អានតួអត្ថបទ
កម្ពជា

លោក​​កឹម សុខា ​ប្រាប់​​សកម្មជន​​ឲ្យ​​រៀបចំ​ខ្លួន​​ទៅ​​ដឹកនាំ​​ប្រទេស​​នៅ​​អាណត្តិ​​ក្រោយ​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក​កឹម សុខា នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​ចុះទៅ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន សកម្មជន ចលនា​យុវជន និង​ចលនា​ស្ដ្រី​គណបក្ស​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប។ នៅក្នុង​វេទិកា​ពង្រឹង​ថ្នាក់មូលដ្ឋាន​នេះ លោក​កឹម សុខា បាន​ប្រាប់​សកម្មជន​របស់ខ្លួន​ឲ្យ​រៀបចំខ្លួន ដើម្បី​ទៅ​ដឹកនាំ​ប្រទេសជាតិ​អាណត្តិ​ក្រោយនេះ។

លោក​កឹម សុខា ​ជួប​ជាមួយ​សកម្មជន ​និង ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី​៣០ ​មករា ​ឆ្នាំ​២០១៦​
លោក​កឹម សុខា ​ជួប​ជាមួយ​សកម្មជន ​និង ​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ខេត្ត​សៀមរាប​នៅ​ថ្ងៃ​ទី​៣០ ​មករា ​ឆ្នាំ​២០១៦​ @Muth Chantha Facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះមុខ​សកម្មជន និង អ្នកគាំទ្រ​របស់ខ្លួន​ជាច្រើន​រយ​នាក់​នៅឯ​សៀមរាប​នៅ​ថ្ងៃ​សៅរ៍​នេះ លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា នៅក្នុង​ដំណាក់​ការ​ថ្មី​នេះ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនចាំបាច់​ទៅ​ឆ្លើយ​ទៅ​ឆ្លងទៅ​ឈ្លោះ​ជាមួយ​គេ​ទៀត​នោះទេ គឺ​ត្រូវយក​ពេល​រៀបចំខ្លួន​ទៅ​ដឹកនាំ​ប្រទេស​នៅក្នុង​អាណត្តិ​ក្រោយ។ លោក​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ដូចនេះ ក៏​ព្រោះតែ​លោក​យល់ថា ប្រជាពលរដ្ឋ​ជាច្រើន​បាន​ងាក​មក​គាំទ្រ​គណបក្សប្រឆាំង ហើយ​លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​នាពេល​ប​ច្ចប្ប​ន្ន​នេះ គឺមាន​ការយល់ដឹង​ខ្លាំង​ដែលជា​ហេតុ​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ការគាំទ្រ​ច្រើន​ដូច​សព្វថ្ងៃ។ គឺ​នៅត្រង់ចំណុច​នេះហើយ ដែល​លោក​កឹម សុខា បានបញ្ជាក់​ប្រាប់​ទៅ​លោក​ច​ន ឃែ​រី ប្រមុខ​ការទូត​អាមេរិក​ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​ចាញ់​ប្រជាពលរដ្ឋ​ភូមា​នោះទេ។

ចំណែក​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​វី​ឌី​អូ​ខុន​ហ្វើ​រ៉េ​ន​ពី​ក្រៅប្រទេស​វិញ ក៏បាន​ថ្លែងប្រាប់​សកម្មជន និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​ដែរ​ថា មានតែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដែល​អាច​សង្គ្រោះ​ប្រទេស​កម្ពុជា​បាន​នោះ។ លោក​សង្កត់ធ្ងន់ថា បើ​ការតស៊ូ​ចុងក្រោយ​នេះ​មិន​សម្រេច​គោលដៅ​ទេ នោះ​ជាតិ​នឹង​រលាយ។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​ក្តោប​ក្តាប់​ឱកាស​នេះ ដើម្បី​កុំ​មាន​វិប្បដិសារី​ទៅ​ថ្ងៃក្រោយ។

សូមបញ្ជាក់ថា ការចុះទៅ​ពង្រឹង​ថ្នាក់មូលដ្ឋាន​នៅក្នុង​ខេត្តសៀមរាប​នេះ មិនមែនជា​លើកទីមួយ​ទេ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ពោលគឺ​ចាប់​តាំង​ដើមឆ្នាំ២០១៦នេះ​មក គណបក្សប្រឆាំង​បាន​បង្កើន​សកម្ម​ភាពចុះ​ពង្រឹង​ថ្នាក់មូលដ្ឋាន​របស់ខ្លួន​ជា​បន្តបន្ទាប់​គួរ​ឲ្យ​កត់សម្គាល់។ ការចុះ​ទៅនេះ ក៏​មិនមែនជា​រឿង​ចៃដន្យ​នោះដែរ ប៉ុន្តែ​វា​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​មួយ​នេះ សម្រាប់​ត្រៀម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​ក្នុង​ឆ្នាំ២០១៧ និង ការបោះឆ្នោតជាតិ​ក្នុង​ឆ្នាំ២០១៨។

ជាការ​កត់សម្គាល់ រាល់​ការ​ថ្លែង​ទៅកាន់​សកម្មជន និង អ្នកគាំទ្រ​របស់ខ្លួនម្តងៗ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​អះអាង​ជាមុន​ថា គណបក្ស​ប្រឆាំងនឹង​ឈ្នះ​ការបោះឆ្នោត ដូច​យ៉ាង​នៅក្នុង​ខេត្តសៀមរាប​នៅពេលនេះ​អ៊ីចឹង។ ក៏ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​ចាប់អារម្មណ៍​ចំពោះ​ការអះអាង​ណាមួយ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​នោះទេ ព្រោះថា​ជាកា​រះ​អះអាង​មុន​ចេញ​លទ្ធផល​បោះឆ្នោត​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ