អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា-ថៃ​ព្រមព្រៀង​បង្កើត​ក្រុមការងារ​អនុវត្ត​សាលក្រម​តុលាការ​ក្រុងឡាអេ

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​និង​ថៃ​ទើប​បាន​ដឹកនាំ​កិច្ចប្រជុំគណៈកម្មាធិការ​ព្រំដែន​ទូទៅ​លើក​ទី៨​ជាផ្លូវការ​ ល្ងាច​នៅ​ថ្ងៃ​ទី​២១​ធ្នូ​នេះ។ ការ​ពិភាក្សា​ទំនង​ជា​តានតឹង​ដោយសារ​តែ​កិច្ចប្រជុំ​ដែល​គេ​រំពឹង​ថា​នឹង​បិទបញ្ចប់​នៅរសៀល​ម៉ោង​១ បែរ​ជា​ត្រូវ​ពន្យារ​ពេល​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ​ទៅវិញ។ សេចក្តីថ្លែងការណ៍​ដែល​ត្រូវ​បាន​ចែកចាយ​ដល់​អ្នក​កាសែត​រួចហើយ ក៏​ត្រូវ​ប្រមូល​ទុក​វិញ​ដែរ។

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ខ្មែរ-ថៃ (GBC) ថ្ងៃទី២១ ធ្នូ ២០១១ នៅទីក្រុង​ភ្នំពេញ
កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ខ្មែរ-ថៃ (GBC) ថ្ងៃទី២១ ធ្នូ ២០១១ នៅទីក្រុង​ភ្នំពេញ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

រហូត​ដល់​ម៉ោង​ជាង​៥​ល្ងាច​ឯណោះ​ទើប​រដ្ឋមន្ត្រី​ការពារ​ជាតិ​​​កម្ពុជា-ថៃ​ចេញ​មក​ដឹកនាំ​បើក​ការ​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​លើក​ទី​៨​ជា​ផ្លូវការ។ មូលហេតុ​គឺ​ដោយសារ​តែ​តាំង​ពី​ព្រឹក​មក​នោះ មេដឹកនាំ​យោធា​ទាំងពីរ​ត្រូវ​បើក​កិច្ចប្រជុំ​ចង្អៀត ដើម្បី​​និយាយ​ព្រមព្រៀង​គ្នា​សិន​ លើ​ចំណុច​ជាច្រើន ​មុន​អាច​ចេញ​មក​បើក​កិច្ច​ប្រជុំ​ផ្លូវការ​ និង​ធ្វើ​សេចក្តីថ្លែងការណ៍​ នៅ​ក្នុង​សន្និសីទ​កាសែត។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ​លោក​ទៀ បាញ់ ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ កាល​ពី​មួយ​ម៉ោង​មុន​នេះ​ថា ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​បង្កើត​ក្រុម​ការងារ​រួម​ត្រី​ភាគី​ កម្ពុជា​-ថៃ-ឥណ្ឌូនេស៊ី​ ដែល​នឹង​ដើរ​តួ​ជា​អ្នក​ត្រួត​ពិនិត្យ​ការ​កែសម្រួល​កម្លាំង​ទ័ព​ទាំងស្រុង​ប្រកប​ដោយ​តម្លាភាព។

លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់​ បាន​បញ្ជាក់​ថា​ ការ​កែ​សម្រួល​កម្លាំង​ទ័ព​ស្រប​តាម​បញ្ជា​របស់​សាលក្រម​តុលាការ​ក្រុងឡាអេ​នេះ​នឹង​ត្រូវ​អនុវត្ត​អោយ​បាន​ឆាប់​បំផុត។ ប៉ុន្តែ​ភាគី​ទាំង​ពីរ​មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ប្រាកដ​នោះ​ទេ។

ក្រៅ​ពី​នេះ​នៅ​មាន​ចំណុច​ព្រមព្រៀង​រួម​គ្នា​មួយ​ចំនួន​ផ្សេងទៀត​ ដែល​មេដឹកនាំ​យោធា​ទាំងពីរ​បាន​រកឃើញ​ ដូចជា​ ការ​ស្វែង​រកទីតាំង​ជាក់ស្តែង​លើដី​នូវ​ចំណុច ​ដែល​ត្រូវ​បាន​កំណត់​ដោយ​តុលាការ (គឺ​ចំណុច A B C D)។ បន្ទាប់​មក ​ការ​ដោះមីន​រួមគ្នា​ នៅ​ក្នុង​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះអាសន្ន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ