អានតួអត្ថបទ
កម្ពុជា

កម្ពុជា​បដិសេធ​ដំណឹង​កាសែត​ថៃ អំពី​លទ្ធផល​កិច្ច​ប្រជុំ GBC

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា បានចេញ​សេចក្តីថ្លែងការណ៍​ចំហ​មួយ ដោយ​បដិសេធ នូវ​ដំណឹង​របស់​កាសែត​ថៃ ជុំវិញ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ GBC ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​ទាំង​ពីរ។ តាម​សេចក្តីថ្លែងការណ៍ កិច្ចប្រជុំ GBC កាលពី​ថ្ងៃ​ទី​២១​ធ្នូ ព្រមព្រៀង​តែ​លើ​រឿង​ដកទ័ព ចេញពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ តាម​សាលដីកា​តុលាការ​ឡាអេ ដោយ​មិន​បាន​និយាយ​ដល់​ការរុះរើ​ផ្សារ​កម្ពុជា និង​ការផ្លាស់​ប្តូរ​​ទីលំនៅ​ថ្មី​របស់​ប្រជាជន​កម្ពុជា ចេញពី​វត្ត​កែវ​សិក្ខាគីរីស្វារៈ នៅជាប់​ប្រាសាទព្រះវិហារ​ឡើយ។

ជំនួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-ថៃ កាលពី​ថ្ងៃ​ទី​២១ ធ្នូ ២០១១ នៅទីក្រុង​ភ្នំពេញ
ជំនួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-ថៃ កាលពី​ថ្ងៃ​ទី​២១ ធ្នូ ២០១១ នៅទីក្រុង​ភ្នំពេញ © Reuters
ផ្សាយពាណិជ្ជកម្ម

 

កាលពី​ថ្ងៃ​ទី​២១ និង​ថ្ងៃ​ទី​២២​ធ្នូ គេហទំព័រ ក្រុង​ថេបធុរកិច្ច ព្រមទាំង​កាសែត​បាងកក​ប៉ុស្តិ៍ របស់​ប្រទេស​ថៃ បាន​ចេញ​ផ្សាយ ដោយ​ស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ Yuthasak Sasiprapha ដោយ​លើក​ឡើង​ថា ក្រុម​ការងារ​រួម បង្កើត​ឡើង​ដោយ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC នឹង​ពិចារណា រឿង​ដក​សហគមន៍​កម្ពុជា​ចេញពី​វត្ត​កែវ​សិក្ខាគីរីស្វារៈ។ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា បាន​ចាត់ទុក​ការផ្សព្វផ្សាយ​នេះ ជា​ព័ត៌មាន​បំភ្លើស។

​ចំពោះ​ដំណឹង​របស់​កាសែត​ថៃ​ខាង​លើ​នេះ ត្រូវបាន​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា គូស​បញ្ជាក់​ថា កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) លើក​ទី​៨ ដែល​បាន​ប្រព្រឹត្ត​ទៅ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១១ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ថៃ បាន​ឯកភាព​លើ ២ ចំណុច​សំខាន់ គឺ​ទី​១-​អនុវត្ត​សាលដីកា​បង្គាប់​របស់​តុលាការ​អន្តរជាតិ ក្រុងឡាអេ ICJ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១ ស្តីពី​វិធានការ​បណ្តោះ​អាសន្ន ឲ្យ​មាន​តម្លាភាព ស្មើ​ភាព និង​មាន​ភាព​ទៀងទាត់។ ចំណុច​ទី​២-​សម្រេច​បង្កើត​ក្រុម​ការ​ងារ​រួម Joint Working Group (JWG) ដែល​ក្រុម​ការងារ​រួម​នេះ នឹង​ធ្វើ​ការពិភាក្សា​តែ​លើ​បញ្ហា​ទាក់ទង​ទៅនឹង​ការអនុវត្តន៍​សាលដីកា​បង្គាប់ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅក្នុង​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន (PDZ) ព្រមទាំង​ធ្វើ​ការកែសម្រួល​បុគ្គលិក យោធា​ចេញ​ពី​តំបន់​គ្មាន​យោធា​បណ្តោះ​អាសន្ន (PDZ) ឲ្យបាន​ឆាប់​បំផុត ស្រប​ពេល​ជាមួយ​គ្នា ប្រកប​ដោយ​តម្លាភាព​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ ក្រុម​អ្នក​សង្កេត​ការណ៍​កម្ពុជា ថៃ ឥណ្ឌូនេស៊ី។

​សូម​បន្ថែម​ថា កាលពី​ព្រឹក​ថ្ងៃ​២២​ធ្នូ​ម្សិលមិញ នៅ​ព្រំដែន​កម្ពុជា​-​ថៃ មាន​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​លើ​មេឃ បណ្តាល​ឲ្យ​មាន​កម្ទេច​កម្ទីរ​លោហៈ ដែល​បាន​ធ្លាក់​នៅ​ជើងភ្នំ​ដងរែក នៅ​ព្រំដែន​ខាង​ថៃ និង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ មេទ័ព​កម្ពុជា ឈរ​ជើង​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ លោក​ឧត្តមសេនីយ៍​ឯក ស្រី ឌឹក សង្ស័យ​ថា ជា​បំណែក​យន្តហោះ​ស៊ើបការណ៍ គ្មាន​មនុស្ស​បើក​របស់​យោធា​ថៃ។ មកដល់​ថ្ងៃនេះ ក្រសួង​ការពារជាតិ​កម្ពុជា កំពុង​ពិនិត្យ​លើ​បំណែក​លោហៈ​ទាំងនោះ។

​ចំណែក​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ លោក​ឧត្តមសេនីយ៍ យុត្ថាសាក់ សាស៊ីប្រាផា បាន​ប្រាប់​កាសែត​ថៃ នៅ​ថ្ងៃ​សុក្រ​នេះ​ថា បំណែក និង​ការ​ផ្ទុះ​យ៉ាង​អាថ៌កំបាំង នៅ​ជិត​ព្រំដែន​កម្ពុជា លើ​តំបន់​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​ម្សិលមិញ គឺ​ចេញពី​ផ្កាយរណប​អាស៊ី ដែល​គេ​មិន​ស្គាល់។

​យ៉ាងណាក៏ដោយ សំឡេង​ផ្ទុះ​លើ​អាកាស​ដ៏​ខ្លាំង​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ក​ឲ្យ​ប្រជាជន​កម្ពុជា និង​ថៃ មាន​ការភិតភ័យ។ រី​ឯ​ទាហាន បាន​រត់​ចូល​លេណដ្ឋាន ព្រោះ​តំបន់​ព្រំដែន​នោះ ធ្លាប់​រង​នូវ​ការប្រយុទ្ធ​បាញ់​ផ្លោង​ជា​ញឹកញាប់ នៅ​ពេល​ថៃ​លើ​កទ័ព ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា ចាប់ពី​ថ្ងៃ​១៥​កក្កដា ឆ្នាំ​២០០៨៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ