អានតួអត្ថបទ
កម្ពុជា

ក្រុម​ការងារ​ចំពោះ​កិច្ច បញ្ចប់​ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី សហជីព តែ​មិន​ហ៊ាន​អាកាត់​ចំណុច​ខ្លះ

ក្រុម​ការងារ​ចំពោះ​កិច្ច​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី សហជីព​ហើយ នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣​របស់​ខ្លួន នា​ព្រឹក​ថ្ងៃ​ទី​១៩ មករា ឆ្នាំ២០១៦។ ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ជាង​៣​ម៉ោង តំណាង​គណបក្ស​ទាំង​ពីរ បាន​ចេញ​មក​ធ្វើ​ស​ន្និសីទ​កាសែត រួមគ្នា ដើម្បី​ប្រកាស​ពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​នេះ។

គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សំណើ​របស់​សហជីព​
គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សំណើ​របស់​សហជីព​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​គណៈកម្មការ​ចំពោះ​កិច្ច​នៃ​គណបក្ស​ទាំង​ពីរ​ បាន​ប្រកាស​ពី​ការ​បិទ​បញ្ចប់​ការ​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី សហជីព​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ ជំនួប​ទាំង​៣​លើក​នេះ​ បាន​ត្រឹម​ដោះស្រាយ ​រឺ​កែប្រែ​លើ​ចំណុច​មួយ​ចំនួន​ប៉ុណ្ណោះ ដោយ​ចំណុច​មួយ​ចំនួន​ទៀត នៅ​មិន​ទាន់​សម្រេច​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ លោក សុខ ឥសាន្ត តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សុន ឆៃ តំណាង​គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​ថ្លែង​នៅ​ក្រោយ​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់ ស្តីពី សហជីព នៅ​ថ្ងៃ​ទី​១៩​មករា​ឆ្នាំ​២០១៦​នេះ។

លោក សុខ ឥសាន បាន​បញ្ជាក់​ថា ចំណុច​ទាំង​នោះ មិន​ទាន់​បាន​សម្រេច​តាម​អ្វី​ដែល​ក្រុម​សហជីព និង​ភាគី​និយោជក​ចង់​បាន​ទំាង​អស់​នោះ​ទេ ព្រោះ​ថា មាន​ចំណុច​មួយ​ចំនួន នៅ​ក្នុង​ច្បាប់ ស្តីពី សហជីពនេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ច្បាប់​ការងារ ដែល​តម្រូវ​ឲ្យ​មាន​ការ​ស្នើ​សុំ​ពន្យល់​បន្ថែម ពី​ក្រសួង​ការងារ ដែល​ជា​អ្នក​តាក់​តែង​នូវ​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង។

បើ​តាម​ការ​បញ្ជាក់​ពី លោក​សុខ ឥសាន្ត នៅ​ក្នុង​ជំនួប​លើក​ទី​៣​នៅ​ថ្ងៃ​ទី​១៩​មករា​នេះ ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​ទាំងពីរ បាន​ពិភាក្សា​ទៅ​លើ​ខ្លឹមសារ​សំខាន់​ៗ​ចំនួន​១២​ជំពូក​ ដែល​មាន​បញ្ចូល​សំណើ​៨​ចំណុច​របស់​ក្រុម​សហជីព។ ក្រៅ​ពី​នេះ ភាគី​ទាំង​ពីរ ​ក៏​បាន​លើក​យក ចំណុច​មួយ​ចំនួន​ទៀត​មក​ពិភាក្សា​ផង​ដែរ ដូចជា ក្នុង​មាត្រា ២៨ នៃ​សេចក្តី​ព្រាង​ច្បាប់​សហជីព ដែល​បាន​ចែង​ពី​តុលាការ​ការងារ ដោយ​មាន​ការ​កែ​សម្រួល​ពាក្យ​ពេចន៍​ជា​ដើម។

លោក អាត់ ធន់ ប្រធាន​សហជីព ស៊ីខាវឌូ បាន​លើក​ឡើង​ថា បើ​ទោះ​បី​ជា​កិច្ច​ប្រជុំ​នេះ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​សហជីព​ក្តី តែ​វា​បាន​បង្ហាញ​សញ្ញាណ​វិជ្ជមាន​មួយ​ចំនួន​ លើ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត បើ​ប្រៀប​ធៀប​ទៅ​នឹង​សេចក្តី​ព្រាង​ច្បាប់​មុនៗ។ យ៉ាង​ណា​ក៏​ដោយ លោក​អាត់ ធន់ បាន​អំពាវ​នាវ ឲ្យ​ក្រុម​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ទាំង​ពីរ បន្ត​លើក​យក​ក្តី​កង្វល់​របស់​សហជីព ដូច​មាន ចែង​នៅ​ក្នុង​មាត្រា ១២ , ១៣ មាត្រា២៨ និង២៩ មក​ពិភាក្សា​គ្នា​នៅ​គ្រប់​យន្តការ​ផ្សេង​ៗ​ទៀត។

បើ​តាម​ការ​បញ្ជាក់​ពី​តំណាង​គណបក្ស​ទាំង​ពីរ ក្រោយ​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​នេះ​ទៅ​ គណៈកម្មការ​ចំពោះ​កិច្ច នឹង​ដាក់​សំណើ​ទៅ​កាន់​គណៈកម្មការ​ជំនាញ​រដ្ឋសភា ដើម្បី​ ពិនិត្យ​ម្តង​ទៀត បន្ទាប់​មក​នឹង​រៀប​ចំ​ឲ្យ​មាន​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ ដោយ​មាន​ការ​ចូលរួម ពី​ភាគី​ពាក់ព័ន្ធ​ជជែក​ពិភាក្សា​គ្នា​បន្ត មុន​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ បញ្ចូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យ​ នឹង​នៅ​មុខ​ពេល​បញ្ចូល​ទៅ​ក្នុង​របៀប​វារៈ​ក្នុង​សម័យ​ប្រជុំ​សភា​ពេញ​អង្គ ពិភាក្សា​និង​អនុម័ត។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​ជំនួប​លើក​ទី​៣ នៃ​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បី​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី សហជីព ដែល​មាន ១៧ ជំពូក និង ៩១មាត្រា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ