អានតួអត្ថបទ
កម្ពុជា

លោក​​កឹម សុខា៖​​ការ​​លើកលែង​​ទោស​​​រប​ស់​​​ខ្ញុំ​​​ ​គ្មាន​​​ដោះដូរ​​​អ្វី​​​ទាំងអស់​​​ជាមួយ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​

បន្ទាប់ពី​ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​ភា្ល​ម នៅ​ព្រឹក​នេះ លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ជួប​ជាមួយ​យុវជន​បក្ស​មកពី​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​ចាក់អង្រែលើ។ នៅ​ចំពោះមុខ​ក្រុមយុវជន​ទាំងនោះ លោក​ប្រធានស្តីទី​បក្សប្រឆាំង​បាន​ជម្រះ​​កា​រសង្ស័យថា ការលើកលែងទោស​រប​ស់លោក​មិនមាន​ការដោះដូរ​អ្វី​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ។

លោក​កឹម សុខា​៖​ការ​លើកលែង​ទោស​​រប​ស់​​ខ្ញុំ​​ គ្មាន​​ដោះដូរ​​អ្វី​​ទាំងអស់​​ជាមួយ​​បក្ស​​ប្រជាជន​​កម្ពុជា​
លោក​កឹម សុខា​៖​ការ​លើកលែង​ទោស​​រប​ស់​​ខ្ញុំ​​ គ្មាន​​ដោះដូរ​​អ្វី​​ទាំងអស់​​ជាមួយ​​បក្ស​​ប្រជាជន​​កម្ពុជា​ @Kem Sokha
ផ្សាយពាណិជ្ជកម្ម

ការគូសបញ្ជាក់​ដោយផ្ទាល់​ពី​លោក​កឹម សុខា​នៅពេលនេះ គឺ​ដើម្បី​ជម្រះ​នូវ​មន្ទិលសង្ស័យ​ទាំងឡាយ​របស់​សាធារណជន​ខ្លះ​ដែល​គិតថា ការលើកលែងទោស​លើ​លោក​ប្រធានស្តីទី​គណបក្សប្រឆាំង​រូបនេះ  អាចមាន​ការដោះដូរ​អ្វីមួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដូចជា​បញ្ហា​ផែនទី ឬ​​ក៏​ការ​ត្រូវរ៉ូវ​គ្នា​រវាង​លោក​កឹម សុខាជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជាដើម ។

យ៉ាងណាក៏ដោយ សម្រាប់​លោក​កឹម សុខា រឿង​ទាំងនេះ​មិនមែនជា​ការពិត​ឡើយ ។ ការពិត​នោះ គឺ​លោក​បានចាត់ទុក​ដំណោះស្រាយ​មកលើ​រូបលោក​នេះ​ថា គឺជា​ការដោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ផលប្រយោជន៍​ខ្មែរ​ទាំងអស់គ្នា។ លោក​កឹម សុខា ក៏​អះអាង​ផងដែរ​ថា នេះ​ក៏​កើតឡើង​ដោយសារតែ​លោក និង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានបំណង​ដូចគ្នា​ចង់រក​ចក្ខុវិស័យ​រួម រក​នូវ​គុណ​តម្លៃ​រួម​របស់​ប្រទេសជាតិ​ទៅ​អនាគត ដើម្បី​ឲ្យ​មាន​ឯកភាព​ជាតិ ។ បើតាម​លោក​កឹម សុខា ការលើកលែងទោស​ដល់​រូបលោក​នេះ គឺជា​ជំហាន​ទី១​ក្នុង​ការ​​ឈានទៅរក​ដំណោះស្រាយ​ជា​ដំណាក់កាល​បន្តបន្ទាប់​ទៀត​ទៅលើ​អ្នក​កំពុង​ជាប់ឃុំ​នៅ​ក្នុង​​ពន្ធនាគារ ដើម្បី​អាចមាន​សេរីភាព​ឡើងវិញ។

សូមបញ្ជាក់ថា លោក​កឹម សុខា ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា​ព្រះរាជទាន​លើកលែងទោស​កាលពី​ថ្ងៃទី២ ធ្នូ​តាម​ការស្នើសុំ​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន។ ការណ៍​នេះ ធ្វើ​ឲ្យ​លោក​កឹម សុខា ដែល​បាន​ឃុំ​ខ្លួនឯង​ប្រមាណ​ជា​កន្លះ​ឆ្នាំ​នៅក្នុង​ទី​ស្នាក់​កណ្តាល​គណបក្ស មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ​នយោបាយ​​ឡើងវិញ ដើម្បី​ឈានទៅរក​ការបោះឆ្នោត​នាពេលខាងមុខ។

ជាមួយ​លទ្ធភាព​នេះ លោក​កឹម សុខា នឹង​ទៅ​ចូលរួម​ប្រជុំ​សភា​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច​ឡើង​វិញ ។ ក្រៅពីនេះ លោក​ប្រធានស្តីទី​គណបក្សប្រឆាំង ក៏មាន​គម្រោង​សុំចូល​គល់​ព្រះមហាក្សត្រ​កម្ពុជា និង​ចុះទៅ​ជួប​សួរសុខទុក្ខ​អ្នក​ដែល​កំពុង​ជាប់​ពន្ធនាគារ​​ក្នុងពេលឆាប់ៗខាងមុខនេះ​ផងដែរ មុននឹង​ចុះទៅ​ជួប​សកម្មជន និង​អ្នកគាំទ្រ​របស់ខ្លួន​នៅតាម​មូលដ្ឋាន​នៅ​ទូ​ប្រទេស​កម្ពុជា​ដូច​សព្វមួយដង​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ