អានតួអត្ថបទ
កូវីដ១៩-អង្គការសុខភាពពិភពលោក

WHO៖ ការគំរាមកំហែង​របស់​មេរោគ​កូវីដ​នឹង​ធ្លាក់ចុះខ្សោយ មកនៅត្រឹម កម្រិត​មេរោគ​គ្រុនផ្តាសាយ

៣ឆ្នាំ​ក្រោយជំងឺកូវីដលេចរូបរាង រាតត្បាតពេញសកលលោក និង​បានសម្លាប់មនុស្ស​ជាង ៦លាននាក់ អង្គការសុខភាពពិភពលោក កាលពីថ្ងៃ​សុក្រ​ម្សិលមិញ វាយតម្លៃថា ស្ថានភាព​គំរាមកំហែង​របស់​ជំងឺកូវីដ​១៩​នឹង​អាចធ្លាក់ចុះកម្រិត មកនៅ​ត្រឹម​ជំងឺគ្រុនផ្តាសាយ។ នៅក្នុង​សន្និសីទកាសែត​កាលពីថ្ងៃ សុក្រ ប្រធាន​កម្មវិធី​អាសន្ន​របស់​អង្គការ​សហប្រជាជាតិ​បានបង្ហាញ​ការជឿជាក់ដែលថា អង្គការ​សុខភាព​ពិភពលោក​នឹង​អាច​បញ្ចុះទម្លាក់​កម្រិត​អាសន្ន​អតិបរមា​នៃជំងឺឆ្លងរាតត្បាត​កូវីដ យ៉ាង​យូរ នៅ​ឆ្នាំ​២០២៣នេះ។

អ្នកទទួលខុសត្រូវកម្មវិធីអាសន្នរបស់អង្គការសុខភាពពិភពលោក លោក Michael Ryan
អ្នកទទួលខុសត្រូវកម្មវិធីអាសន្នរបស់អង្គការសុខភាពពិភពលោក លោក Michael Ryan AP - Salvatore Di Nolfi
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​រយៈពេល​ជាង​៣ឆ្នាំ ដែលជំងឺកូវីដ​ឆ្លងរាតត្បាត សម្លាប់​មនុស្ស ជិត ៧លាននាក់ ស្ថានភាព​ជំងឺកូវីដ នៅ​ក្នុងពិភព​លោក​សព្វថ្ងៃ​បាន​ល្អប្រសើរខ្លាំង ​ជាងពេលណាៗ​ទាំងអស់។ នេះបើតាម​ការវាយតម្លៃ​របស់​អង្គការ សុខភាព​ពិភពលោក។

នៅក្នុង​សន្និសីទ​កាសែត នៅទីក្រុង​ហ្សឺណែវ កាលពីថ្ងៃ​សុក្រ ​អ្នកទទួលខុសត្រូវ​កម្មវិធី​អាសន្ន​របស់​អង្គការសុខភាពពិភពលោក លោក Michael Ryan អះអាងថា ការគំរាមកំហែង​របស់​មេរោគកូវីដ​បាន​ធ្លាក់ថយចុះ មកនៅ​ត្រឹម​កម្រិតមេរោគគ្រុនផ្តាសាយធំ ដែលនៅតែកាច ​អាច​សម្លាប់មនុស្ស ប៉ុន្តែ មិនទៅ បង្ក ការរំខាន​ជីវិត​រស់នៅ របស់​មនុស្ស ឬដាក់បន្ទុកលើ​ប្រព័ន្ធ​មន្ទីរពេទ្យ។

ស្ថានភាពជំងឺកូវីដ​ចាប់​ល្អប្រសើរ​ឡើងខ្លាំង ធ្វើ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក មានទំនុកចិត្ត​ថា គេនឹង​អាច​បិទទំព័រ​កូវីដ ជំងឺ​ឆ្លង​រាតត្បាត​សកល យ៉ាងយូរបំផុត នៅ​ឆ្នាំនេះ។

នៅថ្ងៃទី​១១​មីនា ឆ្នាំ ២០២០ នាយក​អង្គការ​សុខភាព​ពិភពលោក លោក តេត្រូស (Tedros Adhanom Ghebreyesu)បាន​ប្រកាស​ចាត់ទុក ជា​ផ្លូវការ ជំងឺ​កូវីដ១៩ ជា​ជំងឺ​រាតត្បាត​សកល ដោយ​លែងចាត់ទុក​ជា​ជំងឺ​​រីករាលដាលខ្លាំង ឬ​រាតត្បាត​ធម្មតា។

នៅ​ខួប​បីឆ្នាំ នៃ​ការប្រកាស​សុខភាព​អាសន្ន កម្រិតពិភពលោក កាលពី​សប្តាហ៍មុន លោក​តេត្រូស រំលឹកឡើងវិញថា អង្គការសុខភាពពិភពលោក​បានសម្រេចចិត្ត​ប្រកាស​ចាត់ទុក ជំងឺកូវីដ​១៩ ជា​ជំងឺរាតត្បាត​សកល ដោយ​យោងទៅលើ​ភាពអាសន្ន និងការរីករាលដាល​ធ្ងន់ធ្ងរ​របស់​កូវីដ​១៩ និង​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ពិភពលោក​ចាត់វិធានការ សមស្របទៅ​នឹង​ស្ថានភាព​គំរាមកំហែង​របស់​មេរោគកូវីដ។

ប៉ុន្តែ នៅ​៣ឆ្នាំ​ក្រោយ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​សង្កេតឃើញថា ករណី​ឆ្លង និង​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ បាន​ធ្លាក់​ចុះ​គួរឲ្យកត់សំគាល់។ នៅក្នុង​ពិភពលោក មនុស្ស​ប្រមាណ ៣២ ០០០នាក់ ស្លាប់ដោយសារ​ជំងឺកូវីដក្នុងរយៈពេលមួយខែ។

ចាប់តាំង​ពី​លេចមុខ​ដំបូង​នៅ​ខេត្ត​វូហាន​ប្រទេស​ចិន នៅ​ចុងឆ្នាំ ២០១៩ មេរោគកូវីដ​សម្លាប់មនុស្ស​ជិត ៧លាននាក់ និង​ឆ្លងទៅ​មនុស្ស​ជាង ៧៦០លាននាក់ នៅក្នុងពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ