អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​ថៃចាប់ពលរដ្ឋ​កម្ពុជា​១៤៧នាក់នៅផ្សារ​រុងគ្លឿ​ជិត​ព្រំដែន​ប៉ោយប៉ែត​

មន្ត្រីការទូត​កម្ពុជា​បាន​អះអាង​ថា​ កាល​ពី​យប់មិញ​នេះ យ៉ាងហោច​ណាស់​មាន​ពល​រដ្ឋ​កម្ពុជា ​ចំនួន​ ១៤៧ ​នាក់ ​ត្រូវបាន​ប៉ូលិស​ថៃ​ចាប់​ឃាត់ខ្លួន​ នៅ​ផ្សារ​រុងគ្លឿ ​ដែល​ស្ថិតនៅ​ជាប់​នឹង​ច្រកទ្វារ​ព្រំដែន​ប៉ោយ​ប៉ែត ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។​ពលរដ្ឋ​កម្ពុជា​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ បាន​ចូល​ទៅ​ស្នាក់នៅ និង​ប្រកប​របរ​រកស៊ី​នៅក្នុង​ផ្សារ​រុងគ្លឿ ក្នុង​ទឹកដី​ថៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ឡើយ​។

លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា
លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ©​ វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ប៉ូលិសថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំង​ ១៤៧ ​នាក់ ​ដែល​មាន​បុរស ​៩៧ នាក់​ កាលពី​យប់ថ្ងៃ​ទី១៦​សីហា​ឈានចូល​ថ្ងៃទី១៧​សីហា ​ឆ្នាំ២០១១​គឺស្ថិត​ក្នុង​យុទ្ធនាការ​ត្រួតពិនិត្យ​ក្នុង​ពេល​៣ ឬ​៤ ខែម្តង ​ទៅលើ​ពលរដ្ឋ​ខ្មែរ ​ដែល​បាន​ចូលទៅ​ប្រកប​របរ​រកស៊ី ​និង​ស្នាក់​ក្នុង​ផ្សារ​ជាប់​ព្រំដែន​ប៉ោយ​ប៉ែត​។ ​ពលរដ្ឋ​កម្ពុជា​ ដែល​ត្រូវ​ប៉ូលិស​ថៃចាប់ខ្លួន​ទាំង​នោះ ​ដោយសារ​តែ​ចូល​ទៅ​ស្នាក់​នៅ​ទឹកដី​ថៃ មិន​បាន​សុំ​ការអនុញ្ញាត។

 
លោក កុយ គួង ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បានលើក​ឡើងថា​ មកដល់​រសៀល​ថ្ងៃ​ទី​១៧​សីហា ឆ្នាំ​២០១១​ មន្ត្រី​កុងស៊ុល​កម្ពុជា ២ នាក់​ កំពុង​ពិនិត្យ​លើ​ករណី​ប៉ូលិស​ថៃ ចាប់​ឃាត់ខ្លួន​ពលរដ្ឋ​កម្ពុជា​ទាំងនោះ​​។

តាម​មន្ត្រី​ការទូត ប៉ូលិស​ថៃ​បាន​ប្រមូល​ទុក​ពលរដ្ឋ​ខ្មែរ ​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង ១៤៧ នាក់ ​ទុក​នៅ​នាយកដ្ឋាន​ប៉ូលិស​អន្តោប្រវេសន៍​ដើម្បី​រង់ចាំ​ថៅកែ​ថៃ​ នៅ​ផ្សារ​រុងគ្លឿ ​មក​ធានា​ទទួល​យក​អ្នក​ទាំងនោះ​ ទៅ​ធ្វើការ​វិញ​។ ​ចំណែក​ពលរដ្ឋ​ខ្មែរ​មួយ​ផ្នែក​ទៀត ​ក៏​ត្រូវ​ប៉ូលិស​ថៃ ​សាកសួរ​ និង​រៀបចំ​បែបបទ ​ដើម្បី​បញ្ជូន​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​។

មន្ត្រីការទូត​កម្ពុជា ​បញ្ជាក់ថា ​ពលរដ្ឋ​ខ្មែរ​ទាំង​ ១៤៧ នាក់​ ដែល​ត្រូវ​ប៉ូលិស​ថៃ​ចាប់​ឃាត់ខ្លួន ​ដោយសារតែ​ពួកគេ​ចូល​ទៅ​ស្នាក់នៅ​ទឹកដី​ថៃ ​ក្នុង​ផ្សារ​រុងគ្លឿ​ ដោយ​គ្មាន​លិខិត​អនុញ្ញាត​ ឬក៏​លិខិត​ឆ្លងដែន​ទាំងនោះ​ត្រូវ​ហួស​កាលកំណត់។

លោក កុយ គួង ​បន្ថែម​ថា​ តាម​ធម្មតា ​អាជ្ញាធរ​ថៃ បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ ចូល​ទៅ​រកស៊ី​នៅ​ផ្សារ​រុងគ្លឿ ​ចូល​ទៅ​ពេលព្រឹក​និង​ត្រូវ​ចេញ​មក​ទឹកដី​កម្ពុជា​វិញ​នៅពេល​ព្រលប់​ជា​រៀងរាល់ថ្ងៃ​។

ចំណែក​អាជ្ញាធរ​កម្ពុជា​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ​បានឲ្យ​ដឹងថា ​ពលរដ្ឋ​ខ្មែរ​ ដែល​ស្នាក់នៅ​ប្រទេស​ថៃ​ ដោយ​គ្មាន​លិខិត​អនុញ្ញាត​ទាំងអស់​នឹង​ត្រូវ​អាជ្ញាធរ​ថៃ​ធ្វើការ​ត្រួត​ពិនិត្យ​រាល់​ទោសកំហុស​។ ​អ្នក​ទាំងនោះ​ ត្រូវ​ប្រឈម​នឹង​ការផាក​ពិន័យ​មុននឹង​បញ្ជូន​មក​កម្ពុជា​វិញ​ឬ​ក៏​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​កាត់ទោស​តាម​ច្បាប់​ប្រទេស​ថៃ​។

យ៉ាងណា​ក៏ដោយ​មក​ដល់​ព្រលប់​ថ្ងៃទី១៧​សីហា​ឆ្នាំ​២០១១​ មន្ត្រីការទូត​កម្ពុជា ​មិនទាន់​ដឹង​ថា ប៉ូលិស​ថៃ​បាន​ដោះលែង ឬ​ក៏​បញ្ជូន​អ្នក​ទាំងនោះ ​ឲ្យមក​ស្រុក​វិញ​ ឬក៏​ត្រូវ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​នាក់ទៅ​កាន់​តុលាការ​ថៃ​នៅ​ឡើយ​ទេ​។

ជា​ញឹកញាប់​ពលរដ្ឋ​ខ្មែរ ​ដែល​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ​តែងតែ​ត្រូវ​ប៉ូលិស​ថៃ ​ចាប់ខ្លួន​និង​បញ្ជូន​មក​ស្រុក​វិញ​។ ​អ្នកខ្លះ​ទៀត ត្រូវ​បញ្ជូន​ទៅ​កាត់ទោស​នៅ​តុលាការ ​ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​ បាន​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ទឹកដី​ថៃ ​ដោយ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ