អានតួអត្ថបទ
អង់គ្លេស-អៀរឡង់ខាង​ជើង

អៀរឡង់​ខាង​ជើង​ប្រារព្វ​ខួប​២៥​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ដ៏​ផុយស្រួយ

១០ មេសា​ ១៩៩៨-១០មេសា​២០២៣ ថ្ងៃ​ចន្ទនេះ​ជា​គម្រប់​ខួប​ទី ២៥​ឆ្នាំ​គត់ នៃ​ការ​ចុះ​កិច្ចព្រមព្រៀងសន្តិភាព​ បិទ​បញ្ចប់​ជម្លោះ​​ហិង្សា​បីទសវត្សរ៍​នៅ​​ខេត្ត​​អៀរឡង់​ខាង​ជើង​របស់​អង់គ្លេស​។ ប៉ុន្តែ​ ​បច្ចុប្បន្ន​នេះ សន្តិភាព​នៅ​តែស្ថិត​ក្នុង​សភាព​​ផុយស្រួយ​ខ្លាំង​ដដែល។ ដូច្នេះ​គ្មាន​ទេ​ពិធី​ប្រារព្វ​ខួប​យ៉ាង​អឹកអធឹកនោះ មាន​ត្រឹម​តែ​ដំណើរ​ទស្សនកិច្ច​​គួរ​កត់​សម្គាល់ របស់​លោក​ប្រធានាធិបតី​អាមេរិក ចូបៃដិន នៅ​អៀរឡង់​ខាង​ជើង​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខប៉ុណ្ណោះ។

អៀរឡង់​ខាង​ជើង​ប្រារព្វ​ខួប​២៥​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ដ៏​ផុយស្រួយ​
អៀរឡង់​ខាង​ជើង​ប្រារព្វ​ខួប​២៥​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ដ៏​ផុយស្រួយ​ AP - Peter Morrison
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ការ​ចរចា​រវាង​ប្រទេស​​អង់គ្លេស ប្រទេស​អៀរឡង់ និង​សហរដ្ឋ​អាមេរិក​ ក្រុម​អ្នក​បង្រួបបង្រួម​និយម​អៀរឡង់​ខាងជើង​ដែល​កាន់​សាសនានិកាយ​ប្រូតេស្តង់ និង​ក្រុម​អ្នក​សាធារណរដ្ឋ​អៀរឡង់​ខាង​ជើង​​​កាន់​សាសនា​កាតូលិក​ភាគ​ច្រើន​ គាំទ្រ​ដោយ​​យោធា​អង់គ្លេស​ បាន​រក​ឃើញ​កិច្ចព្រមព្រៀង​សន្តិភាព​ ចុះ​ហត្ថលេខា​នៅថ្ងៃទី ១០​មេសា​១៩៩៨ បិទ​បញ្ចប់​ជម្លោះ​រ៉ាំរៃ​ ​ជិត​បី​ទសវត្សរ៍ ដែល​ផ្តាច់​ជីវិត​មនុស្ស​អស់​ជាង​៣៦០០នាក់​។

​កិច្ចព្រមព្រៀង​សន្តិភាព បាន​រំសាយ​ព្រំដែន​យោធា ដក​អាវុធពីកង​កម្លាំង​ស្វ័យត្រាន ហើយ​កងទ័ព​​អង់គ្លេស​ក៏​បាន​ចាក​ចេញ​។ ប៉ុន្តែ​២៥​ឆ្នាំក្រោយ​មក សន្តិភាព​នៅ​អៀរឡង់​ខាង​ជើង​មាន​ស្ថានភាព​ផុយស្រួយ​ជាង​ពេល​ណា​ៗទាំងអស់។ អៀរឡង់​ខាង​ជើង​កំពុង​ប្រឈម​នឹង​ភាព​ទ័លច្រក​នយោបាយ និង​បញ្ហា​អសន្តិសុខ។

ជាង​មួយ​ឆ្នាំ​ក្រោយ​ពី​អង់គ្លេស​ផ្តាច់​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប ស្ថាប័ន​មូលដ្ឋាន​នៅ​អៀរឡង់​ខាង​ជើង​ហាក់​ត្រូវជាប់​គាំង​។ គណបក្ស​បង្រួបបង្រួម​​និយម​អៀរឡង់​ខាង​ជើង​ បដិសេធ​មិន​សហការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ឡុងដ៍ទេ​ ដរាបណា​វិធានការក្រោយ​Brexit ​​​ដែល​ចង់​បញ្ចៀស​មិន​ឱ្យ​មាន​ការ​ដាក់​ព្រំដែន​ខណ្ឌ​ចែក​ខេត្ត​អៀរឡង់​ខាង​ជើង​និង​ប្រទេស​អៀរឡង់​ ត្រូវ​លុប​ចោល​ទេ​នោះ។ ​គណបក្ស​នេះ​ទើប​ច្រាន​ចោទ​ពិធីសារ​ដែល​អឺរ៉ុប​និង​អង់គ្លេស​បាន​ចរចា​ឡើង​វិញ កាលពី​សប្តាហ៍មុន។ ក្នុង​បរិបទ​តាន​តឹង​នយោបាយ​នេះ អៀរឡង់​ខាង​ជើង​កំពុង​ដំឡើង​កំរិត​​គំរាមកំហែង​ភេរវកម្ម​ទៀត ក្រោយ​ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​ឃាតប៉ូលិស ពី​សំណាក់​សកម្មជន​ផ្តាច់​ខ្លួន​បក្ស​សាធារណរដ្ឋ​អៀរឡង់​ខាង​ជើង​។

គ្មាន​ការ​ប្រារព្វពិធី​​​ធំ​ដុំចំថ្ងៃ​ខួបមែន ប៉ុន្តែនា​ឱកាស​នេះ មាន​ឥស្សរជន​នយោបាយ​មួយ​ចំនួន​ នឹង​អញ្ជើញ​ទៅ​អៀរឡង់ខាង​ជើង​។ គួរ​ឱ្យ​កត់​សម្គាល់​បំផុត​គឺ​លោកប្រធានាធិបតី​អាមេរិក​ ចូ បៃដិន ដែល​មាន​ដើម​កំណើត​អៀរឡង់​​ ត្រូវ​អញ្ជើញ​ទៅ​ដល់​ក្រុង​ Belfast នៅ​ល្ងាច​ថ្ងៃអង្គារ​ទី ១១​មេសា ដើម្បី​រំលឹក​អំពី​ឆន្ទៈ​អាមេរិក​ក្នុងការ​គាំទ្រ​អៀងឡង់ខាង​ជើង​ និង​អំពី​ភាព​ប្រសើរ​ឡើង​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​។​ កិច្ចព្រមព្រៀង​ ​បន្ត​​ទទួ​ល​បាន​ការគាំទ្រ​ពី​អន្តរជាតិ។ នេះ​ជា​ប្រសាសន៍​របស់​​លោក​​នាយករដ្ឋមន្ត្រី​អង់គ្លេស ស៊ូណាក់ ដែលកាលណោះ​​មាន​អាយុ​ទើប​១៧​ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ