អានតួអត្ថបទ
កម្ពុជា-ថៃ

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ធ្វើឡើង​ដោយ​គ្មាន​ប្រែប្រួល

ថ្វី​បើ​ទាហាន​កម្ពុជា​ និង​ថៃ កំពុង​មាន​ទំនាស់​ពាក្យ​សម្តី​តាម​លិខិត​ការ​ទូត​ទៅ​វិញ​ទៅ​មក ជុំវិញ​ការ​បាញ់​ឧទ្ធម្ភាគចក្រ​ថៃ ដែល​ប៉ុន​ប៉ង​ចុះ​ចត​ក្នុង​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង ​ក៏​ដោយ ក៏​គម្រោង​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំ​ដែន​ទូ​ទៅ ​(GBC) ដែល​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំ​ពេញ នៅ​តែ​បន្ត​ដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ​។

ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា
ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

ក្រុម​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ព្រំ​ដែន​របស់​ថៃ​ ចំនួន​១០​នាក់ បាន​ធ្វើដំណើរ​មក​ដល់​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃ​​អាទិត្យ​នេះ ដើម្បី​ប្រជុំ​ជា​មួយ​ភាគី​កម្ពុជា ត្រៀម​រៀប​ចំ​​របៀប​​វារៈ នៃ​​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ព្រំ​ដែន​ទូ​ទៅ​ (GBC)​។ នេះ​បើ​តាម ការ​ឲ្យ​​ដឹង​​ពី​លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​។

លោក ឈុំ សុជាតិ ប្រាប់​វិទ្យុ​​បារំាង​អន្តរ​ជាតិ​ថា​ លេខាធិការ​​នៃ​គណៈ​កម្មាធិការ​ព្រំ​ដែន ទាំង​​ពីរ​ភាគី (​កម្ពុជា និង ថៃ) នឹង​បើក​កិច្ច​ប្រជុំ​មួយ ​ចាប់​ពី​​ថ្ងៃ​ទី​​១៩ ដល់​ថ្ងៃទី២០ ខែ​ធ្នូ ដើម្បី​ធ្វើ​របៀប​វារៈ​ចំនួន​២​សំខាន់ៗ សម្រាប់​ដាក់​បញ្ជូន​ទៅ​កិច្ច​ប្រជុំ​ធំ GBC ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២១​ ខែ​ធ្នូ។ របៀបវារៈ​ទី​១ ភាគី​ទាំង​២​ត្រួត​ពិនិត្យ​ឡើង​វិញ នូវ​កិច្ច​សហ​ប្រតិ​បត្តិការ​យោធា​ពេញ​១​ឆ្នាំ​ ពី​ឆ្នាំ​២០១០-២០១១។ ​ទី​២ កិច្ច​ពិភាក្សា​ពី​ការ​អនុវត្តន៍​ដីកា​បង្គាប់​របស់​តុលា​ការ​យុត្តិធម៌​អន្តរ​ជាតិ ដែល​ឲ្យ​កង​ទ័ព​ទាំង​២​ដក​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះ​វិហារ​​ជាបណ្តោះ​អាសន្ន។

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ភាគី​កម្ពុជា និងថៃ ​កំពុង​មាន​ជម្លោះ​រសើប​ជា​ថ្មី រឿង​ទំនាស់​ព្រំ​ដែន​នៅ​ក្នុង​ខេត្ត​កោះ​កុង។

នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ ក្រសួង​ការ​ពារ​ជាតិ​ក៏​បាន​ចេញ​លិខិត​មួយ បដិសេធ​ទៅ​រដ្ឋាភិបាល​ថៃ ដែល​បាន​ចោទ​ថា​កម្ពុជា​បាន​​បាញ់​ឧទ្ធម្ភាគចក្រ​ថៃ នៅ​ចំណុច​៣២៩ ក្នុង​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង​។ ​ក្នុង​លិខិត​នោះ​បញ្ជាក់​ថា ទាហាន​កម្ពុជា​បាន​ហាម​ច្រើន​លើក​ច្រើន​សា មិន​ឲ្យ​ថៃ​ចុះ​ចត​ឧទ្ធម្ភាគ​ចក្រ ក្នុង​ទឹក​ដីកម្ពុជា។ តែ​ទាហាន​ថៃ​នៅ​តែ​រំលោភ​បំពាន។​ ជា​ស្វ័យ​ការ​ពារ​ដែន​អធិបតេយ្យ ទាហាន​កម្ពុជា​បាន​បាញ់​ព្រមាន ​អំពី​ការ​រំលោភ​របស់​ថៃ ដោយ​មិន​បាន​បាញ់​សំដៅ​ឧទ្ធម្ភាគចក្រ​ថៃ​ឡើយ​។ ​តែ​ភាគី​ថៃ​បែរ​ជា​បាន​បាញ់​តប សំដៅ​មក​ទាហាន​កម្ពុជា​វិញ។ ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​​ចាត់​ទុក​ថា​ ការ​ចោទប្រកាន់​ណា​មួយ​ពី​សំណាក់​រដ្ឋាភិបាល​ថៃ ដែល​ថា ​ទាហាន​កម្ពុជា​បាញ់​ឧទ្ធម្ភាគចក្រ​ថៃ​នោះ ជា​ការ​​ញុះ​ញង់​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​ល្អ​ប្រសើរ​របស់​ទាហាន​កម្ពុជា​និង​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ