អានតួអត្ថបទ
កម្ពុជា

យោធា​កម្ពុជា​បដិសេធ​សំណើ​ព្រះសង្ឃ ​មន្ត្រី​ និង​ប្រជាជន​ថៃ​អាវលឿង​ចូល​តំបន់​ភ្នំទ្រព្យ​

នៅ​​ព្រឹក​​ថ្ងៃ​​៩​​មករា​​នេះ​​ ព្រះសង្ឃ​​ មន្ត្រី​​រាជការ​​និង​​ពលរដ្ឋ​​ថៃ​​មួយ​​ក្រុម​​ មាន​​សមាជិក​​ប្រមាណ​​១០០​​នាក់​​មាន​​បំណង​​ឆ្លង​ចូល​មក​​តំបន់​​ភ្នំទ្រព្យ​​ខាងលិច​ប្រាសាទ​​ព្រះវិហារ​​ដើម្បី​ដុត​​ធូប​​បន់​ស្រន់​​ព្រះ​​ដែល​​ពួក​គេ​អះអាង​ធ្លាប់​បាន​យក​មក​ដាក់​នៅ​ទី​នោះ។​ ប៉ុន្តែ​បំណង​ ​ត្រូវបាន​រារាំង​​ដោយ​​កង​ទ័ព​កម្ពុជា​ក្នុងសមរភូមិជួរមុខ។​ដល់ល្ងាចថ្ងៃចន្ទនេះ​ព្រះសង្ឃ​និងប្រជាជនថៃ​អាវ​លឿង​បា​ន​ចាក​ចេញ​​ពីតំបន់នោះហើយ។

ទាហាន​ថៃ​និង​កម្ពុជា​ប្រទាញ​ប្រទង់​គ្នា​នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរីស្វារៈ​ ក្រោយ​ការ​ចូល​ឈ្លានពាន​របស់​ទាហាន​ថៃ​ថ្ងៃ​ទី​១៥​កក្កដា​២០០៨។​
ទាហាន​ថៃ​និង​កម្ពុជា​ប្រទាញ​ប្រទង់​គ្នា​នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរីស្វារៈ​ ក្រោយ​ការ​ចូល​ឈ្លានពាន​របស់​ទាហាន​ថៃ​ថ្ងៃ​ទី​១៥​កក្កដា​២០០៨។​ RFI
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋថៃអាវលឿងប្រមាណ ១០០នាក់ ដែល​ក្នុង​ចំណោម​នោះ​មាន​ព្រះសង្ឃ​ប្រហែល​៣០​អង្គ​ផង​ បានចាក​ចេញពី​តំបន់​ប្រឈម​នឹង​ភ្នំទ្រព្យ​ក្នុង​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​វិញ​ហើយ​កាលពី​រសៀល​ម៉ោង​៤​ថ្ងៃ​ចន្ទ​នេះ។​ នេះ​បើតាម​ការ​អះអាង​របស់​លោក​ឧត្តម​សេនីយ​ឯក​ ស្រី ឌឹក​មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ប្រចាំទិសប្រាសាទព្រះវិហារ។

លោកឧត្តមសេនីយស្រី ឌឹកបានប្រាប់​វិទ្យុបារាំង​អន្តរជាតិ​តាមទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃចន្ទ​ទី​៩​​មករានេះថា ពួកគេបានចាកចេញបន្ទាប់​ពីកងទ័ព​កម្ពុជា​ប្រចាំការ​ក្នុងតំបន់​សមរភូមិ​ជួរ​មុខ​បដិសេធ​មិនអោយពួកគេចូលមកដុតធូបនៅទីតាំងមួយនៃតំបន់ភ្នំទ្រព្យក្នុងទឹកដីកម្ពុជា។
តាមពិត ក្រុមប្រជាពលរដ្ឋ​ថៃបានជួបប្រជុំគ្នាដុតធូបសំពះព្រះ​នៅក្នុងទឹកដីថៃ​របស់ពួក​គេ​ដែល​​នៅទល់មុខភ្នំទ្រព្យនោះ។

ហើយពួកគេមានបំណងចូលមកដុតធូបដូចគ្នានៅក្នុងទឹកដីកម្ពុជា។ លោកឧត្តមសេនីយស្រី ឌឹកបានព្រមានថា ប្រជាពលរដ្ឋថៃទាំងនោះអាចធ្វើសកម្មភាព​អ្វីក៏​បាន​នៅលើទឹក​ដី​របស់​ពួក​គេ។ ប៉ុន្តែពួកគេមិនអាចឈានជើងចូលក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាតឡើយ។
ទោះយ៉ាង​ណា​ក៏ដោយ បើតាមការអះអាងរបស់មេបញ្ជាការរូបនេះ វាមិន​បាន​មាន​ភាព​តានតឹង​អ្វីនៅព្រំដែននោះឡើយកាលពីព្រឹកថ្ងៃចន្ទនេះ។
 

គួររម្លឹកថា ការមកដល់នៃ​អ្នកសាសនារបស់ថៃចូល​ក្នុងតំបន់ព្រំដែនប្រាសាទព្រះវិហារ​ធ្លាប់ជា​បទ​ពិសោធន៍អាក្រក់សម្រាប់កម្ពុជា។ ព្រោះតែអ្នកសាសនានេះហើយ ដែលកងទ័ព​ថៃបាន​ចូល​មកឈរជើងបោះទីតាំង​នៅលើទឹកដីកម្ពុជាក្នុង​តំបន់ជុំវិញប្រាសាទ​ព្រះវិហារ​តាំងពី​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ២០០៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ