អានតួអត្ថបទ
កម្ពុជា​-ថៃ

ថៃ មិនទាន់​យល់ព្រម​ឲ្យ​អ្នក​សង្កេតការណ៍​ចុះ​មក​កាន់​តំបន់​ព្រំដែន​ជម្លោះ

នាយក​រដ្ឋមន្ត្រី​ថៃ លោក អាប់ភិស៊ីត វេចាជីវ៉ា បាន​ប្រកាស​ថា ថៃ មិន​អនុញ្ញាត​ឲ្យ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី ចូល​ទៅ​កាន់​តំបន់​ព្រំដែន​ជម្លោះ ជិត​ប្រាសាទ​ព្រះវិហារ​ឡើយ។ តំបន់​ជម្លោះ​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ថៃ ហៅ​ថា តំបន់ ៤,៦ គីឡូម៉ែត្រ​ក្រឡា។ ក៏ប៉ុន្តែ​ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង បាន​ប្រកាស​តប​វិញ​ថា កម្ពុជា​សុខចិត្ត ធ្វើ​សម្បទាន​បន្ត ដើម្បី​ធ្វើ​យ៉ាងណា ឲ្យតែ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី បាន​មក​ឈរជើង នៅ​តំបន់​ព្រំដែន ដើម្បី​ត្រួតពិនិត្យ​បទ​ឈប់​បាញ់។​

លោក ហោ ណាំ​ហុង​
លោក ហោ ណាំ​ហុង​ © ចាន់ណា
ផ្សាយពាណិជ្ជកម្ម
02:33

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

កាសែត​ថៃ បាន​ស្រង់​សម្តី​នាយក​រដ្ឋមន្ត្រី​ថៃ អាប់ភិស៊ីត មក​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ក្រសួង​ការបរទេស និង​ក្រុម​ឧត្តម​សេនីយ៍​យោធា​ថៃ មិន​មាន​ជំហរ​ផ្ទុយ​គ្នា​ទេ លើ​ការបដិសេធ មិន​អនុញ្ញាត​អោយ​អ្នក​សង្កេតការណ៍​យោធា​ឥណ្ឌូណេស៊ី ចូល​ក្នុង​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ជិត​ប្រាសាទ​ព្រះវិហារ​ឡើយ។​

ដោយ​អះអាង​ថា តំបន់​ដែល​ថៃ​ហៅថា ៤,៦ គីឡូម៉ែត្រក្រឡា ជា​របស់​ថៃ លោក​នាយក​រដ្ឋមន្ត្រី អាប់ភិស៊ីត បាន​លើក​ឡើង​ថា ថៃ​នឹង​មិន​អនុញ្ញាត​អោយ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី ចូល​ឈរ​ជើង​ក្នុង​តំបន់​ជម្លោះ ៤,៦ គីឡូម៉ែត្រក្រឡា នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​បាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​អនុញ្ញាត​អោយ​អ្នក​សង្កេតការណ៍​ចូល​តំបន់​ជម្លោះ​នោះ វា​នឹង​ធ្វើ​អោយ​សភាពការណ៍​ព្រំដែន​កម្ពុជា​-​ថៃ កាន់តែ​អាក្រក់​ឡើង។​

លោក អាប់ភិស៊ីត បាន​បន្ត​ថា អ្នក​សង្កេតការណ៍ មិន​មាន​អាវុធ អាច​បញ្ជូន​មក​បាន តែ​ត្រូវ​មាន​ការ​ពិភាក្សា​ថែម​ទៀត អំពី​ទីកន្លែង​ឈរ​ជើង។
ប្រមុខ​ការទូត​កម្ពុជា​-​ថៃ បាន​យល់ព្រម ទទួល​យក​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី ១៥ នាក់​ម្ខាង ដាក់​នៅ​តំបន់​ព្រំដែន​ផ្ទុះ​អាវុធ កាលពី​ដើម​ខែ​កុម្ភៈ ដើម្បី​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍ ស្របតាម​សេចក្តី​សម្រេច​របស់​អាស៊ាន និង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។
កម្ពុជា បាន​យល់ព្រម​ភ្លាមៗ ដើម្បី​ទទួល​អ្នក​សង្កេតការណ៍​ទាំងនោះ។ ប៉ុន្តែ​ថៃ រារែក និង​មិន​ចង់បាន​អ្នក​សង្កេតការណ៍​ឡើយ។​
ការដាក់​លក្ខខណ្ឌ​របស់​ថៃ ចំពោះ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មិន​ឲ្យ​កាន់​អាវុធ មិន​ពាក់​ឯកសណ្ឋាន​យោធា ជា​អ្នក​ការទូត និង​មិន​ឲ្យ​អ្នក​សង្កេតការណ៍​ទាំង​នោះ ចូល​ក្នុង​តំបន់​ដី ដែល​ថៃ​ហៅថា ៤,៦ គីឡូម៉ែត្រ​ក្រឡា ត្រូវ​បាន​លោក ហោ ណាំហុង លើក​ឡើង​ថា កម្ពុជា​ត្រៀម​ធ្វើ​សម្បទាន​បន្ត ដើម្បី​ឈាន​ទៅដល់​ការដាក់​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី ឲ្យបាន​នៅ​តំបន់​ព្រំដែន ជៀសវាង​ជម្លោះ​ប្រដាប់​អាវុធ​ទៅ​មុខ​ទៀត។

យ៉ាងណាក៏ដោយ នៅក្រៅ​កិច្ចប្រជុំ​អាស៊ាន​ជប៉ុន កាលពី​ថ្ងៃ​៩​មេសា រដ្ឋមន្ត្រី​ការបរទេស កម្ពុជា​-ថៃ និង​ឥណ្ឌូណេស៊ី បាន​ជួបគ្នា​មួយ​ភ្លែត។ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ក្នុងនាម​ប្រធាន​អាស៊ាន បាន​ជំរុញ​ឲ្យ​ភាគី​ថៃ ធ្វើ​ការសម្រេច​ពី​ការ​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍ គ្មាន​អាវុធ ឲ្យ​បាន​ឆាប់។ តែ​រដ្ឋមន្ត្រី​ការបរទេស​ថៃ បាន​អង្គុយ​ស្ងៀម ហើយ​ងក់​ក្បាល តែ​មិន​និយាយ​អ្វី​សូម្បី​តែ​មួយ​ម៉ាត់។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ហោ ណាំហុង នៅពេល​វិល​ត្រឡប់​ពី​កិច្ចប្រជុំ​ក្នុង​​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ