អានតួអត្ថបទ
កម្ពុជា​-ថៃ

កងទ័ព​​ខ្មែរ-ថៃ​អនុញ្ញាត​អោយ​ប្រជាជន​ត្រឡប់​ចូល​ភូមិ​របស់​ពួក​គេ​វិញ

តំណាង​កងទ័ព​ខ្មែរ និង​ថៃ​នៅបន្ត​ជួប​គ្នា​ទៀត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​បញ្ជាក់​អំពី​ជំហរ​របស់​ពួកគេ ក្នុង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​យោធា។ កងទ័ព​ទាំងពីរ​ក៏​បាន​បញ្ជាក់​ទៅ​វិញ​ទៅមក​ថា ពួកគេ​នឹង​អនុញ្ញាត​អោយ​ប្រជាជន​ដែល​រស់នៅ​តាម​តំបន់​ព្រំដែន អាច​ត្រឡប់មក​រស់នៅ​ក្នុង​ភូមិឋាន​របស់​ពួកគេ​បាន​តាម​ធម្មតា​វិញ។

កងទ័ព​ខ្មែរ​បន្ថែម​គ្រាប់​កាំ​ភ្លើង​ ក្រោយ​​​ការ​ប្រយុទ្ធ​ជា​មួយ​ថៃ។ រូប​ថត​ថ្ងៃ​ទី​៥​កុម្ភៈ ២០១១
កងទ័ព​ខ្មែរ​បន្ថែម​គ្រាប់​កាំ​ភ្លើង​ ក្រោយ​​​ការ​ប្រយុទ្ធ​ជា​មួយ​ថៃ។ រូប​ថត​ថ្ងៃ​ទី​៥​កុម្ភៈ ២០១១ Reuters/Pheara
ផ្សាយពាណិជ្ជកម្ម
02:04

សេចក្តី​រាយការណ៍​របស់ លាង ដឺលុច ពីទីក្រុង​ភ្នំពេញ

មេបញ្ជាការ​កងពល​ធំ​អន្តរាគមន៍​លេខ​៣ លោក​ឧត្តមសេនីយ​ទោ ស្រី ឌឹក បាន​ជួបគ្នា​ជាមួយ​មេបញ្ជាការ​កងពល​លេខ​៦​របស់​ថៃ កាលពី​វេលា​ថ្ងៃ​ត្រង់ ថ្ងៃ​អាទិត្យ​ទី​៦​កុម្ភៈ​នេះ ដើម្បី​ធ្វើ​យ៉ាងណា​អោយ​ស្ថានភាព​តាម​ព្រំដែន​ប្រាសាទ​ព្រះវិហារ​បាន​ធូរស្រាល។ ហើយ​ថា​មេ​បញ្ជាការ​ទាំងពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​ផង​ដែរ អនុញ្ញាត​អោយ​ប្រជាជន​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រំដែន​អាច​ត្រឡប់​ចូល​មក​រស់នៅ​ក្នុង​ភូមិឋាន​របស់​ពួកគេ​វិញ។ ក្រុម​អ្នកភូមិ​ទាំង​នេះ​បាន​រត់​ភៀស​ខ្លួន​ដើម្បី​ចាកចេញ​ពី​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរ-​ថៃ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ទី៤​កុម្ភៈ។

            ក្រោយ​ជំនួប​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្បែរ​ច្រក​ព្រំដែន​ប្រាសាទ​ព្រះវិហារ​កាល​ពី​ព្រឹកមិញ​នេះ ឧត្តមសេនីយទោ ស្រី ឌឹក​ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​អោយ​ដឹង​ថា លោក និង​មេ​បញ្ជាការ​កងពល​របស់​ថៃ​បាន​សន្យា​រក្សា​លំនឹង​សភាពការណ៍​មិន​អោយ​តានតឹង​ជាង​នេះ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា លទ្ធភាព​នៃ​ការ​ផ្ទុះ​អាវុធ ឬ​ក៏​អត់​នោះ គឺ​អាស្រ័យ​លើ​សកម្មភាព​របស់​កងទ័ព​ថៃ​តែ​ប៉ុណ្ណោះ។ ឧត្តមសេនីយទោ ស្រី ឌឹក​ បាន​ថ្លែង​បញ្ជាក់​ជំហរ​ការពារ​ទឹកដី​ខ្មែរ ក្នុង​ករណី​កងទ័ព​ថៃ​រុល​ចូលមក​ក្នុង​ទឹកដី​កម្ពុជា​ទៀត​នោះ។

            បើទោះជា​មាន​ការ​ព្រមព្រៀងគ្នា​ជា​គោលការណ៍​រវាង​ភាគី​កងទ័ព​ទាំងពីរ ក្នុង​ការ​ចៀសវាង​ការផ្ទុះ​អាវុធ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ភាព​តានតឹង​នៅតែ​មាន​តាម​រយៈ​ការ​បន្ថែម​គ្រឿង​សព្វាវុធ និង​កម្លាំង​ទ័ព។ នាយ​ឧត្តមសេនីយ​ ហ៊ីង ប៊ុនហៀង​ អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ប្រាប់​កាសែត​ដើមអម្ពិល​នៅ​ថ្ងៃ​នេះ​ថា កងទ័ព​សៀម​បាន​បន្ថែម​កម្លាំង​របស់​ខ្លួន​ប្រមាណ​២០០០​នាក់ និង​រថក្រោះ​២០​គ្រឿង​នៅ​ប៉ែក​ព្រំដែន​ប្រាសាទ​តាមាន់ និង​តាក្របី ក្នុង​ខេត្ត​ឧត្តរមានជ័យ។

            ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការពង្រឹង​សមត្ថភាព​កងទ័ព​របស់​ខ្លួន កម្ពុជា​វិញ​ក៏​បាន​បន្ថែម​គ្រឿង​សព្វាវុធ​ទៅ​សមរភូមិ​ដូចគ្នា។
            បើយោងតាម​ការ​បញ្ជាក់​របស់​លោក​ ហ៊ីង ប៊ុនហៀង ​ប្រាប់កាសែត​ដើមអម្ពិល ការ​ប្រយុទ្ធគ្នា​២​លើក​ចុងក្រោយ​នេះ បាន​បង្ក​អោយ​ទាហាន​កម្ពុជា​ស្លាប់​២​នាក់ និង​របួស​ស្រាល​ធ្ងន់​ប្រមាណ​២០នាក់៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ