អានតួអត្ថបទ
អ៊ុយក្រែន

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​អនុម័ត​ផែនការ​ជំនួយ​ថ្មី ១៥ពាន់​លាន​សម្រាប់​អ៊ុយក្រែន

អង្គការ​អន្តរជាតិ​និ​ងអ្នក​គាំទ្រ​អ៊ុយក្រែន ​បាន​និ​ងកំពុង​ផ្តើម​​​ជួយ​ស្តារ​និង​ស្ថាបនា​ប្រទេស​អ៊ុយក្រែន​ឡើង​វិញ​។ នៅ​​ថ្ងៃ​សុក្រ​ទី ៣១​មីនា ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិបាន​​អនុម័ត​ជំនួយថ្មី ​តម្លៃ​១៥,៦ពាន់​លាន​​ដុល្លារ​ ដែល​​​ជា​ផ្នែក​មួយ​នៃ​ផែនការ​គោល​ ​១១៥ពាន់​លាន​ដុល្លារ​ ចុះ​ហត្ថលេខា​ជាមួយ​​រដ្ឋាភិបាល​អ៊ុយក្រែន​កាលពី​ពីរ​សប្តាហ៍​មុន។ ការ​អនុម័ត​នេះ​ បាន​បើក​ផ្លូវ​ឱ្យ​អ៊ុយក្រែន​បាន​ទទួល​លុយ​មួយ​វគ្គ​ដំបូង​ចំនួន២,៧ពាន់​លាន​ដុល្លារ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​អនុម័ត​ផែនការ​ជំនួយ​១៥ពាន់​លាន​សម្រាប់​អ៊ុយក្រែន
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​អនុម័ត​ផែនការ​ជំនួយ​១៥ពាន់​លាន​សម្រាប់​អ៊ុយក្រែន AP - Andrii Marienko
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុ​នៃការ​ផ្តល់​ជំនួយ​ថ្មី​ គឺ​ដើម្បី​ឱ្យ​រដ្ឋ​អ៊ុយក្រែន​យក​ទៅ​ប្រើប្រាស់​ជា​បឋម​សម្រាប់​ពង្រឹង​គម្រោង​ថវិកា​ឆ្នាំ​២០២៣​របស់​ខ្លួន​ផង និង​ដើម្បី​ពង្រឹង​ប្រភព​ចំណូល​ពន្ធដារ​ផង ហើយ​កំរិត​វិបត្តិ​អតិផរណាទៀត។

ចំណែក​ឯ​ផែនការ​គោលរបស់អង្គការ​មូលនិធិ​រូបិយវត្ថុ​​​អន្តរជាតិ ចូល​រួម​ដោយ​អង្គការ​ស្ថាប័ន​ព្រមទាំង​ម្ចាស់​កម្ចី​ទ្វេភាគី​អ៊ុយក្រែន​ជា​ច្រើន​ទៀត​ ​ដែល​មាន​ទំហំ​ ១១៥​ពាន់​លាន​ដុល្លារ​វិញ សំដៅ​ជួយ​អ៊ុយក្រែន​ រយៈ​ពេល​បួន​ឆ្នាំ មាន​​ទម្រង់​ជា​ ការ​លុប​បំណុល​ចាស់​មួយ​ភាគ​ ចំនួន​​២ពាន់​លាន​ដុល្លារ​  សម្រាល​បំណុល​ចំនួន ២០ពាន់​លាន​ដុល្លារ ជាប្រាក់​​កម្ចី​ចំនួន៦០ពាន់​លាន​ដុល្លារ និង ២០ពាន់​លាន​ដុល្លារ ជា​អំណោយ​។ នេះ​បើ​តាម​ការ​​លម្អិត​របស់​មូលនិធិ​រូបិយវត្ថុអន្តរជាតិ​ដដែល

ជាមួយ​នឹង​គម្រោង​ជំនួយ​ដ៏​មហិមានេះ អ៊ុយក្រែន​អាច​នឹង​ធានារ៉ាប់រង​ស្តារ​ និង​ស្ថាបនា​ប្រទេស​ឡើងវិញបាន​ក្រោយ​ចប់​សង្គ្រាម។ មូលនិធិរូបិយវត្ថុអន្តរជាតិ​រំពឹង​ថា អ៊ុយក្រែន​នឹង​មាន​កំណើន​សេដ្ឋកិច្ច​សន្សឹម​ៗឡើង​វិញ​បន្តិចម្តងៗ​នៅ​ឆ្នាំ​នេះ ហើយ​ហក់​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០២៤​ (៣,២%) និង​២០២៥ (៦%)។​ ប៉ុន្តែអង្គការ​ក៏​​មានរៀប​​សេណារីយ៉ូ​អវិជ្ជមានខ្លាំង​ ដោយគ្រោង​​ពន្យារ​​​ប្រាក់​កម្ចី និង​បន្ថែម​ហិរញ្ញវត្ថុ​ ប្រ​​​សិន​បើ​សង្គ្រាមត្រូវ​អូស​បន្លាយយូរ​​​ខ្លាំង​រហូត​ដល់​ចុង​ឆ្នាំ​២០២៥ មិនមែន​​ចប់​ត្រឹម​​ពាក់​កណ្តាល​ឆ្នាំ​២០២៤ ដូច​ការ​គិត​នាពេល​បច្ចុប្បន្ននេះ។

អ៊ុយក្រែន​បាន​ទទួល​ការ​គាំទ្រ​ពី​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​តាំងពី​រុស្ស៊ី​ចូល​ឈ្លាន​ពាន​ក្រុងកៀវ​ថ្ងៃទី​២៤​កុម្ភៈ​២០២២​ភ្លាម​។ តាំងពីពេល​នោះ​មក ធនាគារ​ពិភពលោក ​បានផ្តល់​​លុយ​ឱ្យ​អ៊ុយក្រែន​២០ពាន់​លាន​ដុល្លារ អាមេរិកជាង​​​១១០ពាន់​លាន​ដុល្លារបើ​​បូក​នឹង​ជំនួយ​យោធា​ទៀត។ ជំនួយ​ទាំង​អស់​នេះ​បាន​ធ្វើឱ្យសេវាសាធារណៈ​​អ៊ុយក្រែន​បន្ត​ដំណើរការ​យ៉ាង​រលូន​និង​ឱ្យ​បុគ្គលិក​រដ្ឋការទទួល​​ប្រាក់​បៀរវត្សរ៍​ជាប់ឥតដាច់​ ព្រមទាំង​បាន​ជួយ​ដោះ​បន្ទុក​ក្នុង​ផ្នែក​​ទ្រទ្រង់​ជនធ្វើ​បំលាស់​ទីក្នុង​ស្រុក​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ