អានតួអត្ថបទ
កម្ពុជា

ប្រមុខ​​ការ​ទូត​​ចិន​​ជំរុញ​ឲ្យ​​កម្ពុជា​​ដោះ​ស្រាយ​​បញ្ហា​​នយោបាយ​​ដោយ​​សន្តិ​វិធី​​

លោក​ វ៉ាង យី​ រដ្ឋមន្ត្រី​ការបរទេស​​ចិន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​​នៅ​​ភ្នំពេញ​បាន​​ជំរុញ​​ឲ្យ​កម្ពុជា​ដោះស្រាយ​​បញ្ហា​​បោះឆ្នោត​ដោយ​​សន្តិវិធី​តាម​រយៈ​កិច្ច​ពិភាក្សា​គ្នា​។ ​ការជំរុញ​បែប​នេះបាន​ធ្វើឡើង​ខណៈ​ដែល​កម្ពុជា​កំពុង​ជួប​ភាព​តានតឹង​ខាង​នយោបាយ​​ដោះស្រាយ​មិន​ចេញ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ។​ ប៉ុន្តែ ប្រមុខការទូតទីក្រុងប៉េកាំង​បានគាំទ្រ​យ៉ាងចំហ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​​ក្នុង​ឋានៈ​ជា​គណបក្ស​​ឈ្នះឆ្នោត។

លោក​ វ៉ាង​ យី​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​
លោក​ វ៉ាង​ យី​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ ពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួមគ្នា​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់​តាល់​  លោក​ វ៉ាង យី ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ បាន​សម្តែង​ការគាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ដល់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈ្នះឆ្នោត​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា។ ​ជាការ​ឆ្លើយ​តប​ លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​​ចិន​ដែល​បាន​គាំទ្រ​លទ្ធផល​បោះឆ្នោត​នៅ​ពេល​នេះ។​

​យ៉ាងណា​ក៏ដោយ​ ប្រមុខ​ការទូត​ទីក្រុង​ប៉េកាំង​បាន​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​​ដោះស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​តាមរយៈ​ការចរចា​គ្នា​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋសភា ​និង​រដ្ឋាភិបាល​ថ្មី​នៅ​ពេល​ខាង​មុខ។ ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​ឯ​វិមាន​សន្តិភាព​នាព្រឹក​ថ្ងៃ​ពុធ​​ទី​ ២១​ សីហា​នេះ ​រដ្ឋមន្ត្រី​ការបរទេស​ចិន​​ក៏បាន​ជំរុញ​បញ្ហា​នេះ​​ដូច​គ្នា​ដែរ។​

នៅ​ក្នុង​​ជំនួប​​ជា​ង​ ២ ​ម៉ោង​នោះ ​ប្រមុខ​ការទូត​ចិន​​បាន​​សាទរ​​ចំពោះ​​ការបោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អាណត្តិ​ទី៥​នៅ​កម្ពុជា​​កាលពី​ថ្ងៃ​ទី​ ២៨ ​កក្កដា ​ដែល​​គណបក្ស​​ប្រជាជន​​កម្ពុជា​បាន​ឈ្នះ​​កៅអី​​ភាគច្រើន​នៅ​ក្នុង​​រដ្ឋសភា​។​ រដ្ឋមន្ត្រី​ការបរទេស​ចិន ​លោក​ វ៉ាង​ យី​  ក៏​បាន​សង្កេត​ឃើញ​ដែរ​ថា ​ការបោះឆ្នោត​​​នៅ​កម្ពុជា​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​​។

លោក ​នាយករដ្ឋមន្ត្រី ​​ហ៊ុន​ សែន ​ក៏​បាន​​បញ្ជាក់​​ប្រាប់​​រដ្ឋមន្ត្រី​​ការបរទេស​​​​ចិន​​ថា ​​គណបក្ស​​ប្រជាជន​​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ដដែល​ដោយ​មិន​​ផ្លាស់ប្តូរ​​ទេ ​នោះ​​គឺ​​កិច្ច​ប្រជុំ​​រដ្ឋសភា​​លើក​ដំបូង​ក្រោយ​​ការបោះឆ្នោត​​យ៉ាង​យូរ ​៦០​​ថ្ងៃ ​និង​​ការ​បង្កើត​​រដ្ឋាភិបាល​ថ្មី​​ចេញ​ពី​ការបោះឆ្នោត​នឹង​​ប្រព្រឹត្ត​ទៅ​​ដូច​ការ​គ្រោងទុក​ដោយ​​គ្មាន​ឧបសគ្គ​បណ្តា​ល​មកពី​​​ការជាប់​គាំង​​នយោបាយ​នោះ​ឡើយ​។​​

ដំណើរ​​ទស្សនៈកិច្ច​​របស់​រដ្ឋមន្ត្រីកា​របរទេស​ចិន​នៅ​កម្ពុជា​នា​ពេល​នេះ​​ មាន​គោលដៅពង្រឹង​​ចំណង​មិត្តភាព​និង​​កិច្ចសហប្រតិបត្តិកា​​ររ​វា​ង​​ប្រទេស​​ទាំង​ពីរ​​​​​ជាពិសេស​​ដើម្បី​ប្រារព្ធខួប​ទី​ ៥៥​ឆ្នាំ ​នៃចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ។​​ លោក ​វ៉ាង យី ​បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ទំនាក់ទំនង​រវាង​ទីក្រុង​ភ្នំពេញ ​និង​ប៉េកាំង​ និង​អះអាងថា ​នៅតែ​បន្ត​គាំទ្រ​កម្ពុជា​ និងពង្រឹង​ចំណង​ទាក់ទង​នេះ​ជានិច្ច​​។​

គួរកត់​សម្គាល់​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​បាន​​ធ្វើ​ឡើង​ចំពេល​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​​បញ្ហា​នយោបាយ​តានតឹង​ក្រោយ​ការបោះឆ្នោត។ ​​តាមរយៈ​ទស្សនកិច្ច​​នេះមហាយក្ស​ចិន​ក៏​បាន​បង្ហាញ​ការគាំទ្រ​ដោយ​ត្រង់ៗ​ដល់​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន​ សែន ​ក្នុង​ឋានៈ​ជាបក្ស​ឈ្នះឆ្នោត​ បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង​កំពុង​តវ៉ា​ជំទាស់​​លទ្ធផល​នៃ​ការបោះឆ្នោត​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ