អានតួអត្ថបទ
កម្ពុជា

ព្រះមហាក្សត្រ​កោះប្រជុំ​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​នៅថ្ងៃ​ទី២៤​មីនា​

ព្រះមហាក្សត្រ​សម្តេចព្រះ​បរមនាថ ​នរោត្តម ​សីហមុនី​ បាន​ចេញ​លិខិត​កោះប្រជុំ​សមាជិក​ព្រឹទ្ធសភា​ អាណត្តិ​ថ្មី​ ទាំង​ ៦១​ រូប​ឲ្យចូល​រួម​សម័យ​ប្រជុំ​លើក​ដំបូង​នៅ​ថ្ងៃទី​២៤​ខែមីនា ​ឆ្នាំ​២០១២​ វេលា​ម៉ោង ៩ ព្រឹក​។ ​កិច្ចប្រជុំ​ព្រឹទ្ធសភា​លើក​ដំបូង​នោះ ​ដើម្បី​ប្រកាស​សុពលភាព​ សមាជិក​ព្រឹទ្ធសភា​ទាំង ​៦១​រូប​ ព្រមទាំង​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​និង​អនុប្រធាន​ទាំងពីរ​ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ព្រឹទ្ធសភានីតិកាល​ទី៣ ​រយៈពេល​៦ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១២។

ព្រឹទ្ធសភាកម្ពុជានីតិកាល​ទី៣ ​រយៈពេល​៦ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១២
ព្រឹទ្ធសភាកម្ពុជានីតិកាល​ទី៣ ​រយៈពេល​៦ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១២
ផ្សាយពាណិជ្ជកម្ម

 

ព្រឹទ្ធសភា​អាណត្តិ​ថ្មី​នឹង​បើក​សម័យ​ប្រជុំ​លើកដំបូង​ ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​នា​ព្រឹក​ថ្ងៃ​សៅរ៍ ​ទី​២៤ ​ខែ​មីនា​ ឆ្នាំ​២០១២​។ ​ថ្ងៃ​បើក​សម័យ​ប្រជុំ​ព្រឹទ្ធ​សភា​លើក​ដំបូង នា​ថ្ងៃ​សៅរ៍​សប្តាហ៍​ក្រោយ​នោះ ​នៅ​ពេល​ព្រឹក​ ព្រះមហាក្សត្រ​នឹង​ថ្លែង​ព្រះរាជ​សុន្ទរកថា​មួយ ​ទៅកាន់​អង្គ​ព្រឹទ្ធសភា​ថ្មី​។​ បន្ទាប់​ពី​ពិធី​ថតរូប​ជា​អនុស្សាវរីយ៍ ​ការបើក​សម័យ​ប្រជុំ​ដំបូង​របស់​ព្រឹទ្ធសភា​ នឹង​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​ព្រឹទ្ធបុរស​។​ ព្រឹទ្ធបុរស ​ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ មាន​អាយុ​ច្រើនជាងគេ​ គឺ​លោក អ៊ុំ ​ម៉ាន្នូរីន អាយុ ៨៨ ​ឆ្នាំ ​ត្រូវបាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ។

កិច្ចប្រជុំ​ដឹកនាំ​ដោយ​ព្រឹទ្ធបុរស​ មាន​ការប្រកាស​សុពលភាព​របស់​សមាជិក​ព្រឹទ្ធសភា​ទាំង ៦១ រូប​ និង​ការបោះឆ្នោត​ជ្រើស​តាំង​ប្រធាន​ អនុប្រធាន​ទី១​ និង​អនុប្រធាន​ទី​២ ​ព្រឹទ្ធសភា​។​ នៅ​ម៉ោង ៤ រសៀល មាន​ពិធី​សច្ចា​ប្រណិធាន​នៅ​ព្រះបរមរាជវាំង​ ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ​ដោយ​សមាជិក​ព្រឹទ្ធសភា​ថ្មី​ទាំង ៦១ រូប​ ត្រូវ​ទៅ​ធ្វើ​សច្ចា​ប្រណិធាន​ ដើម្បី​ចូល​កាន់​តំណែង​ ស្រប​តាម​រដ្ឋធម្មនុញ្ញ។ ​នេះ​បើតាម​ការលើកឡើង​របស់លោក​ អ៊ុំ សារឹទ្ធ ​អគ្គលេខាធិការ​ព្រឹទ្ធសភា។

លោក អ៊ុំ សា​រឹទ្ធ ​បាន​បន្ថែមថា​ កាលពី​ថ្ងៃទី១៣ ​ខែ​មីនា​ ឆ្នាំ​២០១២ ព្រឹទ្ធបុរស ​លោក អ៊ុំ ម៉ាន្នូរីន ​បាន​ធ្វើ​លិខិត​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សមរង្ស៊ី​ ព្រះបរមរាជវាំង​ និងរដ្ឋសភា ​ដើម្បី​សុំឲ្យ​បញ្ជូន​ឈ្មោះ​បេក្ខជន​ប្រធាន​ និង​អនុប្រធាន​ព្រឹទ្ធសភា​សម្រាប់​ដាក់ឲ្យ​អង្គ​ប្រជុំ​ព្រឹទ្ធសភា​លើក​ដំបូង​បោះឆ្នោត​ជ្រើស​តាំង​នៅ​ថ្ងៃទី​២៤ ​ខែមីនា​ឆ្នាំ២០១២។

ឮតាម​អគ្គ​លេខាធិការ​ព្រឹទ្ធសភា​ មកដល់​ថ្ងៃនេះ ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឆ្លើយតប​ហើយថា ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​បេក្ខជន ៣ រូប ​ក្នុងនោះ​បេក្ខជន​ប្រធាន​ព្រឹទ្ធសភា​ គឺ​លោក​ជាស៊ីម​ បេក្ខជន​សម្រាប់​តំណែង​អនុប្រធាន​ទី១​ព្រឹទ្ធសភា ​គឺ​លោក សាយ ឈុំ ​និង​អនុ​ប្រធាន​ទី​២ លោក ទេព ងន​។​ ការបោះឆ្នោត​ជ្រើសតាំង​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​នោះ​ធ្វើឡើង​តាម​សំឡេង​គាំទ្រ​ ៥០ ភាគរយ ​បូក​ ១​ ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធសភា​សរុប​ ៦១ រូប។

សមាជិក​ព្រឹទ្ធសភា ​នីតិកាល​ទី៣​រយៈពេល ​៦ឆ្នាំ​ ចាប់ពី​ឆ្នាំ២០១២​ ដល់ឆ្នាំ​២០១៨ ​មាន​ចំនួន ៦១ រូប​។ ​ក្នុងនោះ​ សមាជិក​ព្រឹទ្ធសភា ៥៧ ​រូប​បានមកពី​ការបោះឆ្នោត​តាម​លក្ខណៈ​អសកល​ កាលពី​ថ្ងៃ​ទី២៩ ​ខែមករា​ ឆ្នាំ២០១២ ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​ ៤៦ ​រូប​ និង​គណបក្ស​សមរង្ស៊ី ​ទទួល​បាន​ ១១ រូប​។ ​ចំណែក​សមាជិក​ព្រឹទ្ធសភា​២រូប​ទៀត​ ត្រូវបាន​ជ្រើស​តាំង​ដោយ​ព្រះមហាក្សត្រ​ គឺ​លោក អ៊ុំ​ ម៉ាន្នូរីន​ និង​លោក អៀវ ​បណ្ណាការ​។​ រីឯ​សមាជិក​ព្រឹទ្ធសភា ​២ រូប​ផ្សេង​ទៀត​ ត្រូវ​ជ្រើសតាំង​ដោយ​រដ្ឋសភា​ នោះ​គឺ​សម្តេច​រាជបុត្រី​ព្រះរៀម ​នរោត្តម ​បុប្ផា​ទេវី ​និង​សម្តេច ​ស៊ីសុវត្ថិ ​ជីវ័ន​មុនីរ័ក្ស។

កាលពី​ចុងខែ​កុម្ភៈ​ គណបក្ស​សមរង្ស៊ី ​បាន​ស្វែងរក​ការចរចា​ជាមុន​ ដើម្បី​បែងចែក​តួនាទី​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា​។ ​ក៏​ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​។ ​គណបក្ស​ប្រជាជន​ បាន​សម្រេច​រួច​ហើយ​ថា ​នឹង​ដឹកនាំ​ព្រឹទ្ធសភា​ដូច​នៅ​រដ្ឋសភា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ