អាល្លឺម៉ង់ចាប់ខ្លួនចារបុរសរុស្ស៊ី ២នាក់ សង្ស័យប្រុងកម្ទេចមូលដ្ឋានយោធាអាមេរិក
ចារបុរសរុស្ស៊ី ២នាក់ ត្រូវនគរបាលអាល្លឺម៉ង់ចាប់ខ្លួន ព្រោះតែប្រុងរៀបចំគម្រោងបំផ្ទុះកម្ទេចរចនាសម្ព័ន្ធយោធាអាល្លឺម៉ង់ ហើយនិងមូលដ្ឋានយោធាសហរដ្ឋអាមេរិក នៅលើទឹកដីអាល្លឺម៉ង់។ រដ្ឋអាជ្ញាប្រឆាំងអំពើភេរវកម្ម បានចោទប្រកាន់ពួកគេទាំង២ តាមផ្លូវច្បាប់ពីបទល្មើសភេរវកម្ម ដែលអាចនឹងត្រូវទទួលទោសជាប់ពន្ធានាគារ ប្រមាណ ១ ទសវត្សរ៍។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៧
ចារបុរសរុស្ស៊ី ២នាក់ ត្រូវនគរបាលអាល្លឺម៉ង់ចាប់ឃុំខ្លួន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧មេសា នៅក្រុង Grafenwöhr ប៉ែកអាគ្នេយ៍ ប្រទេសអាល្លឺម៉ង់។ ជនទាំងទ្វេ ត្រូវរដ្ឋអាជ្ញាបង្ហើបឈ្មោះថា Dieter S. និង Alexander J. ធ្លាប់បានរស់នៅប៉ែកខាងកើតអ៊ុយក្រែន ប្រមាណជា ១០ ឆ្នាំមុន ហើយនិងត្រូវគេស្គាល់ច្បាស់ថា ជាក្រុមជនបះបោរផ្តាច់ខ្លួននៅតំបន់ដូណេត្ក៍ គាំទ្ររុស្ស៊ី។
បើតាមប្រភពពី Der Spiegel ទិន្នានុប្បវត្តិប្រចាំសប្តាហ៍អាល្លឺម៉ង់ដ៏ល្បីល្បាញ, ចារបុរសរុស្ស៊ី ទាំង២នាក់នេះ ត្រូវសង្ស័យថាប្រុងរៀបចំគម្រោងវាយប្រហារសំដៅលើមូលដ្ឋានយោធាអាមេរិក នៅលើដីអាល្លឺម៉ង់។ មូលដ្ឋានយោធាអាមេរិកដែលជាប់ចូលក្នុងផ្ទាំងស៊ីបរបស់ក្រុមអមិត្តនោះ ជាកន្លែងសម្រាប់បង្ហាត់បង្រៀនកងទ័ពអ៊ុយក្រែន ឲ្យចេះប្រើប្រាស់រថគ្រោះចម្បាំង Abrams ដ៏ទំនើប របស់អាមេរិក។
សេចក្តីថ្លែងការណ៍របស់ រដ្ឋអាជ្ញាប្រឆាំងអំពើភេរវនិយម បានឲ្យដឹងថា ក្នុងចំណោមចារជនទាំង២នាក់នោះ មានម្នាក់ធ្លាប់បានលួចផ្តល់ឲ្យព័ត៌មានសម្ងាត់ទៅឲ្យរុស្ស៊ី នៅខែតុលា ឆ្នាំ២០២៣ ហើយនិងរៀបចំគម្រោងធ្វើភេរវកម្មនៅពេលនេះ។ ម្នាក់ទៀតបានចូលរួមឃុបឃិតក្នុងគម្រោងភេរវកម្មគ្រានេះ ចាប់ពីចុងខែមីនា ឆ្នាំ២០២៤។ តំណាងអយ្យការអាល្លឺម៉ង់ បានចោទប្រកាន់ជាផ្លូវការ ប្រឆាំងនឹងចារជនទាំងទ្វេ អំពីបទចូលដៃឃុបឃិតនឹងក្រុមអង្គការភេរវកម្មនិយមបរទេស ហើយដែល ពួកគេទាំង២រូប អាចប្រឈមមុខនឹងត្រូវផ្តន្ទាទោស រហូតដល់ ១០ឆ្នាំ ក្រោយចម្រឹងដែក។
គួរជ្រាបថា ចារបុរសរុស្ស៊ីទាំងពីរនាក់ក៏មានសញ្ជាតិអាល្លឺម៉ង់ដែរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Nancy Faeser បានអបអរសាទរនិងកោតសរសើរដល់ភ្នាក់ងារចារកិច្ចអាល្លឺម៉ង់ ដែលអាចបញ្ជៀសអំពើភេរវកម្មបំផ្ទុះបំផ្លិចបំផ្លាញគម្រោងជំនួយយោធាជួយដល់អ៊ុយក្រែន។ រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ ថែមទាំងបានរិះគន់ថ្កោលទោសរបបដឹកនាំរបស់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដែលប្រព្រឹត្តិអំពើឧក្រិដ្ឋនៅលើទឹកដីបរទេស។ លើសពីនេះ លោកស្រី Annalena Baerbock រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ ក៏បានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំក្រុងប៊ែរឡាំង ទៅសួរដេញដោល ទៀតផង។
តាំងពីផ្ទុះសង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែនមក តុលាការទីក្រុងប៊ែរឡាំងក៏បានកាត់ទោសមន្ត្រីភ្នាក់ងារសម្ងាត់អាល្លឺម៉ង់ ម្តងជាពីរដងរួចមកហើយ ដែលបានលួចចូលដៃជាមួយរបបក្រុងម៉ូស្គូ ផ្តល់ព័ត៌មានដល់ភ្នាក់ងារចារកិច្ចរុស្ស៊ី FSB ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ