អានតួអត្ថបទ
កម្ពុជា

សវនាការ​​កាត់ទោស​​អតីត​​មេ​​ខ្មែរ​ក្រហម ​នួន ​ជា និង​​ខៀវ ​សំផន ​ចាប់ផ្តើម​​ឡើង​វិញ ​

ដូច​​ការ​គ្រោងទុក ​នៅ​​ព្រឹក​​ថ្ងៃ​ទី២១​ ខែ​មករា​​នេះ ​អង្គ​ជំនុំជម្រះ​​សាលា​ដំ​បូង​របស់​​តុលាការ​​ខ្មែរ​ក្រហម​ បាន​ចាប់ផ្តើម​​បើក​សវនាការ​​ឡើងវិញ ​ដើម្បី​​ជំនុំជម្រះ​​លើ​​សំណុំរឿង​០០២​ វគ្គ២​ ដែល​មាន​​ជន​ជាប់ចោទ ​នួន​ ជា ​និ​ង​​ខៀវ ​សំផន​។ អតីត​មេ​​ខ្មែរ​ក្រហម​​ចាស់​ជរា​​ទាំង​ពីររូប​ បាន​បង្ហាញ​​មុខ​​ក្នុង​​បន្ទ​ប់​​សវនាការ​។ ​ប៉ុន្តែ​​នៅ​​ថ្ងៃ​ទី​២៣​មករា ​អង្គជំនុំជម្រះ​​សាលាដំបូង ​នឹង​​បើក​សវនាការ​​លើ​​សម្បទា​​របស់​​ជនជាប់ចោទ​ ដើម្បី​​វាយ​តម្លៃ​​វេជ្ជសាស្ត្រ​​លើ​​សុខភាព​​របស់​លោក​នួន ​ជា អាយុ ​៨៨​ ឆ្នាំ​ និង​​លោក​ខៀវ ​សំផន ​អាយុ ​៨៣ ឆ្នាំ​ ថា​​តើ​​អាច​​បន្ត​​ចូលរួម​​សវនាការ​​បាន​​ត​ទៅ​ទៀត ​ដែរ​ឬទេ​?​

ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម
ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​ប្រជាធិបតេយ្យ និង​នួន ជា​មេមនោគមវិជ្ចាខ្មែរក្រហម ©REUTERS/Mark Peters/ECCC/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ផ្អាក​សវនាការ​ជា​បន្តបន្ទាប់​ដោយសារតែ​បញ្ហា​សុខភាព​របស់លោក​ខៀវ ​សំផន គឺ​នៅ​ព្រឹក​ថ្ងៃទី២១មករា​នេះ សវនាការ​នៅ​សាលាក្តី​ខ្មែរក្រហម បានចាប់ផ្តើម​ធ្វើឡើង​វិញ​ហើយ។ លោកនួន ជា អាយុ ៨៨ ឆ្នាំ និង​លោក​ខៀវ​ សំផន អាយុ ៨៣ ឆ្នាំ ត្រូវបាន​គេ​នាំមក​ចូលរួម​សវនាការ នា​ព្រឹក​នេះ។ ប៉ុន្តែ​អង្គុយ​ក្នុង​បន្ទប់​សវនាការ​ប្រហែលជា ១០ នាទី លោក​នួន ​ជា តាមរយៈ​មេធាវី បាន​ស្នើសុំ​ចៅក្រម ទៅ​សម្រាក​តាមដាន​សវនាកា​រ​ពី​ចំងាយ​តាមរយៈ​សោតទស្សន៍។ មូលហេតុ មកពី​បញ្ហា​សុខភាព​ចាស់ជរា​របស់លោក​នួន ​ជា។ ចៅក្រម បាន​យល់ព្រម។

នៅពេល​ផ្តើម​សវនាការ នៅ​ម៉ោង ៩ ព្រឹក​នេះ លោក​ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង បានប្រកាសថា នៅ​ថ្ងៃទី២៣មករា អង្គជំនុំជម្រះ នឹង​បើកសវនាការ​វាយតម្លៃ​វេជ្ជសាស្ត្រ​លើស​ម្ប​ទារបស់​ជនជាប់ចោទ នួន ​ជា និង​ខៀវ​ សំផន ថា​តើ​អតីត​មេ​ខ្មែរក្រហម​ទាំងពីរ មាន​សុខភាព​គ្រប់គ្រាន់ អាច​បន្ត​ចូលរួម​សវនាការ​តទៅទៀតបាន​ដោយ​ពេញលេញ ឬទេ?

ជាការ​កត់សម្គាល់ លោកខៀវ ​សំផន អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម បាន​ឈឺ វិលមុខ និង​ឡើង​សំពាធ​ឈាម ក្នុងពេល​បើកសវនាកា​រ កាលពី​រសៀល​ថ្ងៃទី៨មករា ហើយ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ភ្លាម។ លោក​ខៀវ ​សំផន បាន​វិល​ទៅកាន់​មន្ទីរឃុំឃាំង​របស់​សាលាក្តី​ខ្មែរក្រហម​វិញ កាលពី​ថ្ងៃទី១៥មករា។

សវនាការ​នៅ​សាលាក្តី​ខ្មែរក្រហម នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បានធ្វើ​ឡើង ដោយ​បន្ត​ស្តាប់​សក្ខីកម្ម​របស់​សាក្សី លោកមាស សុខា ជា​អតីត​អ្នកទោស នៅ​គុក​ក្រាំង​តា​ចាន់ ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ។ សាក្សី​រូបនេះ បាន​ឆ្លើយតប​នឹង​សំណួរ​របស់​សហ​ព្រះរាជអាជ្ញា រៀបរាប់​ពី​ស្ថានភាព​ជាប់ឃុំ​ឃាំង និង​ការធ្វើ​ទារុណកម្ម​អ្នកទោស នៅ​គុក​ក្រាំង​តា​ចាន់ ក្នុងសម័យ​ខ្មែរក្រហម។ សវនាការ លើ​សំណុំរឿង០០២ វគ្គ២ នឹង​បន្តធ្វើ​នៅ​ថ្ងៃទី២២មករា ដែល​តាម​កាលកំណត់ សវនាការ ត្រូវធ្វើឡើង​ពីរ​ថ្ងៃក្នុង​មួយ​សប្តាហ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ