អានតួអត្ថបទ
អាមេរិក-ឥណ្ឌា

អនុ​ប្រធានាធិបតី​អាមេរិក​ ចូ​ បៃដិន​ បំពេញ​​ទស្សនកិច្ច​នៅ​​ឥណ្ឌា​

នៅ​ថ្ងៃ​ចន្ទ​នេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ចូ បៃដិន ​បាន​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​បួន​ថ្ងៃ​ នៅ​ប្រទេស​​​​ឥណ្ឌា​ ដើម្បី​​រឹត​ចំណង​ទំនាក់ទំនង​​ការទូត​រវាង​អាមេរិក​និង​ឥណ្ឌា និង​​ជំរុញ​អោយ​ទំនាក់ទំនង​​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​​ប្រសើរ​ឡើង​ថែមទៀត។ ទស្សនកិច្ច​របស់​លោក​បៃដិន ធ្វើ​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​​អាមេរិក​ ចន​ ឃែររី​។ នៅ​ពេល​ដែល​ទំនាក់ទំនង​អាមេរិក​និង​ឥណ្ឌា​ ត្រូវ​បាន​គេ​រិះ​គន់​ថា​​ ធ្លាក់​​ចុះ​ក្នុង​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ លោក​បៃដិន​​ប្រាប់​ថា លោក​ចង់​អោយ​អាមេរិក​និង​ឥណ្ឌា​ ខិតខំ​ប្រឹងប្រែង​ធ្វើការ​រួមគ្នា​បន្ថែម​ទៀត។

អនុប្រធានាធិបតី​អាមេរិក លោក Joe Biden
អនុប្រធានាធិបតី​អាមេរិក លោក Joe Biden REUTERS/Lintao Zhang/Pool
ផ្សាយពាណិជ្ជកម្ម

ក្នុង​​៣​ទស្សវត្សរ​កន្លង​មក​​នេះ លោក ចូ បៃដិន ​ បាន​ក្លាយ​ជា​អនុប្រធានាធិបតី​ទីមួយ​​របស់​សហរដ្ឋអាមេរិក​ ដែល​បាន​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា។ នៅ​ថ្ងៃ​អង្គារ​ស្អែក​​​ លោក​នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ម៉ាន់ម៉ូហាន់ ស៊ីង ហើយ​លោក​នឹង​ធ្វើ​សន្ទរកថា​​​​សេដ្ឋកិច្ច​មួយ​​ នៅ​ក្នុង​​កិច្ច​ប្រជុំ​តុមូល​​ជាមួយ​បណ្តា​សហគ្រាស​នានា។

លោក​បៃដិន​​ចង់​អោយ​​​​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា​និង​អាមេរិក​​កាន់​តែ​​ចំរើន​ទៅមុខ។ យោង​តាម​អនុប្រធានាធិបតី​អាមេរិក​ ទឹកប្រាក់​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​​​ទាំងពីរ​​នឹង​កើន​ឡើន​ដល់​​១០០ពាន់លាន​ដុល្លារ​អាមេរិក​ សំរាប់​ឆ្នាំ​២០១៣​នេះ។    

ទស្សនកិច្ច​របស់​លោក​ ចូ បៃដិន ធ្វើឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​​អាមេរិក​ ចន​ ឃែររី​ កាល​​ពី​ខែ​មុន។ គួរ​រំលឹក​ថា ​ កាលពី​ខែ​កក្កដា លោក​ឃែររី បាន​​ធ្វើដំណើរ​មក​ឥណ្ឌា ​​ដើម្បី​​លួងលោម​ឥណ្ឌា​អោយ​បន្ថយ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​ នៅ​ពេល​ដែល​កងទ័ព​​​បរទេស​​ដក​ចេញ​អស់​ពី​ប្រទេស​អាហ្វហ្កានិស្ថាន ក្នុង​ឆ្នាំ​២០១៤​ខាងមុខ។​​​ ឥណ្ឌា​បារម្ភ​​​ថា នៅ​ពេល​កងទ័ព​បរទេស​ដក​អស់​ពី​ប្រទេស​នេះ ក្រុម​​ឧទ្ទាម​តាលីបង់​ដែល​ជា​សត្រូវ​របស់​ឥណ្ឌា​ ​នឹង​វិល​ត្រលប់​មក​កាន់​ក្រុងកាប៊ូល​វិញ។

មិន​ខុស​ពី​លោក ឃែររី លោក​បៃដិន​បានក្រើន​រំលឹក​​ឡើងវិញ​ ថា​​អាមេរិក​មិន​គាំទ្រ​នូវ​ដំណើរការ​សន្តិភាព​ណា​ដែល​មាន​​ក្រុម​តាលីបង់​ចូលរួម​នោះ​ទេ លើកលែង​តែ​ថា ក្រុម​តាលីបង់​​បញ្ឈប់​​អំពើ​ហិង្សា ព្រម​ផ្តាច់ទំនាក់ទំនង​ខ្លួន​ជាមួយ​ក្រុម​អាល់កៃដា និង​ព្រម​ទទួល​ស្គាល់​រដ្ឋធម្មនុញ្ញ​​អាហ្វហ្កានិស្ថាន។ អាមេរិក​បន្ត​គាំទ្រតួនាទី​​ឥណ្ឌា​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច​អាហ្វហ្កានិស្ថាន​អោយ​បាន​ប្រសើរឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ