អានតួអត្ថបទ
កម្ពជា

ក្រោយ​​មាន​​សេរីភាព​ អ្នកស្រី​​ទេព វ​ន្នី​សុំ​​ឲ្យ​​មាន​ការ​​ដោះលែង​​សកម្មជន​​អតីត​​បក្ស​ប្រឆាំង​​និង​​អតីត​​អ្នក​កាសែត​

នៅ​ម៉ោង​ប្រមាណ៨និង៣០នាទី​យប់មិញ​នេះ អ្នកស្រី​ទេព វ​ន្នី សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ។ ការដោះលែង​ទាំងយប់​នេះ ធ្វើឡើងភ្លាមៗក្រោយពី​ព្រះមហាក្សត្រ​កម្ពុជា​បានចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ដល់​អ្នកស្រី និង​សកម្មជន​ដីធ្លី​បីនាក់​ទៀត។ បន្ទាប់ពី​ចេញពី​ពន្ធនាគារ​ភ្លាម អ្នកស្រី​ទេព វ​ន្នី បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ និង​អតីត​អ្នកកាសែត​អាស៊ីសេរី​ទាំងពីរ​នាក់​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដូច​អ្នកស្រី​ផងដែរ។

អ្នកស្រី​ទេព វន្នី​ ទើប​ត្រូវ​បាន​ដោះលែង​ចេញពី​ពន្ធនាគារ​
អ្នកស្រី​ទេព វន្នី​ ទើប​ត្រូវ​បាន​ដោះលែង​ចេញពី​ពន្ធនាគារ​ @Facebook
ផ្សាយពាណិជ្ជកម្ម

ដោយ​លើកដៃ​សំពះ​ទៅកាន់​កា​ម៉េ​រា​អ្នកកាសែត និង​ទូរស័ព្ទ​របស់​អ្នកគាំទ្រ​អ្នកស្រី ដែល​កំពុង​ថត​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក អ្នកស្រី​ទេព វ​ន្នី បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ និង​ប្រទេស​មហាអំណាច​ឲ្យ​ជួយ​អន្តរាគមន៍​មកកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​ឲ្យ​ដោះលែង​សកម្មជន​អតីត​បក្សប្រឆាំង​ទាំង១៥នាក់ និង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី២នាក់​ផងដែរ។ អ្នកស្រី​ទេព វ​ន្នី បាន​អះអាងថា អ្នកស្រី​បាន​យល់ច្បាស់​ពី​ទុក្ខលំបាក​របស់​ពួកគេ​ទាំងនោះ​នៅក្នុង​ពន្ធនាគារ ថា​តើ​មានការ​លំបាក និង​កើតទុក្ខ​ក្នុង​ចិត្ត​បែបណា។ ម្យ៉ាងវិញទៀត អ្នកស្រី​ក៏​លើកឡើង​ដែរ​ថា ក្រុមគ្រួសារ​របស់​ពួកគេ ក៏​កំពុង​រង់ចាំ​ពួកគេ​ត្រឡប់មកផ្ទះ​វិញ ដើម្បី​ជួបជុំ​រីករាយ​ជាមួយ​ក្រុមគ្រួសារ។

ជាមួយនឹង​ការអំពាវនាវ​របស់​អ្នកស្រី​ទេព វ​ន្នី​នេះ អតីត​បក្សប្រឆាំង និង​សង្គម​ស៊ីវិល​ក៏​សង្ឃឹមថា សកម្មជន​អតីត​បក្សប្រឆាំង និង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី ក៏​នឹង​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ផងដែរ។ លោក​អ៊ូ ច័ន្ទ​រ័ត្ន ដែលជា​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ការដោះលែង​អ្នកស្រី​ទេព វ​ន្នី​នេះ ជា​សញ្ញា​វិជ្ជមាន​សម្រាប់​សកម្មជន​អតីត​បក្សប្រឆាំង​ទាំង១៥នាក់ និង​លោក​កឹម សុខា។ ចំណែក​លោក​កន សាវា​ង្ស មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​តាមរ​យៈ​ហ្វេ​ស​ប៊ុ​ក បាន​ស្នើសុំ​ព្រះមហាក្សត្រ​ឲ្យ​ព្រះរាជទាន​លើកលែងទោស​ដល់​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ គឺ​លោក​យាង សុជា​មេត្តា និង​លោក​អ៊ួ​ន ឈិន ឲ្យ​មាន​សេរីភាព​ឡើងវិញ។ លោក​កន សាវា​ង្ស ក៏​សង្ឃឹមថា តុលាការក្រុង​ភ្នំពេញ​នឹង​ទម្លាក់​ការចោទប្រកាន់​មកលើ​ពួកគាត់ ។

សូមបញ្ជាក់ថា អ្នកស្រី​ទេព វ​ន្នី ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ព្រៃ​ស​កាលពី​យប់មិញ​នេះ បន្ទាប់ពី​ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ដល់​អ្នកស្រី និង​សកម្មជន​បឹងកក់​បីនាក់​ទៀត។ អ្នកស្រី​ទេព វ​ន្នី ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ចំនួន២ឆ្នាំកន្លះ ដោយ​ចោទប្រកាន់​ពីបទ «ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ ដោយមាន​ស្ថាន​ទម្ងន់ទោស»។ ក្រោយ​មាន​សេរីភាព អ្នកស្រី​ទេព វ​ន្នី អះអាងថា នឹង​នៅតែ​បន្ត​បញ្ចេញមតិ និង​សកម្មភាព​ទៀត រហូត​ទាល់តែ​បញ្ហាដីធ្លី​នៅ​តំបន់​បឹងកក់​ត្រូវ​បានបញ្ចប់​ទាំងស្រុង។

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់ថា ការសម្រេច​ស្នើ​លើកលែងទោស​អ្នកស្រី​ទេព វ​ន្នី​នេះ គឺ​បង្ហាញ​ពី​មនោសញ្ចេតនា​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​តែងតែ​សណ្តោស​ប្រោសប្រណី​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប​រូប​ដោយ​មិន​ប្រកាន់​និន្នាកា​នយោបាយ ប្ញ​អតីត​កាលដែល​ធ្លាប់​ជេរប្រមាថ​លោក​នោះឡើយ។ ដូច្នេះហើយ លោក​សុខ ឥសាន ប្រាប់​ទៅ​អ្នកស្រី​ទេព វ​ន្នី ត្រូវ​ចេះ​ភ្ញាក់រលឹក និង​គិតពិចារណា កុំ​ភ្លើតភ្លើន​តាម​ការ​ញុះញង់​របស់គេ និង​កុំ​ចង់​ក្លាយជា​វីរនារី​ដោយសារតែ​ការ​ញុះញង់​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ