អានតួអត្ថបទ

អង់គ្លេស ប្រឈម​មុខ​ជាថ្មីនៅ​តុលាការ​កំពូល ក្នុង​សំណុំ​រឿង​លក់​អាវុធ​ឲ្យ​អារ៉ាប៊ីសាអូឌីត

នៅ​​រាជធានី​ឡុងដ្រ៍ ថ្ងៃអង្គារ រដ្ឋាភិបាលអង់គ្លេស ត្រូវ​ប្រឈមមុខជាថ្មីនៅចំពោះ​មុខ​តុលាការកំពូល ក្នុងសំណុំរឿងលក់អាវុធឲ្យ​បរទេស។ អង្គការដ៏​ល្បីល្បាញមួយ ឈ្មោះថា CAAT​ ធ្វើ​ការ​ខាង​ប្រយុទ្ធប្រឆាំងនឹងការជួញដូរអាវុធ បាន​ប្តឹងរដ្ឋាភិបាល​អង់គ្លេសដែល​នៅ​តែ​​បន្ត​លក់អាវុធ​ក្នុង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ ទៅ​ឱ្យរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ីសាអូឌីត ដែល​បាន​យក​អាវុធ​ទៅ​បង្ក​សង្គ្រាម​ដ៏​ចម្រូង​ចម្រាស់ ជា​ច្រើន​ឆ្នាំមកហើយ នៅក្នុង​ប្រទេស ​យេម៉ែន។

អង្គការ CAAT​ ធ្វើ​ការ​ខាង​ប្រយុទ្ធប្រឆាំងនឹងការជួញដូរអាវុធ បាន​ប្តឹងរដ្ឋាភិបាល​អង់គ្លេសដែល​នៅ​តែ​​បន្ត​លក់អាវុធ ទៅ​ឱ្យ អារ៉ាប៊ីសាអូឌីត។
អង្គការ CAAT​ ធ្វើ​ការ​ខាង​ប្រយុទ្ធប្រឆាំងនឹងការជួញដូរអាវុធ បាន​ប្តឹងរដ្ឋាភិបាល​អង់គ្លេសដែល​នៅ​តែ​​បន្ត​លក់អាវុធ ទៅ​ឱ្យ អារ៉ាប៊ីសាអូឌីត។ © CAAT
ផ្សាយពាណិជ្ជកម្ម

បណ្តឹង​ប្រឆាំង​នឹង​ រដ្ឋាភិបាល​អង់គ្លេស បាន​ចាប់ផ្តើម​នីតិវិធី​ តាំងពី​ឆ្នាំ​២០១៩។ ពាក្យ​ប្តឹង​កាលនោះ បាន​ជំរុញ​​ឲ្យ ​រដ្ឋាភិបាល​ បង្ខំ​ចិត្ត ផ្អាក​ការ​លក់​អាវុធ​ឲ្យ ​អារ៉ាប៊ីសាអូឌីត មួយ​រយៈ​។ ក៏ប៉ុន្តែ រំលង​បាន​តែ​មួយ​ឆ្នាំ រដ្ឋអំណាច​ទីក្រុង​ឡុងដ្រ៍ ប្រកាសជាថ្មី​ថាអាច​ផ្តើមលក់​អាវុធ​និង​បញ្ជូន​គ្រឿង​បរិក្ខារយោធា​​ឲ្យ​ រដ្ឋបាល​ទីក្រុង​រីយ៉ាដ វិញ​បាន​ហើយ គឺបន្ទាប់ពី​បាន​វាយ​តម្លៃ​ស្ថានការណ៍​ជាថ្មី។ ការ​សិក្សា​ជាថ្មីនោះ​ ដែល ​ទីក្រុងឡុងដ្រ៍ អះអាង​ថា​គ្មាន​សញ្ញាណ​ហា​និភ័យ​​ ក្នុងការ​រំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ​អ្វី​ធ្ងន់ធ្ងរ​ឡើយ។​

ការ​អះអាង​នេះ ត្រូវ អង្គការប្រយុទ្ធប្រឆាំងនឹងការជួញដូរអាវុធ ​ច្រាន​ទាត់​ចោល​។  អ្នក​នាំពាក្យ​របស់​អង្គការ​នេះ​ ឈ្មោះ​ Emily Apple បាន​សម្តែង​ក្តី​សោកស្តាយ និង​ថា រដ្ឋាភិបាល​អង់គ្លេស​ប្រើ​មូលហេតុ​និង​លេសដែលគ្មាន​មូលដ្ឋាន​ហេតុ​ផល ដើម្បី​អាច​នឹង​បន្ត​លក់​អាវុធ ចំណេញ​លុយ​កាក់​ខាង​សេដ្ឋកិច្ច តែបំផ្លាញ​សម្លាប់​អាយុជីវិត​មនុស្ស​។ ​

អង្គការ​ដដែល ​ប្រកាស​ទិន្នន័យថា ចាប់ពី​២០១៥មក​ ការ​លក់​អាវុធពី​សំណាក់​រដ្ឋាភិបាល​អង់គ្លេស​ឲ្យ​ អារ៉ាប៊ីសាអូឌីត គឺ​មាន​តម្លៃ​ប្រមាណ ៧,៩ ពាន់​លាន​លីវ្រ។ អង្គការ​នេះ​​ នៅ​តែ​រក្សា​ជំហរ​អះអាង​ថា អាវុធ​និង​ទង្វើ​របស់អង់គ្លេស​ គឺ​ចូលរួម​ចំណែ​ក​បង្ក​វិនាសកម្មនៅ​យេម៉ែន និង​​ រំលោភ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ ។​ អាស្រ័យ​ហេតុដូច្នេះហើយ ទើប​ តុលាការ​កំពូល​ នៅ​ទីក្រុង​ឡុងដ្រ៍ បាន​បើក​សវនាការ​ជាថ្មី​ នៅអង្គារ៍ ទី​៣១មករា​ ដើម្បី​ត្រួត​ពិនិត្យ​មើល​សកម្មភាព​ស្រប​ច្បាប់​ឬ​ខុស​ច្បាប់ របស់​រដ្ឋាភិបាល​អង់គ្លេស។

គួរ​រំឭកជូនថា ចាប់តាំង​ពី​ឆ្នាំ​២០១៥មក ព្រះរាជាណាចក្រ​ អារ៉ាប៊ីសាអូឌីត​ បាន​បើក​យុទ្ធនាការ​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​ យេម៉ែន។ យេម៉ែន ជាទី​ដែល​មាន​មហាប្រទេសផ្សេងៗ​លូកដៃបង្ក​ជម្លោះ​ និង​ដែល​មាន​និន្នាការ​មនោគមន៍​វិជ្ជាផ្សេងៗគ្នា​ផង។

ច្រើន​លើកមកហើយ​ អង្គការ​សហប្រជាជាតិ​​ បាន​ថ្កោល​ទោសការ​បង្ក​​សង្គ្រាមបង្ហូរ​ឈាម​នេះ​ ដែល​​បង្ក​ជា​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ​ និង​បណ្តាល​ឲ្យ​មាន​គ្រោះ​ទុរ្ភិក្ស​ គ្រោះ​អត់​ឃ្លាន​​​នៅ​យេម៉ែន។​ យេម៉ែន ​មាន​ប្រជាជនប្រមាណ​ ៣០លាន​នាក់ ក្នុង​នោះ គឺ រាប់ពាន់​​នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម ក្នុង​ពេល​៧-៨ឆ្នាំចុងក្រោយ​នេះ​ ហើយពលរដ្ឋ​​រាប់​លាន​នាក់ ត្រូវ​រត់ភៀសខ្លួនចោលផ្ទះ​សម្បែង​ ​ទាំងបង្ខំចិត្ត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ