អានតួអត្ថបទ
កម្ពុជា

តុលាការ​​កំពូល​​នៅ​តែ​​មិន​​ឲ្យ​​មន្ត្រី​​សិទ្ធិ​មនុស្ស​​និង​​គ.ជ.ប​​នៅ​ក្រៅ​​ឃុំ​

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជាបានការ​ដដែល គឺ​នៅតែ​បន្ត​ឃុំខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក៤រូប និង​មន្ត្រី​គ.ជ.ប មួយរូប​ទៀត​នៅក្នុង​ពន្ធនាគារ។ ការសម្រេច​ដូច្នេះ​បានធ្វើ​ឡើង​រំលង​មួយថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​សាលាឧទ្ធរណ៍​កាល​ថ្ងៃទី២៨ វិច្ឆិកា បាន​ទាត់ចោល​បណ្តឹង​មួយ​ផ្សេងទៀត​ជំទាស់​នឹង​សេចក្តីសម្រេច​ពន្យារពេល​នៃ​ការឃុំខ្លួន​ពួកគេ​ទាំងនេះ​នៅក្នុង​ពន្ធនាគារ។

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល១២ថ្ងៃ មកហើយ។ ​
មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល១២ថ្ងៃ មកហើយ។ ​
ផ្សាយពាណិជ្ជកម្ម

មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​ទាំងនេះ បាន​លើកឡើងថា តុលាការ​លើក​ពី​ហេតុផលដដែលៗ ក្នុងការ​សម្រេច​មិន​កូនក្តី​របស់​ពួកគេ​បាន​ក្រៅ​ឃុំ។ ហេតុផល​ទាំងនោះ គឺ​ដើម្បី​រក្សាទុក​ជន​ត្រូវ​ចោទ​ក្នុងការ​នាំយកមក​សាក​សួរ​តាម​នីតិវិធី​ច្បាប់​នេះ​ម្យ៉ាង ហើយ​ម្យ៉ាងទៀត​តុលាការ​អះអាងថា ការស៊ើបអង្កេត​មិនទាន់​ចប់សព្វគ្រប់​ដែល​បើ​អនុញ្ញាត​ឲ្យ​ពួកគេ​នៅក្រៅ​ឃុំ​អាច​ប៉ះពាល់​ដល់​ដំណើរ​ស៊ើបអង្កេត​ជាដើម។ ហេតុផល​ទាំងនេះ ទាំង​មេធាវី ទាំង​កូនក្តី​សុទ្ធតែ​មិនអាច​ទទួលយកបាន ហើយ​ថែមទាំង​ចាត់ទុកថា ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគេ​ដែលជា​អ្នក​កំពុង​ជាប់ឃុំ។

សូមបញ្ជាក់​ជូន​ថា ការសម្រេច​បន្ត​ឃុំខ្លួន​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គ.ជ.ប​ពី​តុលាការ​កំពូល​នាពេលនេះ គឺជា​លទ្ធផល​នៃ​ការទាត់ចោល​បណ្តឹងសុំ​នៅក្រៅ​ឃុំ​ជា​បន្ត​បន្ទាប់ពី​សំណាក់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍​នាពេល​កន្លងមក។ នេះ គឺជា​ដំណាក់​ទីមួយ​នៃ​ការប្តឹង​សុំ​នៅក្រៅ​ឃុំ​របស់​ក្រុម​មេធាវី​នៃ​មន្ត្រី​សិទ្ធិមនុស្ស និង មន្ត្រី​គ.ជ.ប​ក្នុងពេលដែល​ពួកគេ​ត្រូវបាន​តុលា​ការចាប់​ដាក់ពន្ធនាគា​រភ្លាម។ ដំណាក់កាល​ទី​ពីរ​នៃ​ការប្តឹង​សុំ​នៅក្រៅ​ឃុំ ក៏ត្រូវ​បាន​ក្រុម​មេធាវី​ចាប់ផ្តើម​ផងដែរ ប៉ុន្តែ​ត្រូវ​សាលាដំបូង​ទាត់ចោល​ដូច​លើក​មុន​ដែរ ហើយ​កាល​ថ្ងៃទី១១ វិច្ឆិកា​កន្លងទៅនេះ ក៏​ត្រូវបាន​សាលាឧទ្ធរណ៍​ទាត់ចោល​ទៀត។ ក្រុម​មេធាវី​ក៏​គ្រោង​នឹង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​ទៀត​ចំពោះ​ការសម្រេច​បែបនេះ។

ដោយឡែក​កាលពី​ថ្ងៃទី២៨ វិច្ឆិកា​ដើម​សប្តាហ៍​នេះ សាលាឧទ្ធរណ៍​បាន​ទាត់ចោល​បណ្តឹងទាស់​ទៅនឹង​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុងការ​ពន្យារពេល​ឃុំខ្លួន​មន្ត្រី​សិទ្ធិមនុស្ស និង​គ.ជ .ប៦ខែ​ទៀត ដើម្បី​បន្តធ្វើ​ការស៊ើបអង្កេត។ ការសម្រេច​ពន្យារពេល​របស់​សាលាដំបូង​នេះ បានធ្វើ​ឡើង​កាលពី​ខែតុលា។ នេះ គឺជា​បណ្តឹង​ដាច់ដោយឡែក​មួយទៀត បើទោះបី​ស្ថិតនៅក្នុង​សំណុំរឿង​តែមួយ​ក៏ដោយ។ ចំពោះ​ការទាត់ចោល​របស់​សាលាឧទ្ធរណ៍​នេះ ក្រុម​មេធាវី​ក៏​គ្រោង​នឹង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្តទៀត​ដែរ។

សូម​រំលឹក​ឡើងវិញ​បន្តិច​ថា មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​ទាំង៤នាក់​រួមមាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង​ដា និង​លោកស្រី លឹម មុនី ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី។ ឯ​លោ​កនី ចរិយា​ដែលជា​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​វិញ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​នៅក្នុង​សំណុំរឿង​អាស្រូវ​ស្នេហា​រវាង​លោក​កឹម សុខា និង​កញ្ញា​ស្រីមុំ។ គិត​មកដល់ពេលនេះ ពួកគេ​ត្រូវបាន​តុលាការ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត៧ខែ​មកហើយ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ