អានតួអត្ថបទ
កម្ពុជា

លោក​ ហ៊ុន​ សែន៖​ បរិបទ​នៃ​ការ​បោះឆ្នោត​នៅ​ម៉ាឡេស៊ី​ ដូចគ្នា​នឹង​កម្ពុជា​

នៅ​ថ្ងៃ​ចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រៀបប្រដូច​សម័យកាល​បោះ​ឆ្នោត នៅ​ប្រទេស​ម៉ាឡេស៊ី ថា​ដូច​គ្នា​ទៅនឹង​ស្ថានភាព​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា។ នោះ​គឺ​បក្សប្រឆាំង​លើកយក​បញ្ហា​ពុករលួយ ការចោទប្រកាន់​គ​.​ជ​.​ប​. និង​ពាក់ព័ន្ធ​នឹង​បញ្ជី​ឈ្មោះ ជាដើម។ រីឯ​ប្រធានបទ​របស់​គណបក្ស​កាន់អំណាច​វិញ ត្រូវបាន​លោក​នាយក​រដ្ឋមន្ត្រី លើកឡើងថា លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​ប្រកាស​ពី​ការ​បន្ត​រក្សា​សន្តិភាព ស្ថិរភាព និង​ការបន្ត​អភិវឌ្ឍន៍​ប្រទេស ដូចគ្នា​ទៅ​នឹង​ប្រធានបទ​​​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស នៅ​មុន​ពេល​បោះឆ្នោត ពេលនេះ។​

នាយករដ្ខមន្ត្រី​កម្ពុជា ហ៊ុន​ សែន​
នាយករដ្ខមន្ត្រី​កម្ពុជា ហ៊ុន​ សែន​ ©channa/rfi
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៤៤ នៅ​ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ផ្ទាល់មាត់ សាទរ​ចំពោះ​ជ័យជម្នះ​ជា​ថ្មី​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សាក់ តាមរយៈ​ការបោះឆ្នោត កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រដូច​ការបោះឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃអាទិត្យ ថា​ដូច​គ្នា​ទៅ​នឹង​ស្ថានការណ៍​បោះឆ្នោត​នៅ​កម្ពុជា​។ នោះ​គឺ​បក្សប្រឆាំង​នៅ​ម៉ាឡេស៊ី​ទាមទារ​ឲ្យមាន​ការផ្លាស់ប្តូរ​មេដឹកនាំ​។ រីឯ​ប្រធានបទ​ឃោសនា​បោះឆ្នោត​ក៏​ដូច​កម្ពុជា គឺ​បក្សប្រឆាំង​លើកយក​បញ្ហា​ពុករលួយ ជនបរទេស​ចូលរួម​បោះឆ្នោត បក្សប្រឆាំង​ចោទប្រកាន់​គ​.​ជ​.​ប​. រឿង​បញ្ជី​ឈ្មោះ​បោះឆ្នោត ទឹក​ថ្នាំ​ជ្រលក់​ម្រាមដៃ និង​ឈ្មោះ​ខ្មោច ជាដើម។ រីឯ​ប្រធានបទ​របស់​បក្ស​កាន់​អំណាច​វិញ គឺ​ការប្រកាស​ពី​ការរក្សា​សន្តិភាព ស្ថិរភាព និង​បន្ត​ការអភិវឌ្ឍន៍​ប្រទេស​។ ជា​ប្រធានបទ​ដែល​លោកនាយក​រដ្ឋមន្ត្រី​អះអាងថា ដូចគ្នា​នឹង​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក។​

ជ័យជម្នះ​របស់​គណបក្ស​កាន់អំណាច នៅ​ម៉ាឡេស៊ី ដែល​បន្ត​ឲ្យ​គណបក្ស Barisan Nasional (រណសិរ្ស​ជាតិ​) របស់​លោក​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សាក់ បន្ត​កាន់តំណែង​តទៅទៀត​នោះ ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ថ្ងៃនេះ​ថា លោក​ក៏​នឹង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​រហូតដល់​ឆ្នាំ​២០២៣ ដែល​ពេលនោះ លោក​មាន​អាយុ ៧៤ ឆ្នាំ​។ ពោល​គឺ​លោក​ធ្វើ​ដូច​មេដឹកនាំ​ចិន និង​វៀតណាម ស្រប​តាម​ការរិះគន់រ​បស់​បក្សប្រឆាំង​។
នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាសថា គណបក្ស​ប្រឆាំង​នៅ​កម្ពុជា មិន​មាន​សិទ្ធិ​ដើម្បី​ធ្វើ​វេតូ Veto ជំទាស់ មិន​ឲ្យ​គ​.​ជ​.​ប​. រៀបចំ​ការបោះឆ្នោត​ឡើយ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាសថា ទោះជា​មិន​មាន​វត្តមាន​របស់​បក្សប្រឆាំង ក៏​កម្ពុជា​ត្រូវ​រៀបចំ​ការបោះឆ្នោត តាម​កាលកំណត់​ នៅ​ខែ​កក្កដា។ ចំពោះ​ការយឺតយ៉ាវ​របស់​បក្សប្រឆាំង​ក្នុង​ការដាក់​បញ្ជី​បេក្ខជន​ចុះឈ្មោះ​ចូល​រួម​ការបោះឆ្នោត ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ប្រកាសថា ដោយសារតែ​ជម្លោះ​ផ្ទៃក្នុង​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​អះអាងថា បក្សប្រឆាំង​បាន​យក​លេស ចាប់​ពិរុទ្ធ​ តវ៉ា​ជំទាស់​នឹង គ​.​ជ​.​ប​. ដែល​ជា​អា​ប៊ីត​ទៅវិញ។​ តាម​លោកនាយក​រដ្ឋមន្ត្រី បក្សប្រឆាំង​កំពុងតែ​មាន​បញ្ហា​ផ្ទៃក្នុង​លើ​ការរៀបចំ​បេក្ខជន នៅ​ខេត្ត​កំពង់ធំ សៀមរាប តាកែវ និង​ខេត្ត​កំពង់ស្ពឺ ជាដើម។​

យ៉ាងណាក៏ដោយ លោក យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​អ្នកកាសែត នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ដាក់​នៅ​គ​.​ជ​.​ប​. ក្នុង​សប្តាហ៍​នេះ​។ រីឯ​ការពន្យារពេល​មិនទាន់​ចុះបញ្ជី មកពី​គណបក្ស​ប្រឆាំង​ចង់​តវ៉ា​នឹង​គ​.​ជ​.​ប​. ពាក់ព័ន្ធ​នឹង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​សង្គម​ស៊ីវិល រកឃើញថា​មិន​ប្រក្រតី និង​បាត់ឈ្មោះ​អ្នកបោះឆ្នោត​ជាដើម​។​

ការចុះឈ្មោះ​គណបក្ស​នយោបាយ និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​​បោះឆ្នោត​តំណាងរាស្ត្រ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣​។ រហូត​ដល់​ថ្ងៃ​ទី​៣​ឧសភា មាន​គណបក្ស ៥ បាន​ចុះឈ្មោះ​។ គ​.​ជ​.​ប​. បាន​ទទួលស្គាល់​ជា​ផ្លូវកា​រហើយ​ លើ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ