អានតួអត្ថបទ
កម្ពុជា

គ.ជ.ប.​ ចាប់ផ្តើម​ទទួល​ចុះឈ្មោះ​គណបក្ស​ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​

នៅ​ថ្ងៃ​ទី​២៩​មេសា​នេះ គ.ជ.ប. បាន​ចាប់ផ្តើម​ទទួល​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​និង​បញ្ជី​បេក្ខជន​​ឈរឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៥។ នៅ​ថ្ងៃ​ផ្តើមដំបូង​នេះ យ៉ាងហោច​ណាស់​មាន​គណបក្ស​នយោបាយ​ចំនួន​៤​បាន​ដាក់​សំណុំ​ឯកសារ​ចុះឈ្មោះ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​​ការ​បោះឆ្នោត នា​ថ្ងៃ​ទី​២៨​កក្កដា។ គណបក្ស​ប្រជាជន​កម្ពុជា ចុះឈ្មោះ​មុនគេ​បង្អស់។

ខិត​ប័ណ្ណ​ឃោសនា​​គណបក្ស​នយោបាយ​ សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ កាលពី​ឆ្នាំ​២០១២
ខិត​ប័ណ្ណ​ឃោសនា​​គណបក្ស​នយោបាយ​ សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ កាលពី​ឆ្នាំ​២០១២ ©Navin/RFI
ផ្សាយពាណិជ្ជកម្ម

ការ​ចុះឈ្មោះ​គណបក្ស​នយោបាយ​ និង​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ ត្រូវ​ធ្វើឡើង​ចាប់​ពី​ថ្ងៃ​ទី​២៩​មេសា រហូតដល់​ថ្ងៃ​ទី​១៣​ឧសភា។ នៅ​ថ្ងៃ​ដំបូង​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៤​គណបក្ស បាន​ដាក់​សំណុំ​ឯកសារ ចុះបញ្ជី​ឈ្មោះ​គណបក្ស និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ នៅ​គ.ជ.ប.។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប.។

គណបក្ស​នយោបាយ​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត នៅ គ​.​ជ​.​ប​. នៅថ្ងៃ​២៩​មេសា​នេះ រួម​មាន​៖ គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មុនគេ​តាំង​ពីព្រឹក​ ហើយ​នៅ​ពេល​រសៀល​នេះ គឺ​គណបក្ស​​​​​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ។​

តាម​លោក ទេព នីថា គ.ជ.ប. នឹង​ចាប់ផ្តើម​ពិនិត្យ​លើ​សំណុំ​ឯកសារ​របស់​គណបក្ស​នយោបាយ​​​ទាំងនោះ ចាប់ពី​ថ្ងៃ​អង្គារ​ស្អែក។ គ.ជ.ប. មាន​រយៈពេល​៧ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទទួល​សំណុំ​ឯកសារ ដើម្បី​ពិនិត្យ ហើយ​បើ​មាន​ចំនុច​ខ្វះខាត គ​.​ជ​.​ប​.​ ទុកពេល​៥ថ្ងៃ ឲ្យ​គណបក្ស​នយោបាយ ធ្វើ​ការ​កែតម្រូវ និង​បំពេញ​ឯកសារ​បន្ថែម។​

សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​កាន់​អំណាច បាន​ដាក់​បេក្ខជនឈរឈ្មោះ​បោះឆ្នោត​​តំណាងរាស្ត្រ​នៅ​ទូទាំង​ប្រទេស​ក្នុង​២៤​ខេត្ត-រាជធានី។ តាម​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក អ៊ក គីមហាន បេក្ខជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា សរុប​ចំនួន ២៦៨​នាក់ ក្នុង​នោះ បេក្ខជន​ពេញសិទ្ធិ​១២៣​នាក់ និង​បម្រុង ១៤៥​នាក់។ បេក្ខជន​ទាំងនោះ មាន​ស្ត្រី​៤៨​នាក់។

លោក​បញ្ជាក់​ថា ការ​រៀបចំ​បញ្ជី​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជនកម្ពុជា គឺ​មាន​តំណាងរាស្ត្រ​​ចាស់ៗ​មួយ​ចំនួន ហើយ​មាន​បេក្ខជន​ថ្មី​ជា​យុវជន​និង​ជា​កូន​អ្នក​ដឹក​នាំ​មួយ​ចំនួន។ ក្នុង​នោះ ​មាន​ទាំង​កូនប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ផង​ដែរ។

រីឯ​គណបក្ស​សង្គ្រោះជាតិ​វិញ ទោះបី​ជា​អះអាង​ថា ខ្លួន​នឹង​ចូលរួមការ​បោះឆ្នោត តែ​ប្រឆាំង​រួបរួម​​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​មួយ​នេះ មិនទាន់ចុះបញ្ជីទេ ដោយសារ​នៅ​​ទា​មទារទៅគ.ជ.ប. លើចំនុចមួយចំនួន ពាក់ព័ន្ធនឹង​ការ​រៀប​ចំ​​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត មាន​ឈ្មោះ​ស្ទួន ឈ្មោះ​ខ្មោច និង​ឈ្មោះ​អ្នកបោះឆ្នោត ជា​ជនជាតិ​វៀតណាម​ជាដើម។

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​ប្រាប់​វិទ្យុ​បារាំង​ថា គណបក្ស​ប្រឆាំង​បាន​រៀបចំ​បញ្ជីឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​អស់​ហើយ នៅ​តែ​ការ​សម្រេចចិត្ត​ជា​ចុងក្រោយ របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយ គ​.​ជ​.​ប​. រំពឹង​ថា សម្រាប់​ការ​បោះឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី​២៨​កក្កដា​ខាងមុខ​ នឹង​មាន​​គណបក្ស​នយោបាយ​តិច​ជាង ១០​គណបក្ស ដែល​នឹង​មក​ចុះឈ្មោះ ចូលរួម​ការ​បោះឆ្នោត​ក្នុង​ចំណោម​គណបក្ស​នយោបាយ​សរុប​ចំនួន ៤៣​គណបក្ស ដែល​បាន​ចុះ​ឈ្មោះ​ផ្លូវការ នៅ​ក្រសួង​មហាផ្ទៃ នា​ពេល​បច្ចុប្បន្ន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ