អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​បដិសេធ​ការអភិវឌ្ឍន៍​រួមគ្នា​នៅក្នុង​តំបន់​ជម្លោះ​ក្បែរប្រាសាទ​ព្រះវិហារ​

កម្ពុជា​បាន​ច្រានចោល​ការ​អះអាង​របស់​មេបញ្ជាការ​ជាន់ខ្ពស់​កងទ័ព​ថៃ ​លោក ថាណាសាក់​ ផាធីម៉ាផាកន​ ដែល​និយាយ​ថា ​លោក​គាំទ្រ​សំដី​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់​ដែល​ធ្លាប់​ស្នើ​អោយ​មាន​ការ​អភិវឌ្ឍន៍​រួមគ្នា​ក្នុង​តំបន់​ជម្លោះ ​៤,៦គម​ការ៉េ។​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ខ្មែរ​ប្រតិកម្ម​ថា កម្ពុជា​មិន​អាច​យក​ផ្ទះ​របស់​ខ្លួន​អោយ​អ្នក​ផ្សេង​ជួយ​គ្រប់គ្រង​នោះ​ឡើយ។ 

លោក​កុយ គួង​ថ្លែងថា​ កម្ពុជា​មិនបាន​យល់ព្រម​ និង​មិនចាំបាច់​ត្រូវមាន​ការអភិវឌ្ឍន៍​ជាមួយ​ថៃ​នៅក្នុង​តំបន់​ដែលទាមទារ​នោះឡើយ
លោក​កុយ គួង​ថ្លែងថា​ កម្ពុជា​មិនបាន​យល់ព្រម​ និង​មិនចាំបាច់​ត្រូវមាន​ការអភិវឌ្ឍន៍​ជាមួយ​ថៃ​នៅក្នុង​តំបន់​ដែលទាមទារ​នោះឡើយ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

កាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត់​បាន​និយាយ​ប្រាប់​កាសែត​ថៃ បាងកកប៉ុស្តិ៍​ថា ​ក្នុង​ជំនាន់​លោកធ្វើជា​នាយក​រដ្ឋមន្ត្រី​លោកធ្លាប់​បាន​ស្នើមក​កម្ពុជា​នូវ​ផែនការ​អភិវឌ្ឍ​រួមគ្នា​មួយ​នៅក្នុង​តំបន់ដែ​លថៃ​ទាមទារ​ទំហំ៤,៦គម​ការ៉េនោះ។ ​នៅថ្ងៃ​ពុធនេះ ​កាសែត​បាងកក​ប៉ុស្ត៍​បានស្រង់​សម្តី​របស់​មេបញ្ជាការ​ជាន់ខ្ពស់​ថៃ ​លោក ​ថាណាសាក់​ ​ផាធីម៉ាផាកន​ដែល​ថ្លែងថា​លោកគាំទ្រ​គំនិត​លោកថាក់ស៊ីន​ ស៊ីណាវ៉ាត់។

​សេចក្តី​ថ្លែងការណ៍​របស់​លោកមេបញ្ជាការ​ជាន់ខ្ពស់​ថៃយ៉ាងនេះ ​បាន​តម្រូវ​អោយ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ប្រតិកម្ម​ភ្លាម​ ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​នៅរសៀល​ថ្ងៃពុធនេះ ​លោក​កុយ គួង​ថ្លែងថា​ កម្ពុជា​មិនបាន​យល់ព្រម​ និង​មិនចាំបាច់​ត្រូវមាន​ការអភិវឌ្ឍន៍​ជាមួយ​ថៃ​នៅក្នុង​តំបន់​ដែលទាមទារ​នោះឡើយ។ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​បន្ត​ថា ​កម្ពុជា​មិនអាច​យក​ផ្ទះ​របស់​ខ្លួន​ទៅអោយ​អ្នកណា​ជួយ​គ្រប់​គ្រង​នោះទេ។​
សូម​បញ្ជាក់​ថា ​នៅថ្ងៃនេះ​ កាសែត​ថៃT​he Nation​ ក៏បាន​ផ្សាយ​អោយដឹង​ផងដែរ​ថា ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ ​យីងឡាក់ ​ស៊ីណាវ៉ាត់​បាន​អនុម័ត​លើការ​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​មកជជែក​ជាមួយ​កម្ពុជា​ស្តីពី​ការអនុវត្តន៍​ដីការ​បស់​តុលាការ​ឡាអេ​ដែលបង្គាប់​អោយ​កម្ពុជា​និង​ថៃដក​កងទ័ព​ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន។​

ទាក់ទ​ងនឹង​បញ្ហានេះ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ​លោកឧបនាយក​រដ្ឋមន្ត្រី​ទៀ បាញ់ ​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅថ្ងៃនេះ​ដែរ​ថា​​ កម្ពុជា​នៅតែ​មិនទាន់​ទទួល​បាន​ពេលវេលា​នៃ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ចម្រុះ​ពីភាគីថៃ​ដែលជា​អ្នករៀបចំ​កិច្ចប្រជុំ​នេះ​នៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ