អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកអូបាម៉ា៖ ទិសដៅ​គឺ​ធ្វើ​ឲ្យ​ក្រុម​ជីហាត​អ៊ីរ៉ាក់​ចុះខ្សោយ និង​បន្ទាប់មក​​ត្រូវ​កម្ទេច​ឲ្យ​ខ្ទេច

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ​បាន​ប្រកាស​ទៅ​ប្រជាជន​អាមេរិកាំង កាលពី​ថ្ងៃ​ពុធ​ ទី ១០​កញ្ញា​ថា អាមេរិក នឹង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុមជីហាត​អ៊ីរ៉ាក់ បើ​ទោះបី​ជា​ពួកនោះ​ស្ថិត​នៅទីណាក៏ដោយ នៅស៊ីរី ឬ នៅ​អ៊ីរ៉ាក់។ នៅមួយថ្ងៃ​មុន​អាមេរិក​ប្រារព្ធរំលឹក​ខួប​ភេរវកម្ម​វាយប្រហារ​អាមេរិក ១១​កញ្ញា ​ប្រធានាធិបតីអាមេរិក​​ប្រកាស​បំពាក់​អាវុធ​ដល់​ក្រុមប្រឆាំង​ស៊ីរី​ និង​ផ្តល់​អាវុធ​ដល់​ទាហាន​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដើម្បី​ “បំផ្លាញ”​ ក្រុមជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម។ ប្រមុខការបរទេស​អាមេរិក លោកចន ឃេរី​បានធ្វើដំណើរ​ទៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត នៅថ្ងៃ​ព្រហស្បតិ៍ ទី ១១​កញ្ញា ដើម្បី​ពិភាក្សា​លម្អិត​ ស្តីពីការអនុវត្តន៍​ផែនការ​ទិសដៅ​របស់​ប្រធានាធិបតីអាមេរិក។ 

ប្រធានាធិបតីអាមេរិក​ថ្លែង​សារ​យុទ្ធសាស្រ្ត​វាយប្រហារ​ក្រុមជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម
ប្រធានាធិបតីអាមេរិក​ថ្លែង​សារ​យុទ្ធសាស្រ្ត​វាយប្រហារ​ក្រុមជីហាត​អ៊ីរ៉ាក់ រដ្ឋអ៊ីស្លាម REUTERS/Saul Loeb/Pool
ផ្សាយពាណិជ្ជកម្ម

លោកអូបាម៉ា ប្រធានាធិបតី​អាមេរិក​បាន​ប្តូរជំហរ​លឿន​ជា​បន្តបន្ទាប់ ទៅលើ​វិបត្តិ​ជីហាត​នៅ អ៊ីរ៉ាក់។ ដោយសារ​តែ​មិន​ចង់​ត្រលប់​ទៅ​ជាប់​ផុង​នៅក្នុង​សង្រ្គាម​ស៊ីវិល​អ៊ីរ៉ាក់ កាលពី​ដើម​ខែ​សីហា កន្លងទៅ លោក​បានបញ្ជា​កុំ​ឲ្យ​គេ​​វាយប្រហារ​ជើងអាកាស​​ច្រើន​ពេក​ទៅលើ​ក្រុម​ជីហាត​អ៊ីរ៉ាក់។ បំណង​របស់​លោក​នៅពេលនោះ គឺ​គ្រាន់តែ​ដើម្បីជួយ​ការពារ​អាយុ​ជីវិត​របស់​ប្រជាជន​អាមេរិកាំង​ក្នុងទឹកដី​អ៊ីរ៉ាក់ផង និង​ដើម្បី​ទប់ទល់​ក្រុមជីហាត​កុំ​ឲ្យ​សម្លាប់​រង្គាល​មនុស្សតែប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយ​ពីមើលឃើញ​ក្រុមជីហាត​ឡើង​ដៃខ្លាំង និង​បាន​កាត់ទោស​ប្រហារ​ជីហាត​យ៉ាង​ព្រៃផ្សៃ​លើ​អ្នកកាសែត​អាមេរិកាំង លោកអូបាម៉ា​បាន​ផ្លាស់ប្តូរ​ជំហរ និង​បាន​យល់ព្រម​ត្រលប់​ចូល​ទៅ​លូកដៃ ក្នុង​សង្រ្គាម​យូរអង្វែង​នៅ​អ៊ីរ៉ាក់​ជាថ្មី។

 
លោក​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែងកាលពីថ្ងៃ​ពុធ​ថា អាមេរិក​នឹង​តាម​វាយប្រហារ​ក្រុម​ភេរវករ​ដែល​គំរាម​កំហែង​សន្តិសុខ​អាមេរិក បើទោះជា​ពួក​ទាំង​នោះ​ស្ថិតនៅ​កន្លែង​ណាក៏ដោយ មិន​ថា នៅអ៊ីរ៉ាក់ ឬ​ក៏នៅស៊ីរី។ ដូច្នេះ ជាលើកទីមួយ ដែល​គេ​លឺ​ចេញពី​មាត់​លោកអូបាម៉ា​ដែលបាន​សម្រេច​បញ្ជា​ឲ្យ​មាន​អន្តរាគមន៍​ទ័ព​អាកាស​អាមេរិក​នៅ​លើ​ទឹកដី​ស៊ីរី។ យុទ្ធសាស្រ្ត​សំខាន់ៗ​នៃ​ផែនការ​របស់​លោកអូបាម៉ា​មាន​ដូចជា​ បំពាក់​អាវុធ​ដល់​ក្រុមប្រឆាំង​ស៊ីរី និង​កងទ័ព​អ៊ីរ៉ាក់។ លោកអូបាម៉ា​បានប្រកាស​បញ្ជូនបន្ថែម​អ្នកជំនាញ​អាមេរិក​ ៤៧៥​នាក់​ទៅ​អ៊ីរ៉ាក់ គឺ​បង្រ្គប់​ចំនួន​១៧០០​នាក់ ដើម្បី​ជួយ​បណ្តុះបណ្តាល​ផ្នែកយុទ្ធសាស្រ្ត និង​ផ្តល់​ព័ត៌មាន​សម្ងាត់​ដល់​កងទ័ពអ៊ីរ៉ាក់ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត។

លោកអូបាម៉ា​ដែល​មិន​ចង់​ត្រលប់​ទៅ​ផុងខ្លួន​នៅក្នុង​សង្រ្គាម​នៅ​អ៊ីរ៉ាក់ជាថ្មី ឬ​ធ្វើ​សង្រ្គាម​នៅ​ស៊ីរី បាន​បដិសេធមិន​បញ្ជូនទ័ព​ជើងគោក​អាមេរិក​ទៅប្រទេស​ទាំងនោះ ប៉ុន្តែ លោក​បាន​សម្រេច​ពង្រឹង​ និង​បំពាក់​អាវុធ​ឲ្យ​ក្រុម​ប្រឆាំង​ស៊ីរី​ ឬ​ទាហាន​អ៊ីរ៉ាក់​វិញ។ នៅក្នុង​គោលដៅ​ប្រយុទ្ធប្រឆាំង​ក្នុង​រយៈពេល អាមេរិក​ទាមទារ​ផងដែរ​ឲ្យ​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​ចូលរួម ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ក្រុមជីហាត​ចុះខ្សោយ។ កន្លងមក មន្រ្តីអាមេរិក​មួយ​ចំនួន​​បាន​ ចោទ​ប្រកាន់​ក្រុម​​អ្នកមាន​នៅ​ប្រទេស​កាតា និង កូវ៉ែត ថា​ជាអ្នកផ្តល់លុយ​ដល់​ក្រុម​ជីហាត។ លើស​ពីនោះ​ទៀត អាមេរិក​បានទាមទារ​ផងដែរ ឲ្យ​ប្រទេស​តួកគី និង​ហ្សកដានី​​ចាត់​វិធានការ​លុបបំបាត់​ចោល​សកម្មភាព​រត់ពន្ធ​ប្រេង គឺ​ការទិញប្រេង​ពីក្រុមជីហាត ដែល​ក្រុមនេះ​នឹង​យក​លុយ​ទៅ​ទិញ​អាវុធ​ដើម្បី​កាប់សម្លាប់​អ្នកប្រឆាំង​នឹង​ខ្លួន។ ប្រទេស​អារ៉ាប៊ី សាអូឌីត​វិញ​បាន​ស្វាគម​អន្តរាគមន៍ និង​ប្រកាសថា ​ខ្លួន​នឹង​ផ្តល់​ទីតាំង​ដើម្បី​បង្វឹក​បណ្តុះ​បណ្តាល​ក្រុម​ប្រឆាំង​ស៊ីរី​ បន្ទាប់ពី​អាមេរិក​បាន​ប្រកាស​ថា នឹង​​​ផ្តល់បំពាក់​​អាវុធ​ដល់​ក្រុមប្រឆាំង​ស៊ីរី ដែល​មិន​សូវ​ជុ្រល​និយម។

អារ៉ាប៊ី សាអូឌីត​ជា​ដៃគូ​មិនអាច​ខ្វះបាន​របស់​អាមេរិក​
ក្រុមជីហាត​អ៊ីរ៉ាក់​ រដ្ឋអ៊ីស្លាម​កើត​នៅ អ៊ីរ៉ាក់ ប៉ុន្តែ ធ្លាប់​ចូលរួមជាមួយ​ក្រុមប្រឆាំង​ស៊ីរី​ ដើម្បី​វាយប្រយុទ្ធ​ប្រឆាំងនឹង​ទ័ព​រដ្ឋាភិបាល​ស៊ីរី។ អារ៉ាប៊ី សាអូឌីត ដែលជាប្រទេស​មហាសេដ្ឋី​ប្រេង​អាច​ធ្លាប់​ឧបត្ថម្ភ​ដល់​ក្រុម​ប្រឆាំងជាច្រើន​នៅស៊ីរី ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​របប​ស៊ីរី ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែល​ជា​គូប្រជែង​របស់​អារ៉ាប៊ី​ សាអូឌីត​ធ្លាក់ពី​អំណាច។ ដូច្នេះ លុយ​មួយចំណែក​របស់​អារ៉ាប៊ី សាអូឌីត អាច​ធ្លាក់​ទៅក្នុង​ដៃ​របស់​ក្រុមជីហាតអ៊ីរ៉ាក់ ដែល​បាន​ចូល​ទៅ​ប្រយុទ្ធ​នៅ​ស៊ីរី។

សម្រាប់​អាមេរិក អារ៉ាប៊ី សាអូឌីត​ដើរតួសំខាន់​នៅក្នុង​តំបន់​ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ក្រុមជីហាត​អ៊ីរ៉ាក់។ ចំណែក​ អារ៉ាប៊ី សាអូឌីត​​បាន​សម្រេច​ចូលរួម​ជាមួយ​អាមេរិក ដោយ​មូលហេតុ​​ច្រើនយ៉ាង។ នៅចំពោះ​មុខ​ការវិវត្ត រីកធំធាត់​អំណាច​របស់​ក្រុមជីហាត ដែលអាច​គំរាមកំហែង​ដល់​សន្តិសុខ​របស់ខ្លួន អារ៉ាប៊ី សាអូឌីត ក៏​បាន​ដឹងថា សត្រូវបន្ទាន់​​របស់ខ្លួន​នៅពេលនេះ​មិនមែន​ជា​របប​ស៊ីរី​ ឬ​អ៊ីរ៉ង់​ទេ ប៉ុន្តែ គឺ​ក្រុមជីហាត​អ៊ីរ៉ាក់​តែម្តង ដែល​បាន​ប្រកាស​ចង់​ពង្រីក​​រដ្ឋអ៊ីស្លាមរបស់ខ្លួន ​នៅ​ក្នុង​តំបន់។ អារ៉ាប៊ី​សាអូឌីត ខ្លាចថា ក្រុមនេះ ​ដែល​កាន់តែ​ហិង្សា និង​សម្លាប់មនុស្ស​ជា​រៀងរាល់ថ្ងៃ នឹង​អាច​ហៀរចូល​ទៅក្នុង​ប្រទេស​ខ្លួន។ អ៊ីចឹង​ហើយ​ទើប​អារ៉ាប៊ី សាអូឌីត​សម្រេចចិត្ត​ចូល​មក​សហការជាមួយ​អាមេរិក។ ម្យ៉ាងទៀត ការណ៍​ដែល​អារ៉ាប៊ី សាអូឌីត​ចូល​មក​ចាប់ដៃ​ជាមួយ​អាមេរិក វិញ ក៏ដោយសារ​តែ​អាមេរិក​សុខចិត្ត​យល់ព្រម​បំពាក់​អាវុធ​ដល់​ក្រុមប្រឆាំង​ស៊ីរី​សេរី ដែល​គំនិត​នេះ​ត្រូវ​បាន អារ៉ាប៊ី សាអូឌីត​ទាមទារ​ជាយូរមកហើយ។ ហើយ​នាយករដ្ឋមន្រ្តី​ថ្មី​របស់​អ៊ីរ៉ាក់ ក៏​មិនមែន​ជា​មនុស្ស​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​របស់​ អារ៉ាប៊ី សាអូឌីត​​នៅក្នុង​តំបន់​ដែរ។

អនាធិបតេយ្យ​ អសន្តិសុខ និង​សង្រ្គាម​ស៊ីវិល​កើតមាន​នៅក្រោយ​របប​ផ្តាច់ការ​ត្រួវ​ផ្តួល​រំលំ
ចាប់តំាងពីមាន​បដិវត្តន៍​នៅអារ៉ាប់ គេ​នៅ​មិនទាន់​ឃើញ​មាន​ប្រទេស​ណាមួយ​បាន​ស្តារ​ខ្លួន​ឡើង​វិញ នៅឡើយទេ។ ជាក់ស្តែង ក្រោយ​របប​ផ្តាច់ការ​នៅ​អ៊ីរ៉ាក់ នៅ​លីប៊ី បាន​ដួលរលំ គឺ​មាន​តែ​ចលាចល និង​ការប្រយុទ្ធ​ហិង្សា​ដែល​នៅ​បន្ត​នៅក្នុង​ប្រទេស​ទាំងនោះ។ នេះជា​កំហុស​មួយ​របស់​ប្រទេស​លោកខាងលិច​ដែល​បាន​លូកដៃ​ទៅជួយ​ក្រុមប្រឆាំង ដើម្បី​ផ្តួល​របប​ផ្តាច់ការ​របស់​លីប៊ី ឬ​អ៊ីរ៉ាក់ របស់​សាដាម ហ៊ូសេន ប៉ុន្តែ ប្រទេស​លោកខាងលិច​មិន​បាន​បន្ត​ជួយ​រៀបចំ​ប្រទេស​ទាំងនោះ​ឲ្យ​បាន​ស្រួលបួល​ឡើងវិញទេ។ បើទោះ​របប​ផ្តាច់ការ​ដួលរលំ ប៉ុន្តែ លីប៊ី និង​អ៊ីរ៉ាក់​​នៅតែ​ជួបអសន្តិសុខ អំពើ​ហិង្សា​សម្លាប់​មនុស្ស និង​​សង្រ្គាម ហែកហួរ​រវាង​បក្ស​ពួក​ក្រុមប្រឆាំង ដែល​ក្នុង​នោះ​ក៏មាន​លាយឡូកឡំ​ផងដែរ​ ក្រុមជីហាត ឬ​ក្រុមភេរវកម្ម​អាល់កៃដា។ ក្រុមទាំងនេះ​ដើម្បី​អំណាច​ទាមទារ​គ្រប់​គ្រង​តែម្នាក់ឯង។

លើកនេះ នៅក្នុង​ករណី​អ៊ីរ៉ាក់ អាមេរិករបស់លោកអូបាម៉ា មិន​ចង់​ធ្វើ​កំហុស​ដូច​ក្នុង​អតីតកាល។ លោកអូបាម៉ា​​សន្យា​លូកដៃ​ស្តារ​ប្រព័ន្ធ​ដឹកនាំ​របស់​អ៊ីរ៉ាក់ ដូចជា​ប្រមូល​គ្រប់​ភាគី​ កុលសម្ព័ន្ធ ឬ​និកាយ​ឲ្យ​ចូលរួម​ ​ឯកភាព​គ្នា​ដឹកនាំ​ប្រទេស​អ៊ីរ៉ាក់។ តាម​ក្រសួង​ការបរទេស​អាមេរិក អាមេរិក​កំពុង​ជួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់ថ្មី​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ការពារ​សន្តិសុខ​ជាតិ ដែល​មាន​ចូលរួម​ពីគ្រប់​និកាយ គឺ​ទាំងពួក​ស៊ុននីត ស្ហីអ៊ីត និង​ពួក​គៀក។ ធ្វើ​ដូច្នេះ ដើម្បីធ្វើ​ឲ្យ​ពួកស៊ុននីត​ឈប់​ស្អប់​រដ្ឋាភិបាល និង​ឈប់​​ចូលរួម​ជាមួយ​ក្រុមជីហាត​អ៊ីរ៉ាក់ ប្រឆាំងនឹង​រដ្ឋាភិបាល​តទៅទៀត។ នៅ​ស៊ីរី​វិញ រដ្ឋបាល​អាមេរិក​ធ្វើ​ការ​ទាំង​លើវិស័យ​យោធា និង​នយោបាយ។ អាមេរិក​កំពុង​រក​ក្រុមបក្ស​ប្រឆាំង​ស៊ីរី​មិនជ្រុលនិយម ដើម្បី​អាច​បំពាក់​អាវុធ​ឲ្យ​ប្រយុទ្ធប្រឆាំង​នឹង​របប​ផ្តាច់ការ​បាស្ហា​អាល់អាសាដ។ ប៉ុន្តែ អ្នកជំនាញ​មួយចំនួន​វាយតម្លៃថា ការជួយ​ក្រុមប្រឆាំង​ស៊ីរី ដើម្បី​ផ្តួល​រំលំ​របប​ផ្តាច់ការ​ ដើម្បី​ធ្វើ​ឲ្យ​ស៊ីរី​ជួប​របប​ប្រជាធិបតេយ្យ​ជា​រឿង​លំបាក​មួយ ព្រោះថា ក្រុមប្រឆាំង​ស៊ីរី ដែល​បាក់បែក​ជា​ច្រើន​បំណែក ភាគច្រើន​មាន​ទំនោរ​ចង់​ឲ្យ​សាសនា​អ៊ីស្លាម ពោល​គឺ​និកាយ​ស៊ុននីតរីក​រឹងមាំ​នៅ​ស៊ីរី ប៉ុន្តែ​មិនមែន​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ប្រទេសលោកខាងលិច​ស្រមៃ​ចង់​បាននោះទេ។  ​

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ