​កំពុងតែ​កើនឡើង​កប់ពពក ដោយទាញ​យក​ផលចំណេញ​ពី​ការ​ឡើងថ្លៃប្រេង និង​ឧស្ម័ន។

រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អង់គ្លេស​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ពន្ធ​ពិសេសនេះ​នឹង​ត្រូវ​ដាក់​ជា​លក្ខណៈបណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ។ នៅពេល​ដែល​តម្លៃប្រេង និង​ឧស្ម័ន​ធ្លាក់ចុះ​មក​កម្រិត​ធម្មតា​វិញ ពន្ធ​ពិសេស​នេះ​ក៏​នឹង​ត្រូវ​កាត់បន្ថយ​ចេញ​វិញ​ទៅ​តាម​នោះផងដែរ។

យោងតាម​ការ​ប៉ាន់ស្មាន​របស់​រដ្ឋាភិបាល ពន្ធពិសេស​លើ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​នេះ អាច​នឹង​មានទំហំជាទឹកប្រាក់​ប្រមាណ​ជា ៥ពាន់លានផោន ឬស្មើ​នឹងជាង ៦ពាន់លាន​ដុល្លារ នៅ​ក្នុង​រយៈពេល​មួយឆ្នាំខាងមុខ។ លុយដែល​បាន​ពីការ​យកពន្ធ​ពិសេស​នេះ​នឹង​ត្រូវ​យក​ទៅ​ដាក់​បញ្ចូល​ក្នុង​កញ្ចប់​ថវិកា គិតជាសរុប​ចំនួន​ ១៩ពាន់លាន​ដុល្លារ ដែល​រដ្ឋាភិបាល​គ្រោង​ចំណាយ ដើម្បី​ជួយ​ប្រជាជនអង់គ្លេស ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព បង្ក​ឡើង​ដោយ​បញ្ហា​អតិផរណា។

តាមគម្រោង នៅខែតុលា​ខាងមុខនេះ ប្រជាជន​អង់គ្លេស​ទូទៅ​គ្រប់​គ្រួសារ​ទាំងអស់ នឹង​ទទួល​បាន​ជំនួយ​ពីរដ្ឋ​ចំនួន ៤០០ផោន ឬ​ស្មើ​នឹង​ ៥០០ដុល្លារ ក្នុងមួយគ្រួសារ ដើម្បី​ជួយរ៉ាប់រង​​ការ​ចំណាយ​លើ​​ផ្នែក​ថាមពល។ ចំណែក​ប្រជាជន​ ដែល​គេ​រាប់បញ្ចូល​ជា​គ្រួសារក្រីក្រ​ នឹង​ទទួល​បាន​ជំនួយបន្ថែមពីលើនេះ ចំនួន​ ៦៥០ផោន ឬស្មើ​នឹង​ជាង ៨០០ដុល្លារ​ ក្នុងមួយគ្រួសារ ដើម្បី​ជួយ​ទប់ទល់នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ។

គួរបញ្ជាក់ថា កាល​ពីពេល​កន្លងទៅនេះ លោក​បូរីស ចនសុន នាយករដ្ឋមន្រ្តី​អង់គ្លេស​ធ្លាប់​បាន​បដិសេធ​ជាច្រើន​លើករួចមកហើយ​ រឿង​យក​ពន្ធពិសេស​លើ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ប្រេង ក្រោមហេតុផល​ថា វា​អាច​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​កាត់បន្ថយ​ការ​វិនិយោគ​ទៅលើ​វិស័យថាមពល​បៃតង។

ហេតុដូច្នេះហើយ​បាន​ជា​មាន​អ្នក​រិះគន់​ថា ការណ៍​ដែល​រដ្ឋាភិបាល​ផ្លាស់ប្តូរ​ជំហរ ប្រកាស​យក​​ពន្ធពិសេស​ ដើម្បី​យក​លុយ​ទៅ​ជួយ​ប្រជាជន​នៅពេលនេះ គឺ​ធ្វើឡើង ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​សាធារណមតិ ឲ្យ​ចេញ​ពី​រឿង​អាស្រូវ ដែលកំពុងតែកក្រើកឡើងវិញ ជុំវិញ​រឿង​លោក​បូរីស ចនសុន ព្រមទាំងមន្រ្តី​មួយចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក បាន​ធ្វើ​ពិធី​ជួបជុំគ្នា នៅក្នុង​អំឡុង​វិបត្តិ​កូវីដ ល្មើស​ទៅនឹង​វិធានការ​បិទខ្ទប់ ដែល​ខ្លួនឯង​បាន​ដាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ