អានតួអត្ថបទ
កម្ពុជា

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍

យុទ្ធនាការឃោសនារកសំឡេងឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​នីតិកាល​ទី​៣​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ដោយ​មិន​សូវ​ជា​មាន​ភាព​ទាក់ទាញ​ប៉ុន្មាន​ឡើយ។ យុទ្ធនាការ​ដែល​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧​មករា​ខាង​មុខ មាន​តែ​គណបក្ស​ពីរ​ប៉ុណ្ណោះ ដែល​ចូលរួម​ប្រកួត​គឺ​ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម រង្ស៊ី។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តើម​ការឃោសនា​យ៉ាង​អធិកអធម តែ​គណបក្ស​សម រង្ស៊ី វិញ​បាន​រៀបចំ​ការឃោសនា​បែប​ស្ងាត់​ស្ងៀម​តាមរយៈ​ការជួបជុំ​នៅ​ក្នុង​ទី​ស្នាក់ការ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

គណបក្ស​​​សម​រង្ស៊ី​​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ព្រឺទ្ធសភា​ ក្នុង​ការិយាល័យ ដោយ​ភ្ជាប់​វីដេអូ​ជាមួយ​ប្រធានបក្ស​
គណបក្ស​​​សម​រង្ស៊ី​​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ព្រឺទ្ធសភា​ ក្នុង​ការិយាល័យ ដោយ​ភ្ជាប់​វីដេអូ​ជាមួយ​ប្រធានបក្ស​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

 

នេះ​គឺជា​ថ្ងៃ​ទី២​ហើយ​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី៣​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​មករា​នេះ។ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តើម​យុទ្ធនាការ​យ៉ាង​អធិកអធម​មួយ​កាលពី​ថ្ងៃ​ម្សិលមិញ​ដែល​ជា​ថ្ងៃ​បើក​ឆាក​ និង​ចំ​ថ្ងៃ​៧មករា​ដែល​គណបក្ស​នេះ​រម្លឹក​ខួប​៣៣​ឆ្នាំ​នៃ​ជ័យជម្នះ​លើ​ពួក​ខ្មែរក្រហម។​ ប៉ុន្តែ​ គណបក្ស​សម រង្ស៊ី​ដែល​ជា​គូប្រកួត​តែ​មួយ​គត់​ក្នុង​ការ​បោះ​ឆ្នោត​នេះ​មិន​បាន​ផ្តល់​តម្លៃ​ដល់​ការ​ឃោសនា​ទេ។ ​គណបក្ស​នេះ​បាន​រៀបចំ​ពិធី​ឃោសនា​ផ្ទៃក្នុង​តាម​រយៈ​ការ​ជួបជុំ​នៅ​តាម​ទីស្នាក់ការ​គណបក្ស​របស់​ខ្លួន ​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ តាមរយៈ ​Video Conference ។ ​ពិធី​ជួបជុំ​បែប​នេះ​បាន​ផ្តើម​ធ្វើ​ចាប់ពី​ថ្ងៃ​អាទិត្យ​នេះ​ទៅ​ហើយ។

ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​ពេល​នេះ​មាន​តែ​គណបក្ស​ពីរ​ប៉ុណ្ណោះ​ដែល​ចូល​រួម​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សម រង្ស៊ី។ ​ដោយឡែក​ គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​និង​គណបក្ស​ នរោត្តម រណឬទ្ធិ ​ដែល​មាន​តំណាងរាស្ត្រ ​និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​តិច​តួច​នោះ​មិន​ចូល​រួម​បោះឆ្នោត​ទេ​ពីព្រោះ​តែ​គ្មាន​សំឡេង​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​កៅអី។ ​យ៉ាងណា​ក៏ដោយ ​គេ​រំពឹង​ថា​ តំណាងរាស្ត្រ ​និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ទាំងពីរ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​សម្ពន្ធមិត្ត​របស់​ខ្លួន។

ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី៣​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩​មករា​ខាងមុខ​ដោយ​មាន​តែ​សមាជិក​សភា ​និង​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​ប៉ុណ្ណោះ​ជា​អ្នក​មាន​សិទ្ធិ​បោះឆ្នោត។ ​ដូច្នេះ ​លទ្ធផល​បោះឆ្នោត​នេះ​ ត្រូវ​បាន​គេ​ដឹង​ជា​មុន​រួច​ជា​ស្រេច។ ​គណបក្ស​សម រង្ស៊ី ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ទទួល​បាន​១១​កៅអី ​និង​គណបក្ស​ប្រជាជន​បាន​៤៦​កៅអី​ក្នុង​ចំណោម​កៅអី​៥៧​ដែល​ចេញ​ពី​ការ​បោះឆ្នោត។ ​តួលេខ​នេះ​ត្រូវ​បាន​គេ​គណនា​ទៅ​តាម​ចំនួន​អ្នកបោះឆ្នោត​របស់​គណបក្ស​នីមួយៗ។ ​ក្រៅពី​នោះ​ មាន​សមាជិក​ព្រឹទ្ធសភា​៤​រូប​ទៀត​កើត​ចេញ​ពីការ​តែង​តាំង​របស់​រដ្ឋសភា ​(២រូប)​ និង​របស់​ព្រះមហាក្សត្រ​(២រូប)​ ដែល​ធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ទាំង​អស់​មាន​ចំនួន​សរុប​៦១​រូប។

យ៉ាងណា​ក៏ដោយ​ លទ្ធផល​នេះ​អាច​មាន​ការ​ប្រែប្រួល​ក្នុង​ករណី​ដែល​អ្នកបោះឆ្នោត​មួយចំនួន​មិន​បោះ​ឲ្យ​គណបក្ស​របស់​ខ្លួន ​តែ​បែរ​ជា​បោះ​ឲ្យ​គណបក្ស​ផ្សេង​ទៅ​វិញ​នោះ។ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ គណបក្ស​សម រង្ស៊ី ​បាន​តម្រូវ​ឲ្យ​អង្គ​បោះឆ្នោត​របស់​ខ្លួន​សច្ចាប្រណិធាន​ដើម្បី​ធានា​ថា​ពួកគេ​ពិត​ជា​បោះឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន។ ​ការ​បោះឆ្នោត​តាម​បែប​អសកល​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ការ​ឃោសនា​មិន​សូវ​មាន​ភាព​ទាក់ទាញ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ