ស្រ្តីវៀតណាមម្នាក់ប្តឹងក្រុមហ៊ុនផលិតថ្នាំគីមីអាមេរិក ទៅតុលាការឧទ្ធរណ៍បារាំង
នៅទីក្រុងប៉ារីស សាលាឧទ្ធរណ៍បារាំងបើកសវនាការនៅថ្ងៃអង្គារទី ៧ឧសភា ដើម្បីស្តាប់ពាក្យបណ្តឹងរបស់ស្រ្តីវៀតណាមម្នាក់ ដែលរងគ្រោះដោយសារសារធាតុគីមី ដែលយន្តហោះរបស់កងទ័ពអាមេរិកហោះបាចសាចនៅក្នុងសម័យសង្រ្គាមវៀតណាម។ ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ដូចជាជំងឺមហារីក និងមានកូនចៅកើតជំងឺគ្រប់គ្នា ដោយសារត្រូវទឹកថ្នាំគីមីស្រោចពីលើអាកាស កាលពីឆ្នាំ១៩៦៧ លោកស្រី Tran To Ngaតស៊ូដាក់ពាក្យប្តឹងក្រុមហ៊ុនអាមេរិក ចំនួន១៤ ទៅតុលាការបារាំង ក្នុងបទចោទប្រកាន់ថា ថ្នាំគីមីរបស់ពួកគេបានប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាជនវៀតណាម ពី ២ទៅ ៤លាននាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៣:២៥
ស្រ្តីជនជាតិវៀតណាមបារាំង Tran To Nga តស៊ូ មិនចុះចាញ់ នៅចំពោះមុខក្រុមហ៊ុនអាមេរិកជាង១០ ដែលលោកស្រីចោទប្រកាន់ថា បានផលិត ផ្តល់ថ្នាំគីមី ពណ៌លឿងទុំ ទៅឲ្យទាហានអាមេរិក យកទៅទម្លាក់ បាចសាចនៅភាគខាងត្បូងវៀតណាម នៅក្នុងសម័យសង្រ្គាម។
នៅថ្ងៃអង្គារទី ៧ឧសភា ពាក្យបណ្តឹងរបស់លោកស្រី Tran To Ngaបានឡើងដល់តុលាការឧទ្ធរណ៍បារាំង បន្ទាប់ពីតុលាការជាន់ទាប (តុលាការនៅEvry) បានសម្រេច កាលពីឆ្នាំ២០២១ថា តុលាការបារាំងគ្មានសមត្ថភាព បើកការជំនុំជម្រះរឿងក្តីដែលមានក្រុមហ៊ុនអាមេរិកជាចុងបណ្តឹង។ នៅក្នុងការសម្រេចរបស់ខ្លួនកាលណោះ តុលាការជាន់ទាបបារាំងបានលើកឡើងពីអភ័យឯកសិទ្ធិដែលភាសាបារាំងហៅថា immunité de juridiction នៅបន្ទាប់ពីក្រុមហ៊ុនអាមេរិកអះអាងថា គេផលិតថ្នាំគីមី ទៅតាមការបញ្ជាទិញរបស់រដ្ឋាភិបាលអាមេរិក។ អភ័យឯកសិទ្ធិ immunité de juridiction ការពារប្រទេសមួយឲ្យរួចផុតពីការជំនុំជម្រះរបស់តុលាការប្រទេសមួយទៀត។
នៅឆ្នាំ ២០០៥ សមាគមជនរងគ្រោះវៀតណាមនៅអាមេរិកធ្លាប់បានដាក់ពាក្យប្តឹងក្រុមហ៊ុនផលិតថ្នាំគីមីកម្ចាត់ស្មៅ ក្នុងបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម។ ប៉ុន្តែ តុលាការអាមេរិកមិនទទួលយកពាក្យបណ្តឹងក្នុងហេតុផលថា សារធាតុគីមី ពណ៌លឿងទុំជាថ្នាំគីមី កម្ចាត់ស្មៅ ប៉ុន្តែ មិនមែនជាអាវុធគីមី។
នៅក្នុងសវនាការកាលពីថ្ងៃអង្គារ មេធាវីតំណាងក្រុមហ៊ុនអាមេរិកBayer Monanto បានឡើងការពារសាជាថ្មីថា កិច្ចសន្យាជាមួយរដ្ឋាភិបាលអាមេរិកកាលណោះបានចងជាប់ដៃជើងរបស់ក្រុមហ៊ុន។ ប៉ុន្តែ មេធាវីរបស់លោកស្រីTran To Nga ដែលជាជនរងគ្រោះមិនយល់ដូច្នោះទេ ព្រោះថា ក្រុមហ៊ុនទម្លាក់កំហុសទៅលើទាហានអាមេរិក ដើម្បីយករួចខ្លួនតែប៉ុណ្ណោះ។
យោងតាមសមាគមជនរងគ្រោះវៀតណាម ក្នុងរយៈពេល១០ឆ្នាំ ពីឆ្នាំ ១៩៦១ ដល់ឆ្នាំ ១៩៧១ យន្តហោះរបស់ទាហានអាមេរិកបាចសាចទឹកលាយសារធាតុគីមី ពណ៌លឿងទុំ ដែលសំដៅដល់ពណ៌របស់ធុងថ្នាំគីមី ប្រមាណ៨០លានលីត្រទៅលើដីភូមិ ព្រៃ ជាង៤សែនហិចតា នៅភាគខាងត្បូងវៀតណាម។ ជាលទ្ធផល ប្រជាជនវៀតណាមពី ២ទៅ ៤លាននាក់រងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរ ដោយសារ សារធាតុគីមីដែលគេប្រើជាទូទៅសម្រាប់កម្ចាត់ស្មៅ។
នៅក្នុងករណីរបស់លោកស្រីTran To Nga លោកស្រីត្រូវស្រោចទទឹកជោគដោយសារធាតុគីមី ធ្លាក់ពីលើមេឃ នៅពេលលោកស្រី មានអាយុ២៤ឆ្នាំ។ ដោយសារតែថ្នាំគីមីរបស់អាមេរិក លោកស្រីកើតមានជំងឺប្រចាំកាយ ដូចជារបេង មហារីក ចំណែកកូនស្រីរបស់លោកស្រីម្នាក់ស្លាប់នៅអាយុ១ខួបកន្លះ ដោយសារបេះដូងលូតលាស់មិនប្រក្រតី។ កូនស្រីពីរនាក់ទៀត និងចៅៗរបស់លោកស្រីសព្វថ្ងៃមានជំងឺប្រចាំកាយឈឺធ្ងន់ធ្ងរ។
បន្ទាប់ពីតស៊ូប្តឹង ក្រុមហ៊ុនអាមេរិកតាំងពីឆ្នាំ ២០០៥មក លោកស្រីTran To Nga ក្នុងវ័យ ៨២ឆ្នាំ មិនសូវរំពឹងខ្លាំងថា នឹងអាចយកឈ្នះលើក្រុមហ៊ុនអាមេរិកតាមផ្លូវតុលាការ។ ប៉ុន្តែ ទោះជាពងមាន់ត្រូវនឹងជល់ថ្ម លោកស្រីTran To Nga នៅតែមិនចុះចាញ់។ ដោយដាក់ពាក្យប្តឹងក្រុមហ៊ុនអាមេរិក លោកស្រីចង់បានសំណងជំងឺចិត្តនិងទាញសញ្ញាអាសន្នពីគ្រោះថ្នាក់នៃថ្នាំពុលគីមី ដែលមិនត្រឹមសម្លាប់សត្វ កម្ចាត់ស្មៅ ប៉ុន្តែ វាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្ស។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ