អានតួអត្ថបទ
កម្ពុជា-ព្រំដែន

និស្សិតពីភ្នំពេញមួយក្រុមត្រូវអាជ្ញាធរហាមមិនឲ្យចូលក្បែរព្រំដែនក្នុង ខេត្តរតនគិរី

នៅថ្ងៃទី២៨ ខែ​សីហានេះ ក្រុម​និស្សិត ដែល​មាន​គ្នា​ប្រមាណ​៣៥​នាក់ ត្រូវ​បាន​អាជ្ញាធរ​ការពារ​ព្រំដែន​ស្ថិតក្នុង​ភូមិ​ឡុំ ឃុំប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ហាម​មិន​ឲ្យ​ចូល​ទៅ​តំបន់ស​នៃព្រំដែន​ស្ថិត​ក្បែរ​តំបន់​ខាង​លើ​ទេ។ ការ​ហាម​ឃាត់​នេះ ត្រូវ​បាន​អាជ្ញាធរ​បញ្ជាក់​ថា​ធ្វើ​តាម​បញ្ជា​ថ្នាក់​លើ ព្រោះ​ភាគី​ប្រទេស​ទាំង​ពីរ​កំពុង​តែ​ដោះស្រាយ។  

ក្រុមនិស្សិតដែលត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យចូលទៅតំបន់សនៃព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តរតនគិរី
ក្រុមនិស្សិតដែលត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យចូលទៅតំបន់សនៃព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តរតនគិរី Chhay Thi
ផ្សាយពាណិជ្ជកម្ម

ការ​ប៉ុន​ប៉ង​ចូល​ទៅ​តំបន់​ស​នៃព្រំ​ដែន ​ដែល​ស្ថិត​នៅ​ក្បែរ​ភូមិ​ឡុំ ​ឃុំប៉ក់ញ៉ៃ ​ស្រុក​អូរ​យ៉ាដា​វ ខេត្ត​រតនគិរី គឺ​ធ្វើឡើង​ក្នុង​គោល​បំណង​ចង់​ដឹង​ពីការ​ជីក​ស្រះ និង​ការ​សាង​សង់​ប៉ុស្តិ៍​ព្រំដែន​ពី​ថ្ម ​របស់​ភាគី​វៀត​ណាម​ក្នុង​តំបន់នោះ ​ចង់​ដឹង​ពីការ​បោះ​បង្គោល​ព្រំដែន ​ចង់​ដឹង​ពី​ការ​ប្រឈម​របស់​ប្រជា​ពលរដ្ឋ ដែល​រស់​នៅ​ក្នុង​តំបន់​នោះ។ នេះ​បើ​តាម​តំណាង​និស្សិត​កញ្ញាផេង​ ស្រីស​។

 
និស្សិត​រូប​នេះ​បាន​បន្ថែម​ថា​គោល​បំណង​នេះ​នឹង​អាច​ឲ្យ​យុវជន​ ដែល​ចូល​រួម​ជា​មួយ​កញ្ញា​អាច​ធ្វើ​អ្វី​ បន្តទៀត ​ដើម្បី​ដោះ​ស្រាយ។​ ស្រីស​បញ្ជាក់​ថា ​បញ្ហា​ព្រំដែន​នេះ ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ព្រោះ​ថ្ងៃ​ក្រោយ​ទៅភាគី​វៀត​ណាម​អាច​បង្ខិត​ព្រំដែន​ ហើយ​ថ្ងៃអនាគត​យុវជន​នឹង​មិន​ដឹង​ទេ ​ដូច្នេះ​បើ​យុវជន​មិន​ដឹង​ពីព្រំដែន​នៅទីណា​ឲ្យ​ប្រាកដទេ ​នោះ​ថ្ងៃ​ខាង​មុខ​អាច​នឹង​បន្ត​បាត់​បង់​ទៀត​។

នៅ​ព្រឹក​ថ្ងៃទី២៨ សីហា ក្រុម​និស្សិត​ទាំង​នោះបាន​ធ្វើ​ដំណើរ​ទៅ​​ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយ​មាន​តំណាង​សហគមន៍​ជា​អ្នក​សម្រប​សម្រួល​ ប៉ុន្តែ​ពួក​គេ​គ្មាន​ឱកាស​ចូល​ទៅ​កាន់​តំបន់​សនៃ​ព្រំដែន​ស្ថិត​ក្បែរ​តំបន់​ខាង​លើ​ទេ ​ព្រោះ​​​អាជ្ញាធរ​ការពារ​ព្រំដែន​ហាម​ឃាត់​។

បើ​តាម​កញ្ញា​ផេង​ ស្រីស ​ក្រុម​និស្សិត​ ដែល​កញ្ញា​ដឹក​នាំ​នឹង​ធ្វើ​ទស្សនៈ​កិច្ច​សិក្សា​ក្នុង​ខេត្តរតនគិរី​រយៈពេល​៥ថ្ងៃ​ ហើយ​ថ្ងៃទី២ ​នេះ​ គឺ​ក្រុម​កញ្ញា​បាន​បន្ត​ដំណើរ​ទៅ​បង្គោល​ព្រំដែន​លេខ៣០ ​ក្រោយ​ពី​អាជ្ញាធរ​ហាម​ឃាត់មិន​ឲ្យ​ចូល​ក្នុង​តំបន់​សនៃព្រំដែន​ស្ថិត​​ក្បែរភូមិឡុំ​។

លោក​ម៉ី កយ ​នាយ​រង​ប៉ុស្តិ៍ព្រំដែន​ភូម​ឡុំ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា ​ការ​ហាម​ឃាត់​ក្រុម​និស្សិតនេះ ​លោក​ធ្វើ​ឡើង​តាម​បញ្ជា​របស់​ថ្នាក់​ដឹក​នាំរ​បស់​លោក ​ព្រោះ​គណៈកម្មការ​កិច្ច​ការ​ព្រំដែន​ប្រទេស​ទាំង​ពីរកំពុង​តែ​ដោះ​ស្រាយ ​ជៀស​វាង​ការធ្វើ​ដំណើរ​​ទៅ​​តំប​ន់​នោះ​នាំ​ឲ្យ​មាន​បញ្ហា​ចម្រូង​ចម្រាសរវាង​ប្រទេស​ទាំង​ពីរ។ បើ​តាម​លោក​ម៉ី កយ ​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ណា​មួយ​កើត​ឡើង​រវាង​អាជ្ញាធរ ​និង​ក្រុម​និស្សិត​ទេ។​

សូម​បញ្ជាក់​ថា​តាម​​គម្រោង​នៅ​ថ្ងៃចន្ទទី២៩ សីហា​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំកិច្ច​ប្រជុំ​ចង្អៀត​ជា​មួយ​គណៈកម្មការ​កិច្ច​ការ​ព្រំដែន​របស់​វៀត​ណាម​។ កិច្ច​ប្រជុំ​នេះ​នឹង​ផ្ដោត​ទៅ​លើរ​បៀប​វារៈពីរ​ចំណុច​សំខាន់ៗ​។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពីក្រសួង​ការបរទេស​កម្ពុជា ​បាន​ផ្ញើកំណត់​ទូត​មួយ​ទៅ​ប្រទេស​វៀត​ណាម កាល​ពីថ្ងៃទី​១៨​សីហា ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​របស់​វៀត​ណាម​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នាពេលកន្លង​មក។

លោក ​ឆាយ ​ធី ​អ្នក​​សម្រប​​សម្រួល​​អង្គការ​​សិទ្ធិ​​មនុស្ស​​អាដ​ហុក​​ប្រចាំ​​ខេត្ត​​រតនគិរី​​ថា​ ការ​ហាម​ឃាត់​និស្សិតមិន​ឲ្យ​ចូល​ទៅ​តំបន់​ស​នៃ​ព្រំដែន​កម្ពុជា-វៀតណាម​នោះ ​គឺ​កម្ពុជា​គោរព​កិច្ច​ព្រម​ព្រៀង​អំពី​តំបន់​ស ដូច្នេះហើយទើបអាជ្ញាធរមិនចង់ឲ្យក្រុមនិស្សិតចូលទៅ​បើពុំមានការចាំបាច់ណាមួយ ដោយមិនបានជូនដំណឹងទៅភាគី​វៀត​ណាម។

លោក​បន្ថែម​ថា ​កន្លង​មក​គឺ​ភាគី​វៀត​ណាម​បាន​មកជីក​ស្រះ​ចូល​ជ្រៅ​ក្នុង​ទឹក​ដី​ខ្មែរ រួម​ទាំង​ការ​សាង​សង់​ប៉ុស្តិ៍ព្រំដែន ដែល​នេះ​បញ្ជាក់​ថា​ភាគី​វៀតណាម​មិន​បាន​គោរព​កិច្ច​ព្រម​ព្រៀង​ពីតំបន់ស ដូច​​ភាគី​​កម្ពុជា​ទេ។ យ៉ាងណាមិញ លោក​ឆាយ ​ធី ​ចង់​ឲ្យ​អាជ្ញាធរ​ព្រំដែន​ប្រាប់​នូវ​ការ​ពិត​ ដែល​វៀត​ណាមបាន​រំលោភ​ចូល​មក​ក្នុង​ដីកម្ពុជា ដើម្បី​ឲ្យក្រុ​មនិស្សិត​អាច​ចង​ក្រង​ឯកសារ ​និង​សិក្សាស្វែ​ងយល់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ