អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

គេង​មិន​គ្រប់គ្រាន់​នាំ​ឱ្យ​ខូច​សុខភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍​សិក្សាថ្មីៗ​ របស់​អ្នក​ស្រាវជ្រាវ​អង់គ្លេស​ ទើប​បង្ហាញ​ ជា​លើក​ទី​មួយ ថា​សំរាន្ត​មិន​គ្រប់គ្រាន់​​ ពោល​គឺ​តិច​ជាង​៦​ម៉ោង​ក្នុង​មួយ​យប់​ ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព ដល់​សរីរាង្គ​កាយ ដល់​​ហ្សែន​ជាង​៧០០​ប្រភេទ។ ប៉ុន្តែ​ក្នុង​សម័យ​បច្ចុប្បន្ន មនុស្ស​​យើង​មាន​និន្នាការ​ទទួល​ទាន​ដំណេក​តិច​ជាង​មុន។ នៅ​ប្រទេស​បារាំង ៣០%​គេង​សំរាន្ត​តិច​ជាង​៦​ម៉ោង។ ហេតុ​អ្វី​បាន​ជា​អ្នកស្រាវជ្រាវ ចាប់​អារម្មណ៍​ និង​ព្រួយ​បារម្ភ​ខ្លះ​អំពី​កង្វះ​ដំណេក​របស់​បណ្តា​ជន​ទូទៅ ?

មនុស្ស​ពេញ​វ័យ​​ត្រូវ​ការ​គេងសំរាក​​​ ជាមធ្យម​ ៧​ម៉ោង​ក្នុង​មួយ​យប់
មនុស្ស​ពេញ​វ័យ​​ត្រូវ​ការ​គេងសំរាក​​​ ជាមធ្យម​ ៧​ម៉ោង​ក្នុង​មួយ​យប់ (Photo : AFP)
ផ្សាយពាណិជ្ជកម្ម

ការ​សិក្សា​ជា​ច្រើន​បាន​ពន្យល់​បំភ្លឺ​ថា ទទួល​ទាន​ដំណេក​ខ្លី​ពេក ផ្តល់​ផល​អាក្រក់​ខ្លាំង​ណាស់​ដល់​សុខភាព ៖ បង្កើន​គ្រោះ​កើតជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង ធាត់​ជ្រុល​ចុក​ខ្លាញ់ ប្រព័ន្ធ​ការ​ពារ​ខ្លួន​ចុះ​ខ្សោយ ការ​ចងចាំ​ និង​ភាព​ប្រុង​ប្រយ័ត្ន​ធ្លាក់​ចុះ​ ​កើត​រោគ​ព្រួយ​ និង​​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ។ល។ និង​។ល។ ដោយ​មិន​​ភ្លេច​ឡើយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ងាយ​កើត​ឡើង​បាន​ពេល​អ្នក​បើកបរ​នឿយហត់​ អត់​ងងុយ គេង​មិន​ឆ្អែត។

 
ការសិក្សា​ដែល​អ្នកស្រាវជ្រាវ​ជនជាតិ​អង់គ្លេស ទើប​នឹងចេញ​ផ្សាយ​ ជា​សាធារណៈ កាលពី​ពីរ​​សប្តាហ៍​មុននេះ ក្នុង​ ទស្សនាវដ្តី Proceedings of the National Academy of Sciences (Pnas) ​បាន​បង្ហាញ​ជា​លើក​ទី​មួយ ថា ទទួល​ទាន​ដំណេក​ តិច​ជាង​៦​ម៉ោង​ក្នុង​មួយ​យប់ ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរ​ការ​របស់​ហ្សែន ដល់​ទៅ​ជាង​៧០០​ហ្សែន​ឯណោះ។ រយៈ​ពេល​ដែល​ល្អ​បំផុត​​សំរាប់​មនុស្ស​ម្នាក់ គឺ​ត្រូវ​ការ​គេង ជា​មធ្យម​ ៧​​ ម៉ោង​ ក្នុង​មួយ​យប់។ ​ការ​បន្ថយ​ពេល​គេង​តែ​មួយ​ឬ​ពីរ​ម៉ោង ​គ្រប់​គ្រាន់​ល្មម​នឹង​រំខាន​ការងារ​របស់​ហ្សែន​ហើយ។

លទ្ធផល​នៃ​ការ​អង្កេត​នេះ បាន​ផ្តល់​ភស្តុតាង​ជាក់ស្តែង ​ពី​ការ​សិក្សា​លើ​ក្រុម​មនុស្ស​ប្រុស១៤​នាក់ និង​ស្ត្រី​​១២ អាយុ​មធ្យម​ ២៧​ឆ្នាំ រយៈ​ពេល​ពីរ​សប្តាហ៍​នៅ​ក្នុង​មជ្ឈមណ្ឌល​ស្រាវជ្រាវ។ អាទិត្យ​ទី​មួយ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ អាច​គេង​ដោយ​សេរី ពោល​គឺ​ប្រមាណ​ជា​មធ្យម​៨​ម៉ោង​កន្លះ ហើយ​នៅ​អាទិត្យ​ទីពីរ ពួក​គេ​អាច​សំរាក​បាន​ត្រឹម​តែ​ ៦​ម៉ោង ឬ​ជាមធ្យម​៥​ម៉ោង​និង​៤២​នាទី។ ការ​សាក​ល្បងពិសោធន៍​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ទទួល​ដំណេក​តិច​ជាង​៦ម៉ោង​ក្នុង​មួយ​យប់​គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ប្រមូល​កម្លាំង​ឡើង​វិញ​ទេ ហើយ​នៅ​ពេល​យក​ឈាម​មក​ពិនិត្យ​ ហ្សែន​ជាង​៧០០​មាន​សកម្មភាព ខ្លះ​កើន​ឡើង​និង​ខ្លះ​ធ្លាក់​ចុះ​។

“​ហ្សែន​ទាំង​ជាង​៧០០ ភាគ​ច្រើន មាន​តួនាទី​ជា​អ្នក​រៀប​ចំ​ចាត់​ចែង​ដំណើរ​ការ​ប្តូរ​ប្រែ​ទម្រង់​អាហារ​ក្នុង​ខ្លួន​មនុស្ស​ (Métabolisme) ឱ្យ​បាន​ទៀង​ទាត់ កុំ​ឱ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម ក្រពេញ​Thyroide​ ជំងឺ​ធាត់​ចុក​ខ្លាញ់។ ម្យ៉ាង​ទៀត ហ្សែន​ទាំង​នោះ​ក៏ជា​ចំណែក​មួយ​នៃ​ដំណើរ​ការ​រាល​រលាក ដែល​ជា​ភ្នាក់ងារ​​បង្កគ្រោះ​កើត​​​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។”

ការ​សិក្សាថ្មីៗមួយ​​ទៀត​ក៏​បាន​បង្ហាញ​ផងដែរ ​ស្ត្រី​គេង​តិច​ពេល​យប់​ (ដោយ​ហេតុ​ការងារ​ ជា​ដើម​) ងាយរង​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់។ ​គ្រោះ​ថ្នាក់​ប្រភេទ​នេះ​ងាយ​កើត​ឡើង​ ចំពោះ​ស្ត្រី​ធ្វើ​ការ​ពេល​យប់ (គ្រូពេទ្យ គិលានុបដ្ឋាយិកា អ្នក​បំរើ​តាម​យន្តហោះ ។ល។និង។ល។  សំរាន្តមិន​គ្រប់គ្រាន់​ មាន​ទំនាក់ទំនង​ជា​យ៉ាង​ជិត​ដិត ទៅ​នឹង​គ្រោះ​កើត​ជំងឺ​មហារីក។ ការងារ​ពេល​យប់ ឬ​ការងារ​ខុស​ម៉ោង​ខុស​ពេល​មិន​ទៀង​ទាត់ ដល់​យប់​ជ្រុល ឬ​ព្រហាម​ពេក អាច​បង្កើន​គ្រោះ​កើត​ជំងឺ​មហារីក​សុដន់​ដល់​ទៅ ៥០%។


ចំណែក​ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ នៅ​សាកលវិទ្យាល័យ​ Coloralo សហរដ្ឋអាមេរិក បាន​រក​ឃើញ​ថា​ ការ​​គេង​តិច​ បង្កើន​​គ្រោះកើត​ជំងឺ​ធាត់​​ចុក​ខ្លាញ់។ ​​គេង​តិច​ មាន​អារម្មណ៍​ចង់​ញ៉ាំ​ឥត​ឈប់ ញ៉ាំ​ច្រើន​លើស​​ពី​តម្រូវការ​របស់ស​រីរាង្គ​កាយ​ឆ្ងាយ​ណាស់​។ ហើយ​​ចំណី​អាហារ​បរិភោគ​នោះ​ទៀត​សោត ជា​អាហារ​មាន​សារធាតុ​ផ្អែម​។ ពួក​គេ​មាន​និន្នាការ​​ ឬ​ចំណង់​ងាក​ទៅ​រក​តែបង្អែម ឬ​គ្រឿង​ផ្អែម​។ អ្នកស្រាវជ្រាវ​សម័យ​ក្រោយ​ទំនងជា​នឹង​អាច​សិក្សា​បញ្ចាស​វិញ ថា​ប្រសិន​មនុស្ស​ម្នាក់​គេង​បាន​ មាន​ដំណេក​ត្រឹម​ត្រូវ​អាច​ធ្លាក់​ចុះ​ស្គម​ដែរ​ទេ?!


ជា​ទូទៅ​ បើ​តាម​ការ​ស្ទង់​មតិ នៅ​ប្រទេស​បារាំង​ កត្តា​ដែល​នាំ​ឱ្យ​រំខាន​ខ្លាំង​ជាង​គេ​ដល់​ដំណេក គឺ​ សំឡេង​ បន្ទាប់​មក​គឺ​ពន្លឺ ដែល​គេ​​នៅ​មិន​ទាន់​ពន្យល់​បាន​​ច្បាស់​នៅ​ឡើយ​ទេ ឯ​​ទី​បី ជា​កត្តាដែល​ពិបាក​ដោះស្រាយ នោះ​គឺ​កត្តា​​អាកាសធាតុ។

ការ​គោរព​បរិស្ថាន​ក្នុង​ការរស់​នៅ ជា​មធ្យោបាយ​ល្អ​បំផុត​នាំ​ដល់​ការ​គេង​គ្រប់គ្រាន់។ ចៀស​វាង​ការ​ប្រើ​ថ្នាំ​គេង​ ដោយ​​ងាក​មក​ចាប់​យក​ទម្លាប់​អនុគ្រោះ​គ្នា ប្រុង​ប្រយ័ត្ន​ រក្សា​បរិស្ថាន​រស់​នៅ​ក្នុង​សង្គម​ ក្នុង​ភូមិ ក្នុង​អាគារ ក្នុង​ផ្ទះ ដោយ​កុំ​ធ្វើ​លាន់សំឡេង​រំខាន​ពេល​យប់ ដើម្បី​ការ​សម្រួល​ដល់​ដំណេក​អ្នក​ដទៃ អ្នក​នៅ​ជុំ​វិញ​ខ្លួន និង​សម្រាប់ខ្លួន​ឯង។ មួយ​ម៉ោង​មុន​ចូល​សំរាន្ត​ ត្រូវ​ឈប់​នៅមុខ​អេក្រង់ទូរទស្សន៍​ ឬ​កុំព្យូទ័រ និង ឈប់​បញ្ចេញ​សកម្មភាព។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ