អានតួអត្ថបទ
អេហ្ស៊ីព្ទ

ថ្ងៃ​ជោគជ័យ​របស់​មហា​បាតុកម្ម​របស់​ប្រជាជន​អេហ្ស៊ីព្ទ

តើ​មាន​អ្នកណា​ដែល​នឹកស្មានដល់​ថា នឹង​មាន​ថ្ងៃ​នេះ​កើត​ឡើង​នៅក្នុង​ប្រទេស​អេហ្ស៊ីព្ទ។ នៅទីបំផុត ការចុះដើរ​តាមផ្លូវ​តវ៉ា​របស់​ប្រជាជន​រយៈពេល ១៨​ថ្ងៃ​បាន​ទទួល​ផល​ជា​ផ្លែផ្កា។ សម្រែក​ទាមទារ​របស់​បាតុករ នៅ​ទីបំផុត​បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី មូបារ៉ាក់ សុខចិត្ត ចុះចេញ​ពី​តំណែង នៅ​ល្ងាច​ថ្ងៃ​ម្សិលមិញ និង​ប្រគល់​អំណាច​គ្រប់គ្រង​កិច្ចការ​ប្រទេស​ទៅ​ឲ្យ​កងទ័ព។ នៅទីលាន​សេរីភាព Tahrir និង​នៅ​ទីក្រុង​ធំៗ ក្នុង​ប្រទេស​អេហ្ស៊ីព្ទ ប្រជាជន​អេហ្ស៊ីព្ទ​ធ្វើបុណ្យ​អបអរ​នឹង​ដំណឹង​ចុះចេញ​ពី​តំណែង​របស់​លោក​ Hosni Moubarak និង​ចាត់ទុក​នេះ​​ព្រឹត្តិការណ៍​លើកនេះ​ថា ជា​ប្រវត្តិសាស្រ្ត​ថ្មីសម្រាប់​ប្រទេស​អេហ្ស៊ីព្ទ។

នៅ​ទីលាន​សេរីភាព Tahrir ប្រជាជន​បាញ់​កាំជ្រួច​អបអរ​ពេល​លឺ​អនុប្រធានាធិបតី​ប្រកាស​ថា លោក​មូបារ៉ាក់​ចុះ​ចេញ​ពី​តំណែង នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ២០១១
នៅ​ទីលាន​សេរីភាព Tahrir ប្រជាជន​បាញ់​កាំជ្រួច​អបអរ​ពេល​លឺ​អនុប្រធានាធិបតី​ប្រកាស​ថា លោក​មូបារ៉ាក់​ចុះ​ចេញ​ពី​តំណែង នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ២០១១ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

 

02:41

បទ​យកការណ៍រៀបចំ​ដោយ​​ឈាង បុប្ផា

ឈាង បុប្ផា

ព្រឹត្តិការណ៍​បាតុកម្ម​ទាមទារ​រយៈពេល​១៨​របស់​ប្រជាជន​អេហ្ស៊ីព្ទ​ដែល​បាន​សម្រេច​រហូត​បណ្តេញ​លោក​មូបារ៉ាក់ ឲ្យ​ចុះចេញ​ពី​តំណែង​ប្រធានាធិបតី។

ថ្ងៃ​ទី អង្គារ២៥ មករា៖ បន្ទាប់ពី​បាន​ឃើញ​ ជោគជ័យ​បដិវត្តន៍​ផ្កាម្លិះ នៅ​ប្រទេស​ទុយនីស៊ី បាតុកម្ម​នោះ​ផ្តើម​ចេញ​មកពី​ប្រជាជន​អេហ្ស៊ីព្ទ​សុទ្ធសាធ ដោយ​គ្មាន​ការណែនាំ ពី​គណបក្ស​ប្រឆាំង​ណាមួយ​ទេ។ ប្រជាជន​ធ្វើ​បាតុកម្ម​ព្រោះពួកគេ​មិន​សប្បាយ​ចិត្ត នឹង​ភាពក្រីក្រ និង​ឃើញ​អំពើពុករលួយ​របស់​ថ្នាក់ដឹកនាំ។ គ្រាន់តែ ក្នុង​ថ្ងៃ​បាតុកម្ម​ដំបូង បាតុករ​បីនាក់​បាន​ស្លាប់ នៅ​ក្នុង​ការបង្រ្កាប​របស់​ប៉ូលិស។

ថ្ងៃ​ទីសុក្រ  ២៨ មករា៖ ​នៅ​ក្រោយ​ពេល​សូត្រធម៌​រួច ប្រជាជន​បាន​ប្រមូលផ្តុំគ្នា ជាថ្មី តវ៉ា​ឲ្យ​លោក​មូបារ៉ាក់​ដែល​កាន់អំណាច​ជាង ៣០​ឆ្នាំ    ចុះចេញពី​តំណែង ប៉ុន្តែ​ដូចលើកមុន ពួកគេ​ក៏​ត្រូវ​ប៉ូលិស​បង្រ្កាប។ នៅថ្ងៃ​នោះ បម្រាមគោចរ ត្រូវ​គេ​ប្រកាសឡើង ហើយ​ប្រព័ន្ធ​អ៊ិនធ័រណេត ត្រូវ​បាន​កាត់ផ្តាច់​សឹង​ទាំងស្រុង។ អ្នកកាសែត​បរទេស​ត្រូវ​គេ​លួចវាយ និង​ចាប់ឃាត់ខ្លួន។

ថ្ងៃ​ទី សៅរ៍ ២៩ មករា៖ ក្រោយ បាតុកម្ម​ទ្រង់ទ្រាយធំ និង​មិនធ្លាប់មាន​ក្នុង​ប្រទេស​អេហ្ស៊ីព្ទ ប្រធានាធិបតី លោក​មូបារ៉ាក់ បាន​ចេញមុខ​មក​ប្រកាស​បង្កើត​​តំណែង​អនុប្រធានាធិបតី​ដែល​គាត់​ធ្លាប់​តែ​បដិសេធ​មិន​ឲ្យ​មាន​កន្លងមក។ នៅថ្ងៃ​នោះលោក​បាន​តែងតាំង​ទាហាន​ម្នាក់​ជា​នាយករដ្ឋមន្រ្តី​អេហ្ស៊ីព្ទ។ ការតវ៉ា​នៅតែ​មាន​ជា​ហូរហែរ ព្រោះ​ប្រជាជន​នៅ​តែ​មិន​យល់ស្រប​នឹង​កំណែទម្រង់​របស់​លោក​មូបារ៉ាក់។

បាតុករ​ដែល​តវ៉ា ១៨ ថ្ងៃ​មកហើយ អបអរ​ដំណឹង​ដែល​ថា លោក​មូបារ៉ាក់​បាន​ចាកចេញ​ពីតំណែង នៅ​ថ្ងៃ​ទី ១១​កុម្ភៈ ២០១១
បាតុករ​ដែល​តវ៉ា ១៨ ថ្ងៃ​មកហើយ អបអរ​ដំណឹង​ដែល​ថា លោក​មូបារ៉ាក់​បាន​ចាកចេញ​ពីតំណែង នៅ​ថ្ងៃ​ទី ១១​កុម្ភៈ ២០១១ REUTERS/Suhaib Salem

ថ្ងៃ​ទី ចន្ទ ៣១ ​មករា៖ រដ្ឋមន្រ្តីការពារជាតិ​អេហ្ស៊ីព្ទ លោក Mohamed Hussein Tantaoui បាន​ឡើង​កាន់តំណែង​ជា​ឧបនាយក​រដ្ឋមន្រ្តី។ ទាហាន​ដែល​កាន់តែ​ឈាន​ចូល​កាន់អំណាច​សំខាន់ៗ​របស់​រដ្ឋាភិបាល។ នៅល្ងាច​ថ្ងៃ​ចន្ទ​នោះ ទាហាន​ប្រកាសថា ការទាមទារ​របស់​ប្រជាជន​ស្របច្បាប់ ហើយ​ទាហាន​សន្យា​មិន​ប្រើកម្លាំង​ដើម្បី​បង្រ្កាប​ទៅ​លើ​បាតុករ​ទេ។ ការសន្យា​របស់​ទាហាន​ដែល​មាន​អំណាច​ខ្លាំង​ក្នុង​រដ្ឋាភិបាល​អេហ្ស៊ីព្ទ បាន​ធ្វើ​ឲ្យ​ប្រជាជន​រឹតតែ​មាន​សង្ឃឹម នឹង​ប្រកាស​យក​ថ្ងៃ​ទី មួយ​កុម្ភៈ ធ្វើជា​ថ្ងៃ​ជួបជុំ​ធំ។ ការអំពាវនាវ​បាន​ធ្វើ​ឲ្យ​ប្រជាជន​អេហ្ស៊ីព្ទ​ផ្សេងទៀត​ចូលរួម រហូត​ធ្វើ​ឲ្យ​គេ​វាយតម្លៃ​ថា មាន​ប្រជាជន​មួយលាននាក់​បាន​មក​តវ៉ា​នៅទីលាន​សេរីភាព Tahrir។

ថ្ងៃ​ទី អង្គារ​១ កុម្ភៈ៖ នៅយប់​ថ្ងៃ​មហាបាតុកម្ម​នោះ លោក​មូបារ៉ាក់​បាន​ចេញ​មុខ​ប្រកាស​តាម​ទូរទស្សន៍​ជាលើកទីពីរ។ លើកនោះ លោក​បាន​ប្រកាស​ថា លោក​នឹង​មិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​អាណត្តិក្រោយ​នេះ​ទេ។ ប៉ុន្តែ​លោក​នឹង​នៅកាន់អំណាច​រហូត​ដល់​ចប់អាណត្តិ​របស់​លោក នៅខែ​កញ្ញា​ខាងមុខ។ បាតុករ​នៅតែ​មិនពេញចិត្ត​នឹង​ការធ្វើសម្បទាន​លើកទីពីរ​របស់​ប្រធានាធិបតី និង​ទាមទារ​ដាច់ខាត​ឲ្យ​លោក​មូបារ៉ាក់​ចុះចេញពី​តំណែង។

នៅ​ព្រឹកថ្ងៃ​ពុធ ទី ២ កុម្ភៈ៖ ក្រុម​គាំទ្រ​លោក​មូបារ៉ាក់ បាន​ដើរបាតុកម្ម និង​លើកគ្នា​វាយប្រហារ​មក​លើ​ក្រុមប្រឆាំង ដែល​បន្តតវ៉ា នៅ​ទីលាន​សេរីភាព Tahrir។ ក្រុមអ្នកប្រឆាំង បាន​ចោទ​ពួកអ្នកគាំទ្រ លោក​ម៉ូបារ៉ាក់​​ថា បាន​ប្រើអាវុធ បាញ់ប្រហារ​មក​លើពួកគេ ហើយ​មាន​អ្នកខ្លះ ជា​ប៉ូលិស និង​ដៃជើង​របស់​លោក​មូបារ៉ាក់។ អំពើហិង្សា វាយប្រហារ​គ្នា គប់​ដុំថ្ម​ដាក់​គ្នា​ទៅវិញ​ទៅមក បាន​បន្ត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ទី ៣​កុម្ភៈ។

ថ្ងៃ​ទី សុក្រ​៤ កុម្ភៈ៖ ប្រជាជន​អេហ្ស៊ីព្ទ​ច្រើនពាន់​នាក់​ដើរក្បួន​បាតុកម្ម​ដោយ​ស្ងប់ស្ងាត់។ ថ្ងៃ​នោះ​មាន​ឈ្មោះ​ថា ថ្ងៃ​ចាកចេញ គឺ​សំដៅ​ការលាចេញ​ពី​តំណែង​របស់​លោក​មូបារ៉ាក់។

ថ្ងៃ សៅរ៍ ៦ កុម្ភៈ៖ អនុប្រធានាធិបតី​បានអញ្ជើញ​ក្រុមបក្ស​ប្រឆាំង​ឲ្យ​​ចូលរួម​ក្នុង​តុចរចា​ដែល​នេះ​មិន​ធ្លាប់មាន​ទេ​ក្នុង​ប្រវត្តិសាស្រ្ត​៥០​ឆ្នាំ​ចុងក្រោយនៅ អេហ្ស៊ីព្ទ។ ការចរចា​មិន​បាន​ទទួល​លទ្ធផល ប្រជាជន​អេហ្ស៊ីព្ទ​កាន់តែ​ច្រើន​ឡើងៗ បាន​មក​ប្រមូលផ្តុំ​គ្នា​នៅទីលាន​សេរីភាព។

ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ១០៖ នៅពេល​កងទ័ព​បាន​ចេញ​សេចក្តី​ប្រកាស​ទីមួយ ថា ខ្លួន​នឹង​ចេញមុខ​អន្តរាគមន៍។ ប្រជាជន​ដែល​មើលឃើញ​ថា កងទ័ព​នៅ​ខាងខ្លួន ចាប់ផ្តើម​សង្ស័យថា នឹង​អាច​មាន​រដ្ឋប្រហារ។ ប៉ុន្តែ នៅពេល​ប្រធានាធិបតី​ចេញមុខ​ប្រកាស​នៅ​តាម​ទូរទស្សន៍​ថា លោក​នឹង​មិន​ស្តាប់តាម​ការបញ្ជា​ពី​អន្តរជាតិ ហើយ​លោក​នៅ​តែ​បន្តកាន់​អំណាច ប្រជាជន​អេហ្ស៊ីព្ទ​មាន​ការខកចិត្ត និង​ចាប់ផ្តើម​ផ្ទុះ​កំហឹង ​ដោះស្បែកជើង​គប់​លើ​រូបលោក​មូបារ៉ាក់​ដែល​លេច​នៅតាម​កញ្ចក់​ទូរទស្សន៍។

ព្រឹកថ្ងៃ​សុក្រ ១១ កុម្ភៈ៖ បាតុករ​បាន​ដើរ​សំដៅ​ទៅ​ស្ថានីយ៍​ទូរទស្សន៍ និង​វិមាន​រដ្ឋាភិបាល ប៉ុន្តែ ដំណឹង​ពី​អ្នកនាំពាក្យ​របស់​គណបក្ស​របស់​លោក​មូបារ៉ាក់​បាន​ឲ្យ​ដឹង​ថា លោក​ម៉ូបារ៉ាក់​បាន​ចាកចេញ ទៅ​Charm El Cheque​រួចទៅហើយ។ ទើប​តែ​ពេល​យប់​ថ្ងៃ​សុក្រ​ដែល​អនុប្រធានាធិបតី លោក​ស៊ូលេម៉ាន ប្រកាស​ថា លោក​មូបារ៉ាក់​បាន​លាលែង​ចេញពី​តំណែង និង​ប្រគល់​កិច្ចការ​ប្រទេស​ទៅ​ឲ្យ​កងទ័ពកាន់កាប់វិញ។

ប្រជាជន​អេហ្ស៊ីព្ទ​អាច​អបអរ​នឹង​ជ័យជំនះ​របស់​ខ្លួន ដោយ​បាន​បណ្តេញប្រធានាធិបតី​ចេញពីអំណាច ប៉ុន្តែ ចូរកុំភ្លេចថា មាន​ប្រជាជន​ជិត៣០០​នាក់​ដែល​បាន​ស្លាប់ នៅ​ក្នុង​បាតុកម្មនៅ​អេហ្ស៊ីព្ទ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ