អានតួអត្ថបទ
កម្ពុជា

លោក ជា ស៊ីម ជាប់​ឆ្នោត​ជា​ប្រធាន​ព្រឹទ្ធសភា​អាណត្តិ​ថ្មី

ព្រឹទ្ធសភា​នីតិកាល​ទី៣​ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩​មករា ​បាន​បើក​សម័យ​ប្រជុំ​លើក​ដំបូង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ​ នរោត្តម សីហមុនី។ ​ព្រឹទ្ធសភា​ក៏​បាន​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​ខ្លួន​រួច​រាល់​ហើយ​ដែរ។ ​លោក​ ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​ព្រឹទ្ធសភា​ជាថ្មី​ទៀត​ ខណៈ​ដែល​គណបក្ស​សម រង្ស៊ី​ ដែល​មាន​១១​កៅ​អីមិន​បាន​ទទួល​តួនាទី​ដឹកនាំ​ណាមួយ​នៅ​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​នេះ​ទេ។

លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា នីតិកាលទីបី
លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា នីតិកាលទីបី ©rfi សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ដូចការ​គ្រោង​ទុក​ ព្រឹទ្ធសភា​នីតិកាល​ទី៣​ បាន​បើក​សម័យ​ប្រជុំ​ដំបូង​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី​ និង​ដោយ​មាន​វត្តមាន​របស់​លោក ​ហេង សំរិន​ ប្រធាន​រដ្ឋសភា ​និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ ​កិច្ច​ប្រជុំ​លើក​ដំបូង​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ដើម្បី​ជាការ​បើក​សម្ពោធ​ស្ថាប័ន​ព្រឹទ្ធសភា​នីតិកាល​ថ្មី​ផង​ និង​ដើម្បី​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​នេះ​ផង។

 
សម្តេច ​ជា ស៊ីម ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​សមាជិក​​ទាំង​អស់​ជ្រើស​រើស​ជា​ប្រធាន​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​បន្ត​ទៀត ​ និង​អម​ដោយ​ឥស្សរជន​គណបក្ស​កាន់​អំណាច​ពីរនាក់​ទៀត​គឺ​លោក​ សាយ ឈុំ ​អនុប្រធាន​ទី១​ និង​លោក​ ទេព​ ងន ​អនុប្រធាន​ទី២​នៃ​ព្រឹទ្ធសភា។ ​លោក ​គង់ គាំ ​បេក្ខភាព​អនុប្រធាន​ទី២​របស់​គណបក្ស ​សម រង្ស៊ី ​មិន​បាន​ជាប់​ឆ្នោត​ទេ​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ​តែ​១១​សំឡេង ​ទល់​នឹង​៤៨​សំឡេង​របស់​លោក​ ទេព ងន។

សូម​បញ្ជាក់​ថា ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់​មាន​ចំនួន​សរុប​ ៦១ ​រូប​ក្នុង​នោះ​ ៥៧​រូប​កើត​ចេញ​ពី​ការ​បោះឆ្នោត​តាម​បែប​អសកល​កាលពី​ថ្ងៃ​ទី​២៩​មករា​ឆ្នាំ​២០១២។ ​លទ្ធផល​នៃ​ការ​បោះឆ្នោត​បាន​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​៤៦​កៅអី ​និង​គណបក្ស​សម រង្ស៊ី​បាន​១១​កៅអី។ ​ចំណែក​ឯ​សមាជិក​៤​នាក់​ទៀត​គឺ​លោក ​អ៊ុំ ម៉ាន្នូរីន ​និង​លោក​អៀវ ​បណ្ណាការ​ ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ ​ចំណែក​ឯ​ព្រះអង្គម្ចាស់​ក្សត្រី​សម្តេច​ព្រះរៀម​ នរោត្តម​ បុប្ផាទេវី​ និង ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ ជីវន័មុនីរក្ស ​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​រដ្ឋសភា​ជាតិ។

គណបក្ស​សម រង្ស៊ី ​បាន​ទាមទារ​កាន់​កាប់​តំណែង​អនុប្រធាន​ទី២​នៃ​ព្រឹទ្ធសភា ​និង​ប្រធាន​គណៈកម្មការ​ចំនួន​៤​ក្នុង​ចំណោម​គណៈកម្មការ​៩​របស់​ព្រឹទ្ធសភា ​ព្រមទាំង​តំណែង​ក្នុង​អគ្គលេខាធិការដ្ឋាន​មួយ​ចំនួន​ទៀត​ផង​ដែរ។ ​ប៉ុន្តែ ​ដោយ​ហេតុ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​សំឡេង​ភាគច្រើន​លើសលប់ ​គេ​គ្មាន​សង្ឃឹម​ថា​បេក្ខភាព​គណបក្ស​សម រង្ស៊ី ​ណាម្នាក់​បាន​ជាប់​ឆ្នោត​ដើម្បី​ទទួល​តំណែង​ណាមួយ​នោះ​ឡើយ។

ក្រោយ​ពី​កិច្ចប្រជុំ​ដំបូង​បាន​បិទ​បញ្ចប់​ សមាជិក​ព្រឹទ្ធសភា​ទាំងអស់​បាន​ធ្វើ​សច្ចា​ប្រណិធាន​នៅ​រសៀល​ថ្ងៃ​នេះ​ដែរ​នៅ​ក្នុង​ព្រះបរមរាជវាំង​មុន​នឹង​ចូល​បំពេញ​មុខងារ​ជា​ផ្លូវការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ