អានតួអត្ថបទ
អាល់ហ្សេរី

បាតុកម្ម​ដែល​ទទួល​ការបង្រ្កាប​ភ្លាមៗ​ពី​ប៉ូលិស

ចាប់តាំង​ពី​ព្រឹក នៅ​ថ្ងៃ​សៅរ៍​នេះ មុន​ពេល​ក្រុមអ្នកប្រឆាំង​ចាប់ចេញ​សកម្មភាព កម្លាំង​រក្សា​សន្តិសុខ និង​រថក្រោះ ត្រូវ​រដ្ឋាភិបាល​ដាក់​ពង្រាយ​គ្រប់ច្រកល្ហក ដើម្បី​ទប់ស្កាត់ បិទ​កុំ​ឲ្យ​បាតុករ​ចូល​ទៅ​តវ៉ា​នៅ​ទីលាន​ឧសភា ដែល​ស្ថិតនៅចំ​កណ្តាល​ក្រុង​អាល់ហ្សេរ​បាន។

ប្រជាជន​អាល់ហ្សេរី​ចេញ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​សៅរ៍​ទី ១៩ កុម្ភៈ  ២០១១ តែ​ត្រូវ​ប៉ូលិស​បង្រ្កាប​ភ្លាមៗ
ប្រជាជន​អាល់ហ្សេរី​ចេញ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​សៅរ៍​ទី ១៩ កុម្ភៈ ២០១១ តែ​ត្រូវ​ប៉ូលិស​បង្រ្កាប​ភ្លាមៗ ©REUTERS/Louafi Larbi
ផ្សាយពាណិជ្ជកម្ម

ប្រជាជន​អាល់ហ្សេរី​បាក់ស្បាត​នឹង​សង្គ្រាម​ លែង​ចង់​ធ្វើ​បដិវត្តន៍
08:30

បទ​អន្តរាគមន៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ការយាមតឹងតែង​លើកនេះ គឺ​ដូចពី​ព្រឹត្តិការណ៍​កាលពី​ថ្ងៃសៅរ៍​ទី ១២ កុម្ភៈ ២០១១។ នៅពេល​នោះ បាតុករ​មាន​ចំនួន​តែ​ជាង​២០០០​នាក់ ប៉ុន្តែ កម្លាំង​បង្រ្កាប​របស់​អាជ្ញាធរ​មាន​ចំនួន​ដល់​ទៅ ជាង ៣ម៉ឺននាក់។ ការបង្រ្កាប​បាន​ធ្វើ​ឡើង​ដោយ​ឆាប់រហ័ស មនុស្ស​ជាច្រើន​រយ​នាក់​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន។

នៅ​ចុងសប្តាហ៍​នេះ រដ្ឋាភិបាល​បាន​​ប្រកាស​កំណែ​ទម្រង់​ឡើង​វិញ​ប្រព័ន្ធសេដ្ឋកិច្ច​ និង​​ដក​ច្បាប់​ប្រកាស​អាសន្នដែល​រដ្ឋាភិបាល​ដាក់តាំងពី​មុន​សង្រ្គាម​ ស៊ីវិល ឆ្នាំ ១៩៩២។​​រដ្ឋាភិបាល យល់ព្រម​ដក​ច្បាប់​ប្រកាស​អាសន្ន​ទៅតាម​ការទាមទារ​មែន ប៉ុន្តែ ក្រុម​អ្នកប្រឆាំង​នេះ​យល់​ថា នេះ​គ្រាន់តែ​ជា​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​ដើម្បី​បន្ទន់ចិត្ត​ប្រជាជន​ កុំ​ឲ្យ​ធ្វើការបះបោរ​ប៉ុណ្ណោះ។ គួរដឹង​ថា ក្រុម​អ្នកប្រឆាំង​អាល់ហ្សេរី ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើងថ្មី គឺ​ នៅ​ខែ​មករាមុន​នេះ​ប៉ុណ្ណោះ។ ពោល​គឺ​បន្ទាប់ពី​មាន​ការប្រឈមមុខ​គ្នា​ដ៏​ហិង្សា​រវាង​បាតុករ និង​ប៉ូលិស ដែល​​បាន​សម្លាប់​មនុស្ស​៥​នាក់ និង​ធ្វើ​ឲ្យ​មាន​អ្នករបួស​៨០០​នាក់។

បើទោះបី​ជា​បដិវត្តន៍ ផ្កាម្លិះ និង​បដិវត្តន៍​នៅ អេហ្ស៊ីប​បាន​ជះឥទ្ធិពល​មកលើ​ប្រជាជន​អាល់ហ្សេរី និង​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ចលនា​ប្រឆាំង​នឹង​រដ្ឋអំណាច មាន​លក្ខណៈ​ដូចគ្នា គឺ​វិបត្តិសេដ្ឋកិច្ច ប៉ុន្តែ ចលនា​ទាមទារ​នៅ អាល់ហ្សេរី​មាន​លក្ខណៈ​ខុសគ្នា ពី​ការទាមទារ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប និង​ទុយនីស៊ី។ នៅ​អេហ្ស៊ីប និង​នៅទុយនីស៊ី បាតុករ​ដែល​មិនសប្បាយ​ចិត្ត​នឹង​ឃើញ​ភាពក្រីក្រ ភាព​អយុត្តិធម៌ និង​អំពើ​ពុករលួយ​នោះ បាន​ទាមទារ​ឲ្យ​មេដឹកនាំ​ដែល​គ្រប់គ្រង​ប្រទេស​ច្រើន​ជាង ២០​ឆ្នាំ​នោះ​ចុះចេញ​ពី​អំណាច។

ប៉ុន្តែ នៅ​អាល់ហ្សេរី ក្រុម​អ្នកប្រឆាំង​មិន​បាន​ស្រែក​ចំៗ ឲ្យ​លោក​Abdelaziz Bouteflika ចុះចេញ​ពី​តំណែង​ប្រធានាធិបតី​ទេ។ លោក​Abdelaziz Bouteflika​ទើបតែ​ឡើង​កាន់តំណែង​បាន​ជិត​បីអាណត្តិ ហើយ​គាត់​ត្រូវ​បាន​ប្រជាជន​អាល់ហ្សេរី​ភាគច្រើន​ចាត់ទុក​ថា ជាអ្នកនាំ​មកនូវ​សន្តិសុខក្នុង​ប្រទេស។ លោក​Abdelaziz Bouteflika នេះ​ដែល​គ្រាន់​តែ​បាន​ចូលកាន់​តំណែងជា​ប្រធានាធិបតី នៅ​ឆ្នាំ ១៩៩៩ បាន​ប្រកាស​ច្បាប់​លើកលែង​ទោស​ដល់​ពួកឧទ្ទាម​អ៊ីស្លាម​និយម។ ការប្រកាសទទួល​ស្គាល់​ពួកឧទ្ទាម​ធ្វើ​ឲ្យ​អាល់ហ្សេរី​អាច​បញ្ចប់​ សង្រ្គាមស៊ីវិល​បង្ហូរឈាម មួយ​ទសវត្សរ៍ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១សែននាក់។
 

បាតុករ​អាល់ហ្សេរី​ដែល​ត្រូវ​អាជ្ញាធរ​បង្រ្កាប​នៅទីលាន​ ១​ឧសភា
បាតុករ​អាល់ហ្សេរី​ដែល​ត្រូវ​អាជ្ញាធរ​បង្រ្កាប​នៅទីលាន​ ១​ឧសភា Reuters

និយាយ​ជា​រួម បាតុករ​ដែល​ចុះដើរ​តាមផ្លូវ ពេល​នេះ គឺ ពួកគេ​មិន​សប្បាយចិត្ត ដែល​រងគ្រោះ នឹង​ ភាពអត់ការងារធ្វើ ទំនិញ​ឡើង​ថ្លៃ។ ប្រជាជន​ខឹង​នឹង​របប តែ​មិនមែន​បុគ្គល​ដឹកនាំ​តែ​ម្នាក់​ទេ។ ប្រជាជន​យល់​ថា គឺ​របប​ទាំងមូលដែល​ជា​អ្នកទទួល​ខុសត្រូវ។ ព្រោះថា រដ្ឋាភិបាល​អាល់ហ្សេរី​មាន​លុយច្រើន ដែល​បាន​មកពី​ការលក់ប្រេង និង​ធនធាន​ធម្មជាតិ​ឧស្ម័ន​ទៅ​អឺរ៉ុប។ ប៉ុន្តែ រដ្ឋាភិបាល​មិន​បាន​បែងចែក និង​ប្រើប្រាស់​ចំណូល​ទំាងនេះ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​ប្រជាជន​​ទេ។ រដ្ឋមិន​បាន​ធ្វើ​ការវិនិយោគ ដែល​ធ្វើ​ឲ្យ​យុវជន​ជាច្រើន គ្មានការងារ​ធ្វើ។ និយាយ​ឲ្យ​ចំ គឺ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក Bouteflika​បច្ចុប្បន្ន​មិន​បាន​ផ្តល់​តម្លៃ​ដល់​យុវជន ដែល​តំណាង​ឲ្យ​៧០​ភាគរយ​នៃ​ប្រជាជន​សរុប។

ប៉ុន្តែ​សួរថា តើ​យុវជន​នៅ​អាល់ហ្សេរី​នឹង​អាច​ធ្វើការបះបោរ​ខ្លាំង​ដូច​យុវជន​នៅ​ទុយនីស៊ី និង​នៅ​អេហ្ស៊ីប​ដែរឬទេ? ចំលើយ​នោះ​គឺ​ប្រហែល​ជា​អត់ទេ ព្រោះបណ្តាញ​ផ្សព្វផ្សាយ​តាម​អ៊ិនធ័រណេត ដែល​បាន​ដើរ​តួរនាទីសំខាន់​ក្នុង​បដិវត្តន៍​នៅ​ទុយនីស៊ី និង​នៅ​អេហ្ស៊ីប មាន​ការខ្វះខាត​ច្រើន ក្នុង​ប្រទេស​អាល់ហ្សេរី។ នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​សរុប​រស់នៅ ជាង ៣៥​លាននាក់ មានតែ​អ្នកមាន​ទេ​ដែល​មាន​អ៊ិនធ័រណេត​ប្រើប្រាស់។ អ្នកមាន​ទាំងនោះ ជា​អ្នក​ដែល​គាំទ្រ អ្នក​ដឹកនាំ​អំណាច​បច្ចុប្បន្ន។ ហើយ​ប្រព័ន្ធផ្សព្វផ្សាយ​ទៀតសោត សុទ្ធ​តែ​គ្រប់គ្រង​ដោយ​រដ្ឋអំណាច និង​ពួកយោធា។

ការប្រកូកប្រកាស​របស់​ក្រុម​ប្រឆាំង​ប្រហែល​ជា​មិន​សូវ​បាន​លទ្ធផល​ទេ។ នៅ​ថ្ងៃ​បាតុកម្ម​ថ្ងៃ​សៅរ៍​ទី ១៩ កុម្ភៈ នេះ​ មាន​មនុស្ស​តែជាង មួយ​ពាន់នាក់ បាន​មក​ចូលរួម បាតុកម្ម។

ម្យ៉ាង​វិញទៀត ប្រជាជន​អាល់ហ្សេរី​មិន​បាន​ពុះកញ្ច្រោល ចង់​ធ្វើ​បដិវត្តន៍ ព្រោះ​ប្រជាជន​ទាំងនេះ​ធ្លាប់​ធ្វើ​បដិវ​ត្តន៍​រួច​ហើយ​នៅ​អតីតកាល។ បដិវត្តន៍​​ក្នុង​ឆ្នាំ ១៩៥៦ ដើម្បី​បណ្តេញ​អាណានិគម​បារាំង​ចេញ​ពី​ប្រទេស។ បដិវត្តន៍​លើកនោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​មួយ​លាន​នាក់​ស្លាប់ ក្នុង​ថ្លុកឈាម។

ប្រជាជន​អាល់ហ្សេរី​នឹង​មិន​អាច​សង្ឃឹម​ហ៊ាន​ចេញ​មុខ​មក​ធ្វើ​បដិវត្តន៍​​ ជាថ្មីទេ។ ពួកគេ​នៅ​បាក់ស្បាតនៅឡើយ និង​ចងចាំ​មិន​ភ្លេច អំពើ​ហិង្សា បង្ហូរឈាម របស់​ពួកទាហាន នៅឆ្នាំ ១៩៩២។ ពួក​ទាហាន​ដែល​បដិសេធ​មិន​ទទួល​ការឈ្នះឆ្នោត​របស់​គណបក្ស​អ៊ីស្លាម​និយម​ ឈ្នះឆ្នោត និង​នៅ​ក្រាញ​អំណាច​រហូត​បច្ចុប្បន្ន។ សង្រ្គាម​ស៊ីវិល​ដែល​ផ្ទុះឡើង​រវាង​កងទ័ព និង​ក្រុម​អ៊ីស្លាម​និយម និង​ដែល​បាន​សម្លាប់​មនុស្ស​ជាង ជាមួយសែន ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ឆ្អែតឆ្អន់ និង​សុខចិត្ត​ទ្រាំរស់នៅ ក្នុង​ស្ថានភាព​ដូច​ពេល​បច្ចុប្បន្ន គឺ​ភាពក្រីក្រ។

ពួកទាហាន​ដែល​ជា​អ្នកមាន​អំណាច​នៅ​ពីក្រោយ លោក​ប្រធានាធិបតី​ Bouteflika បាន​ដឹង​ច្បាស់​ពី​ការវិវឌ្ឍន៍​ក្នុង​តំបន់​អារ៉ាប់។ បើទោះ​បី​​ពួក​កងទ័ពធ្លាប់​អនុវត្ត​ការបង្រ្កាប​ក្នុង​អតីតកាល និង​មាន​មធ្យោបាយ​គ្រប់គ្រាន់ ក្នុង​ការគ្រប់គ្រង​ស្ថានភាព​នៅ​ពេលនេះ ប៉ុន្តែ កងទ័ព​​ដែល​ដឹង​ច្បាស់​ពី​លទ្ធផល​នៃ​ការប្រឈមមុខ​គ្នា ជាមួយ​ប្រជាជន ពេល​នេះ ហាក់​មិនសូវ​ចង់ប្រើ​កម្លាំងបាយ​បង្រ្កាប​ប្រជាជន​ដូចមុន​ទេ។

ប៉ុន្តែ បើ​សិន​ជា​កងទ័ព​ចង់​​ធ្វើការបង្ក្រាប​ពិតមែន កងទ័ព​នៅ​តែ​ធ្វើ​បាន និង​មិន​អាច​រង​គំនាបពី​អន្តរជាតិ​ដូច នៅ​អេហ្ស៊ីប​ដែល​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​អាមេរិកទេ។ អាល់ហ្សេរី មិនមែន​ជា​ប្រទេស​ដែល​ជា​ទីតាំង​យុទ្ធសាស្រ្ត​ដូចអេហ្ស៊ីប ដែល​អាមេរិក​ត្រូវការ​សម្រាប់​ធានា​សន្តិសុខ​ការនាំចេញប្រេង​ពី​តំបន់​ ដើមបូព៌ា។ អឺរ៉ុប​វិញ បើសិន​ជា​អឺរ៉ុប​ចង់​ដាក់​គំនាប​រឿង​អាល់ហ្សេរី​ធ្វើ​ការបង្រ្កាប​លើ​បាតុករ រឿង​នេះ​ពិត​ជា​មិន​អាច​ធ្វើទៅ​បាន​ទេ ព្រោះ អាល់ហ្សេរី​ជា​អ្នកលក់​ផ្គត់ផ្គង់​ប្រេង ១០ភាគរយ។ អឺរ៉ុប​ចង់ធ្វើ​ពហិការ​មិន​ទិញ​ប្រេង ក៏​អាល់ហ្សេរី​នៅ​តែ​មាន​ប្រទេស​ផ្សេងទៀត​ទិញបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ