ការបោះឆ្នោតព្រឹទ្ធសភាដំណើរការទៅ ដោយអវត្តមានបក្សប្រឆាំង
ដូចការគ្រោងទុក ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ បានដំណើរការទៅដោយរលួន នៅថ្ងៃអាទិត្យនេះ បើទោះបីជាមិនមានការចូលរួមពីអតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាក៏ដោយ។ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាត់ទុកថា ការបោះឆ្នោតអសកលមួយនេះ ធ្វើឡើងទៅតាមច្បាប់របស់កម្ពុជា ដោយមិនខ្វល់ពីការរិះគន់របស់មជ្ឈដ្ឋានខាងក្រៅឡើយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០២
ចាប់តាំងពីព្រឹកព្រលឹមស្រាងៗ អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សរុបជាងមួយម៉ឺននាក់ ព្រមទាំងសមាជិករដ្ឋសភាចំនួន១២៣រូប បានទៅឈរតម្រង់ជួរគ្នា រងចាំបោះឆ្នោតនៅតាមការិយាល័យរៀងៗខ្លួន។ សម្រាប់មណ្ឌលរាជធានីភ្នំពេញ ការបោះឆ្នោត បានធ្វើឡើងនៅក្នុងវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដែលមានចំនួនពីរការិយាល័យ។
លោក សិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានទៅឃ្លាំមើលការបោះឆ្នោតនៅក្នុងមណ្ឌលខាងលើនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបោះឆ្នោតនេះធ្វើឡើងនៅ៨ភូមិភាគ ដែលមាន៣៣ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស។
បើតាមប្រធាន គជប រូបនេះ ដំណើរការបោះឆ្នោតអសកលមួយនេះ បានដំណើរការទៅជាប្រក្រតី ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ទាំងសម្ភារៈ ហើយលទ្ធផលបឋមនឹងប្រកាសនៅល្ងាចថ្ងៃនេះតែម្តង។
ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ចំពោះការរិះគន់ពីអតីតគណបក្សសង្រ្គោះជាតិ និងអង្គការមួយចំនួនដែលមិនទទួលស្គាល់ការបោះឆ្នោតនេះ លោក សិក ប៊ុនហុក បានអះអាងថា ការបោះឆ្នោតនេះ គជប ធ្វើឡើងដោយផ្អែកតាមច្បាប់របស់កម្ពុជា និងថា គជប កម្ពុជា មិនមែនកើតឡើងពីសហរដ្ឋអាមេរិក និងពីសហភាពអ៊ឺរ៉ុបនោះទេ។ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបគឺជាអ្នកផ្តាច់ជំនួយដល់ គជប ដោយសារតែការរំលាយ គណបក្សសង្រ្គោះជាតិ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅពេលនេះ បានទទួលការចូលរួមសង្កេតការណ៍ពីតំណាងស្ថានទូតជប៉ុន និងម៉ាឡេស៊ី រួមទាំងអ្នកសង្កេតការណ៍របស់អង្គការសមាគមក្នុងស្រុកមួយចំនួនទៀត។
ការបោះឆ្នោតព្រឹទ្ធសភានេះ គឺមានតែគណបក្សប្រជាជនកម្ពុជាដែលគេរំពឹងថា នឹងស្រូបយកអសនៈស្ទើរតែទាំងអស់របស់ស្ថាប័នកំពូលមួយនេះ ខណៈគណបក្សហ្វ៊ិនស៊ិនប៉ិច របស់សម្តេច ក្រុមព្រះនរោត្តម រណឬទ្ធិ និងគណបក្សខ្មែររួបរួមជាតិអតីត របស់ លោក ញឹក ប៊ុនឆៃ រួមទាំង គណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ដែលគេកម្រឃើញវត្តមាន អង្គបោះឆ្នោត របស់គណបក្សទាំងនេះ ទៅបោះឆ្នោតនៅមណ្ឌលវិទ្យាល័យវត្តភ្នំនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ