អានតួអត្ថបទ
អ៊ីរ៉ាក់-ស.រ.អា.

ប្រមុខការទូត​អាមេរិកធ្វើ​ទស្សនកិច្ចនៅ​​អ៊ីរ៉ាក់​ ដោយ​គ្មាន​ជូន​ដំណឹង​មុន

សហរដ្ឋ​អាមេរិក​កំពុង​ប្រញឹក​ខ្លាំង​ក្នុង​ផែនការ​ស្ថាបនា​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​នឹង​ពូក​ជីហាត​រដ្ឋ​អ៊ីស្លាម។ លោក ចន ឃែរី ប្រមុខការទូត​អាមេរិកដែល​ត្រូវ​ផ្តើម​ ទស្សនកិច្ច​មួយ​ជុំ​នៅ​តំបន់​ដើម​បូព៌ា​ នៅ​​ថ្ងៃពុធ​នេះ ទៅ​ទៀត ស្រាប់​តែ​​បានឆៀង​ចូល​ដោយ​ឥត​គ្រោង​ទុក​ ក្នុង​​ក្រុង​បាកដាដ តាំង​ពី​ព្រលឹម ដើម្បី​លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី​​ទើប​កកើត។ ចំណែក​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ ក៏​បាន​ប្រកាស​ថា​នឹង​អញ្ជើញ​ទៅ​អ៊ីរ៉ាក់​ដែរ​នៅ​ថ្ងៃ​សុក្រ មុន​​ត្រលប់​មក​ធ្វើ​ជា​អធិបតី​​បើក​សន្និសីទ​អន្តរជាតិ​ស្តីពី​អ៊ីរ៉ាក់​នៅ​ក្រុង​ប៉ារីស ថ្ងៃទី ១៥​កញ្ញា​២០១៤។

លោក​ប្រុមុខ​ការទូត​អាមេរិក ចន ឃែរី នៅអាកាសយានដ្ឋាន​Queen Alia ថ្ងៃទី ១០ កញ្ញា ២០១៤
លោក​ប្រុមុខ​ការទូត​អាមេរិក ចន ឃែរី នៅអាកាសយានដ្ឋាន​Queen Alia ថ្ងៃទី ១០ កញ្ញា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

លោក ចន​ ឃែរី បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​នៅ​អ៊ីរ៉ាក់​ ​កាលពី​ពីរខែ​កន្លះ ដើម្បី​ជំរុញ​អ្នក​នយោបាយ​អ៊ីរ៉ាក់​ឱ្យ​រូត​រះ​បង្កើត​រដ្ឋាភិបាល​ ទើប​ងាយ​ស្រួល​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម។ នៅ​ថ្ងៃ​នេះ​ លោក​បាន​ត្រលប់​ទៅ​កាន់​ក្រុង​បាកដាដ​ជា​ថ្មី ដោយគ្មាន​ជូន​ដំណឹង​ជា​មុន គឺ​ដើម្បី​ពាំនាំ​សេចក្តី គាំទ្រ​របស់​អាមេរិក​ចំពោះ​រដ្ឋាភិបាលអ៊ីរ៉ាក់​​ថ្មី ដែល​ទើប​ប្រសូត​ចេញ​រួច​កាលពី​ថ្ងៃ​ចន្ទ​ និង​ដឹក​នាំ​ដោយ​លោក ហៃដា អាល់​ អាបាឌី។

 
ថ្វីដ្បិត​តែ​​ក្បាល​ម៉ាស៊ីន​ដឹកនាំ​អ៊ីរ៉ាក់​ថ្មី​នេះ​ មិន​ឆ្លើយ​តប​បាន​ទាំង​ស្រុង​នឹង​ការ​រង់ចាំ​ក៏​ដោយ​ ក៏​សហគមន៍​អន្តរជាតិ​ភាគ​ច្រើន​បាន​ស្វាគមន៍ និង​ចាត់​ទុក​ជា​ដំណាក់​កាល​ដ៏​សំខាន់​។ ហេតុ​ដូច្នេះ​ហើយ បាន​ជា​លោក ប្រមុខ​ការទូត ​ត្រូវ​ប្រញាប់​រួសរាន់ចូល​ជួប​ពិភាក្សាភ្លាម​​នៅ​ថ្ងៃ​នេះ ​ជាមួយ​អាជ្ញាធរ​ថ្មី​​ អំពី​តួនាទី​មិន​អាច​ខ្វះ​បាន​របស់​អ៊ីរ៉ាក់ ក្នុង​ការ​ស្ថាបនា​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​នឹងរដ្ឋ​អ៊ីស្លាម។ បន្ទាប់​ពី​ក្រុង​បាកដាដ លោក​ ចន ឃែរី ត្រូវ​បន្តដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដូច​ការ​គ្រោង​ទុក ដើម្បី​ជួប​ប្រមុខ​ការទូត​​នៃ​ក្រុម​ប្រទេស​រាជានិយម​ក្នុង​តំបន់​ឈូង​សមុទ្ទ​ពែរ្ស ដែល​ត្រូវ​ការ​ឃើញ​ផែនការ​លម្អិត​របស់​អាមេរិក​សិន​ មុន​ព្រម​ចូល​ជា​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​​រដ្ឋ​អ៊ីស្លាម។

ទន្ទឹម​គ្នា​នោះ​ សហគមន៍​អន្តរជាតិ​ក៏​កំពុង​បង្កើន​ល្បឿន​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​ដែរ។ លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ​ ហូឡង់ ត្រូវ​ធ្វើ​ដំណើរ​ទៅ​អ៊ីរ៉ាក់​ដែរ​នៅ​ថ្ងៃ​សុក្រ​ទី ១២​ កញ្ញា​នេះ មុន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទទួល​រៀប​ចំ​សន្និសីទ​អន្តរជាតិ ស្តី​ពី​សន្តិសុខ​អ៊ីរ៉ាក់​ នៅទីក្រុង​ប៉ារីស ដោយ​មាន​ការ​ចូល​រួម​ពី​​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​ថ្មី​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ