អានតួអត្ថបទ
កម្ពុជា​-ថៃ

គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ​ប្រជុំ​ថ្ងៃ​ទី​២០​ខែ​ធ្នូ

មានការ​កំណត់​កាលបរិច្ឆេទ​សា​ជា​ថ្មី​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ។ កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៦​ថ្ងៃ នៅ​ក្នុង​រាជធានី​ភ្នំពេញ ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២៥​ខែ​ធ្នូ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឈុំ សុជាតិ ថ្លែង​ថា ក្រៅពី​ការ​សង្កត់​ធ្ងន់​ទៅ​លើ​ការអនុវត្តន៍​សាល​ក្រម​តុលាការ​ឡាអេ ពាក់ព័ន្ធ​នឹង​ការដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​នោះ ការ​បាញ់​ប្រហារ​ពលរដ្ឋ​ខ្មែរ​តាម​ព្រំដែន​ពី​សំណាក់​ទាហាន​ថៃ ក៏​នឹង​ត្រូវ​លើក​ដាក់​លើ​តុ​ពិភាក្សា​ដែរ។

លោក​ទៀ បាញ់ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន កាលពីថ្ងៃ​ពុធ ១៧ សីហា ២០១១
លោក​ទៀ បាញ់ រដ្ឋមន្រ្តី​ការពារជាតិ​កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន កាលពីថ្ងៃ​ពុធ ១៧ សីហា ២០១១ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

 

ប្រសិនបើ​គ្មាន​ការ​ប្រែប្រួល​ចិត្ត​ពី​ភាគី​ថៃ​ទៀត​ទេ​នោះ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​លើក​ទី​៨​នឹង​អាច​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២០​ដល់​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ក្នុង​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក​ឧត្តមសេនីយ​ឯក ឈុំ សុជាតិ ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ខ្មែរ​លោក ​ទៀ បាញ់​ បាន​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​សមភាគី​ថៃ​តាម​រយៈ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​រួច​ហើយ​ សម្រាប់​ការ​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​នៅ​ថ្ងៃ​ទី​២០​ខែ​ធ្នូ​នោះ។

មាន​សំណុំ​រឿង​ជាច្រើន​ដែល​គណៈកម្មាធិការ​ចម្រុះ​មួយ​នេះ​ជជែក​ពិភាក្សា​ និង​ព្រមព្រៀង​គ្នា​ដើម្បី​រក្សា​សន្តិសុខ​តាម​ព្រំដែន។ ប៉ុន្តែ​នៅ​ពេល​នេះ កិច្ចការ​សំខាន់​ជាង​គេ​ គឺ​ការ​និយាយ​អំពី​នីតិវិធី​នៃ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​ក្បែរ​ប្រាសាទ​ព្រះវិហារ​ដែល​គូស​វាស​ដោយ​តុលាការ​ឡាអេ និង​នីតិវិធី​នៃ​ការ​ទទួល​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី។

រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​ភឿ​ថៃ​ដែល​ដឹកនាំ​ដោយ​លោកស្រី​នាយក​រដ្ឋមន្ត្រី​ យីងឡាក់​ស៊ីណាវ៉ាត់ ប្អូនស្រី​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់​ ធ្លាប់​បាន​ប្រកាស​ជំហរ​របស់​ខ្លួន​នឹង​គោរព​តាម​សាលក្រម​របស់​តុលាការ​ឡាអេ​ថ្ងៃ​ទី​១៨​កក្កដា​ឆ្នាំ​២០១១​នេះ ដើម្បី​ដោះស្រាយ​ទំនាស់​និង​ភាព​តានតឹង​តាម​ព្រំដែន។

បើទោះមាន​ជំហរ​ទន់ភ្លន់​ក៏ដោយ ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​ផ្ទៃ​ក្នុង​នៅ​ឯ​ខាង​ភាគី​ថៃ​នោះ កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​តាំងពី​ខែ​កញ្ញា​នោះ​ក៏​ត្រូវ​ពន្យារ​ដល់​ពេល​នេះ។ នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​នេះ កម្ពុជា​ក៏​ត្រៀម​និយាយ​ជាមួយ​ថៃ​លើ​បញ្ហា​ការ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ស្លូតត្រង់​ខ្មែរ​ពី​សំណាក់​ទាហាន​ថៃ​នៅ​តាម​ព្រំដែន​ផង​ដែរ។ ករណី​បាញ់​ប្រហារ​នេះ​បាន​កក្រើក​ឡើង​វិញ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ