អានតួអត្ថបទ
កម្ពុជា​

ឥណ្ឌូណេស៊ី បញ្ជាក់​ពី​ចំណុច​ឈរ​ជើង សម្រាប់​អ្នក​សង្កេតការណ៍​នៅ​ព្រំដែន​កម្ពុជា

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​១២​មេសា លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​លោក ម៉ារទី ណាតាល់ឡេហ្គាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី ស្តីពី​លក្ខខណ្ឌ​ប្រតិបត្តិ​ថ្មី សម្រាប់​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ។ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី បាន​លើក​ឡើង​ពី​ទីតាំង ៣ ចំណុច ដើម្បី​ដាក់​អ្នក​សង្កេតការណ៍ ឈរ​ជើង ត្រួតពិនិត្យ​បទ​ឈប់​បាញ់ នៅ​ព្រំដែន​ព្រះវិហារ។ កម្ពុជា​បាន​ទទួល​យល់ព្រម​ភ្លាមៗ ដោយ​ឥត​លក្ខខណ្ឌ ខណៈ​ដែល​ថៃ មិន​ទាន់​ឆ្លើយតប​អ្វី​សោះ។​

ទង់ជាតិខ្មែរ​ដោត​នៅ​លើ​ក្លោងទ្វារ​វត្ត​កែវសិក្ខា​គិរីស្វារៈ នៅក្បែរ​ប្រាសាទ​ព្រះវិហារ
ទង់ជាតិខ្មែរ​ដោត​នៅ​លើ​ក្លោងទ្វារ​វត្ត​កែវសិក្ខា​គិរីស្វារៈ នៅក្បែរ​ប្រាសាទ​ព្រះវិហារ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

02:34

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ចុះថ្ងៃ​១៣​មេសា​ ឆ្នាំ​២០១១ បាន​លើក​ឡើង​ថា លោក ម៉ារទី ណាតាល់ឡេហ្គាវ៉ា រដ្ឋមន្ត្រី​បរទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន បាន​ស្នើ​ឲ្យមាន​ចំណុច​ឈរ​ង​សម្រាប់​អ្នក​ង្កេតការណ៍​ឥណ្ឌូណេស៊ី ចំនួន ៣ ទីតាំង គឺ​ទី​១-​ចំណុច ៥ មករា ទី​២-​តា​សឹម និង​ទី​៣-​​ចាក់ច្រែង។

ទីតាំង​ទាំង​៣ ចំណុច​នៅ​តំបន់​ព្រំដែន​ ជិត​ប្រាសាទ​ព្រះវិហារ ​បាន​កើត​មាន​ការផ្ទុះ​អាវុធ ជា​លក្ខណៈ​សង្គ្រាម ដែល​បង្ក​ឡើង​ដោយ​កងទ័ព​ថៃ កាលពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧​កុម្ភៈ។​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​១២​មេសា ឆ្នាំ​២០១១ ដដែល​នោះ លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​ឆ្លើយ​តប​វិញ​ភ្លាមៗ ដោយ​យល់ព្រម​ទាំង​ស្រុង លើ​សេចក្តី​ព្រាង​លក្ខខណ្ឌ​ប្រតិបត្តិ​ថ្មី សម្រាប់​ដាក់​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី ដើម្បី​ចុះ​មក​​ត្រួត​ពិនិត្យ​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​នៅ​តំបន់​ព្រំដែន​ព្រះវិហារ។
​តាម​អ្នកនាំពាក្យ ការឆ្លើយ​តប​របស់​ប្រមុខ​ការទូត​កម្ពុជា ដោយ​ឥត​លក្ខខណ្ឌ​នេះ ជា​សុឆន្ទៈ​ថ្មី​មួយ​ទៀត​របស់​កម្ពុជា ដោយ​ឈរ​លើ​ស្មារតី​គោរព​ការឈប់​បាញ់​អចិន្ត្រៃយ៍ ដែល​អាច​នាំ​ទៅដល់​ការដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ ដោយ​សន្តិវិធី។

​យ៉ាងណា​ក៏​ដោយ លោក​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី បាន​ឆ្លើយតប​លិខិត​មក​លោក​រដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង ដោយ​បញ្ជាក់​ពី​ការពេញចិត្ត។ ប៉ុន្តែ​លោក​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី ក្នុងនាម​ជា​អ្នក​សម្របសម្រួល​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ តាម​យន្តការ​អាស៊ាន លើក​ឡើង​ក្នុង​លិខិត​ទៅ​កាន់​ប្រមុខ​ការទូត​កម្ពុជា និង​ថៃ ចុះ​ថ្ងៃ​ទី​១៣​កុម្ភៈ​ថា មក​ដល់​ពេល​នេះ ឥណ្ឌូណេស៊ី នៅតែ​រង់ចាំ​ចម្លើយ​ពី​ភាគី​ថៃ​ប៉ុណ្ណោះ ចំពោះ​ការបញ្ជូន​អ្នក​សង្កេតការណ៍ ចុះ​មក​កាន់​ព្រំដែន​ជម្លោះ។

​ប្រមុខ​ការទូត​កម្ពុជា ថៃ និង​ឥណ្ឌូណេស៊ី បាន​ជួបគ្នា​មួយ​ភ្លែត នៅក្រៅ​កិច្ចប្រជុំ​អាស៊ាន ជប៉ុន កាលពី​ថ្ងៃ​ទី​៩​មេសា ប៉ុន្តែ​មិន​បាន​និយាយ​ដល់​ការព្រមព្រៀង​លើ​បញ្ជូន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​ឡើយ។ ថៃ​តែងតែ​គេចវេះ និង​មិន​ចង់​បាន​អ្នកសង្កេតការណ៍​ទេ។​

កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​បាងកក បាន​ប្រកាស​តាម​កាសែត​ថា អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី ១៥ នាក់ ដែល​ត្រូវ​បញ្ជូន​មកកាន់​ព្រំដែន​កម្ពុជា និង ១៥ នាក់ នៅ​ខាង​ព្រំដែន​ថៃ ជិត​ប្រាសាទ​ព្រះវិហារ ត្រូវតែ​ជា​ជន​ស៊ីវិល មិន​កាន់​អាវុធ មិន​ពាក់​ឯកសណ្ឋាន​យោធា និង​មក ក្នុងនាម​អ្នក​ការទូត។ ថៃ​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នកសង្កេតការណ៍ ដែល​ត្រួតពិនិត្យ​លើ​បទ​ឈប់​បាញ់ ចូល​ក្នុង​តំបន់​ដី ដែល​ថៃ​ហៅថា ៤,៦ គីឡូម៉ែត្រ​ក្រឡា ជាប់​ប្រាសាទព្រះវិហារ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ