អានតួអត្ថបទ
កម្ពុជា

ព្រះ​មហាក្សត្រ​លើក​លែង​ទោស​លោក​កឹម សុខា

ព្រះ​មហាក្សត្រ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​២ ធ្នូ​នេះ បាន​ចេញ​ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោស​ដល់​លោក​កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​បដិសេធ​ក្នុង​ការ​ចូល​ខ្លួន​ទៅ​កាន់​តុលាការ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ៥ខែ និង​ពិន័យ​ជា​ប្រាក់​ ៨០​ម៉ឺន​រៀល។ ទន្ទឹម​នឹង​នេះ អ្នក​វិភាគ​នយោបាយ​បាន​លើក​ឡើង​ថា វា​ជា​ស្ថានភាព​ល្អ​សម្រាប់​កម្ពុជា ប៉ុន្តែ​ជា​ក៏​ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​បក្ស​កាន់​អំណាច​ដែរ និង​ការ​កំណត់​អនាគត​របស់​លោក​សម រង្ស៊ី ផង​ដែរ។

ព្រះមហាក្សត្រលើកលែងទោសលោកកឹម សុខា
ព្រះមហាក្សត្រលើកលែងទោសលោកកឹម សុខា @Kem Sokha
ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត លោក​កឹម សុខា ត្រូវ​បាន​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ហើយ​ក្រោម​ការ​ស្នើ​សុំ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​ធ្លាប់​គំរាម​ចាប់​លោក​កឹម សុខា​ដាក់​គុក។ ភ្លាម​ៗ​លោក​កឹម សុខា ដែល​បាន​ឃុំ​ខ្លួន​ឯង​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​ហើយ​នោះ បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី។ លោក​បាន​សង្កត់​ធ្ងន់​ថា ការ​លើក​លែង​ទោស​នេះ​ គឺ​ជា​កាយ​វិការ​នៃ​ភាព​អធ្យាស្រ័យ​គ្នា​រវាង​អ្នក​នយោបាយ​ខ្មែរ និង​ខ្មែរ ដែល​ចេះ​យោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ចេះ​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​ខ្លួន​ឯង។

លោក​អេង ឆៃអ៊ាង សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហើប​ឱ្យ​ដឹង​ថា មុន​ការ​លើក​លែង​នេះ គឺ​មាន​ការ​ចរចា​សំងាត់​រវាង​គណបក្ស​ធំ​ៗ​ទាំង​ពីរ​នេះ។ ប៉ុន្តែ​បក្ស​ប្រឆាំង​មិន​បាន​បង្ហើប​អោយ​ដឹង​ពី​ខ្លឹមសារ​នៃ​ការ​ចរចា ឬ​ក៏​ការ​ព្រម​ព្រៀង​ដែល​ឈាន​ដល់​ការ​លើក​លែង​ទោស​នោះ​ឡើយ។ លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា អ្នក​នយោបាយ​គឺ​គ្មាន​សត្រូវ​រហូត ហើយ​ក៏​គ្មាន​មិត្ត​ជា​រាង​រហូត​នោះ​ដែរ។ ហើយ​ថា​អ្វី​ៗ​ គឺ​គិត​ពី​ប្រយោជន៍​ជាតិ​កម្ពុជា។

ទន្ទឹម​នឹង​នេះ លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ដែរ​ថា នេះ​គឺ​ជា​ការ​គិត​ពី​ប្រយោជន៍​ខ្មែរ​និង​ខ្មែរ។ ហើយ​ម៉្យាង​ទៀត​គឺ​មក​ពី​លោក​កឹម សុខា បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​សុខ ឥសាន​ដដែល។ តែ​យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា បាន​អះអាង​យ៉ាង​ច្បាស់​ថា​គណបក្ស​ទាំង​ពីរ​ប្រាកដ​ជា​មាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​ដែល​នាំ​ដល់​ការ​លើក​លែង​ទោស​នេះ។

គួរ​កត់​សម្គាល់​ថា​ការ​លើក​លែង​ទោស​នេះ គឺ​បន្ទាប់​ពី​លោក​កឹម​ សុខា​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​កាល​ពី​ថ្ងៃ​ទី ១​ធ្នូ ដែល​ស្នើ​សុំ​ឱ្យ​មាន​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ។ លោក​កឹម សុខា បាន​អះអាង​ថា អ្នក​នយោបាយ​កម្ពុជា​គួរ​តែ​មាន​ការ​ផ្សះផ្សា​ផ្ទៃ​ក្នុង​ដើម្បី​បង្ហាញ​ទៅ​កាន់​ប្រជាជាតិ និង​អន្តរជាតិ​ថា​កម្ពុជា ដែល​ជា​ប្រទេស​មាន​វប្បធម៌​ផូរផង់​នោះ​ចេះ​ដោះស្រាយ​បញ្ហា​ផ្ទៃ​ក្នុង​គ្នា​ឯង។ សូម​រម្លឹក​ថា លោក​កឹម សុខា បាន​ឃុំ​ខ្លួន​ឯង​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈ​ពេល​កន្លះ​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​មាន​ការ​ប៉ុន​ប៉ង​ចាប់​ឃុំ​ខ្លួន​លោក​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ហើយ​កម្តៅ​នយោបាយ​នៃ​បក្ស​ទាំង​ពីរ​បាន​ផ្ទុះ​ឡើង។

យ៉ាងណា​ក៏​ដោយ​ពេល​នេះ លោក​កឹម សុខា នឹង​បញ្ចប់​ការ​ឃុំ​ខ្លួន​ឯង​នៅ​ទីស្នាក់​គណបក្ស​ហើយ។ ប៉ុន្តែ​អ្នក​វិភាគ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា​តើ​នេះ​គឺ​ជា​ការ​បញ្ចប់​អាជីព​នយោបាយ​របស់​លោក សម រង្ស៊ី​ ឬ​យ៉ាង​ណា​ខណៈ​ ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ​មិន​សឿង​ក្នុង​ការ​វិល​ចូល​ស្រុក​វិញ​ដោយ​គ្មាន​ការ​លើក​លែង​ទោស​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ